យុគសម័យ - នាថ្ងៃទី ៣ ខែសីហាឆ្នាំ ២០២០ គេហទំព័រ moderndiplomacy.eu បានចុះផ្សាយអត្ថបទមួយដែលឱ្យដឹងថា ការនាំចេញទំនិញរបស់សហគមន៍អឺរ៉ុបទៅកាន់វៀតណាមត្រូវបានបង់ពន្ធទាបចាប់តាំងពីថ្ងៃទី ១ ខែសីហា។
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការអឺរ៉ុប
នេះគឺជាផលប៉ះពាល់ភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប - វៀតណាម (EVFTA) ចូលជាធរមានជាផ្លូវការ ហើយនៅទីបំផុតនឹងលុបចោលពន្ធគយលើ ៩៩% នៃទំនិញទាំងអស់ដែលត្រូវបានជួញដូររវាងភាគីទាំងពីរ។
អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអឺរ៉ុបបានដកស្រង់អត្ថបទដែលឱ្យដឹងថា សកម្មភាពអជីវកម្មនៅវៀតណាមក៏នឹងមានភាពងាយស្រួលសម្រាប់ក្រុមហ៊ុនអឺរ៉ុប។ ឥឡូវនេះ សហគ្រាសអឺរ៉ុបអាចវិនិយោគនិងដេញថ្លៃលើកិច្ចសន្យាវិនិយោគសាធារណៈដែលមានឱកាសស្មើគ្នាសម្រាប់គូប្រជែងក្នុងស្រុក។ ទន្ទឹមនឹងនេះ អត្ថប្រយោជន៍សេដ្ឋកិច្ចនឹងត្រូវបានរួមជាមួយសិទ្ធិការងារ ការការពារបរិស្ថាននិងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសតាមរយៈបទប្បញ្ញត្តិយ៉ាងរឹងមាំ ស្របតាមច្បាប់និងឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយផ្អែកលើ EVFTA។
ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចអឺរ៉ុបត្រូវការរាល់ឱកាសដើម្បីស្ដារកម្លាំងឡើងវិញបន្ទាប់ពីការវិបត្តិដែលបង្កឡើងដោយជំងឺរាតត្បាត COVID-19។ យោងតាមលោកស្រីថា បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដូចដែលកិច្ចព្រមព្រៀងទើបតែចូលជាធរមានជាមួយវៀតណាម នឹងបង្កើតឱកាសសម្រាប់ក្រុមហ៊ុនអឺរ៉ុបក្នុងការចូលទៅកាន់ទីផ្សារដែលកំពុងរីកចម្រើននិងបង្កើតការងារសម្រាប់ប្រជាជនអឺរ៉ុប។ លោកស្រី von der Leyen ក៏បានជឿជាក់យ៉ាងមុតមាំថា “កិច្ចព្រមព្រៀងនេះនឹងក្លាយជាឱកាសសម្រាប់ប្រជាជនវៀតណាមដើម្បីកសាងសេដ្ឋកិច្ចវិបុលភាពបន្ថែមទៀត”។
ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបលោក Phil Hogan បានអត្ថាធិប្បាយថា៖ ឥឡូវនេះ វៀតណាមគឺជាផ្នែកមួយនៃ “ក្លឹប” ដែលមានប្រទេសចំនួន ៧៧ ដែលធ្វើពាណិជ្ជកម្មជាមួយ EU ក្រោមលក្ខខណ្ឌអនុគ្រោះទ្វេភាគី។ EVFTA បានជួយបង្កើនតំណភ្ជាប់សេដ្ឋកិច្ចរបស់សហគមន៍អឺរ៉ុបជាមួយតំបន់ថាមវន្តនៅអាស៊ីអាគ្នេយ៍និងមានសក្ដានុពលសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងការចូលរួមចំណែកក្នុងការស្តារឡើងវិញបន្ទាប់ពីវិបត្ដិ COVID-19។ មិនត្រឹមតែប៉ុណ្ណឹងទេ កិច្ចព្រមព្រៀងនេះក៏បង្ហាញផងដែរថា តើគោលនយោបាយពាណិជ្ជកម្មអាចល្អយ៉ាងណា។ យោងតាមលោកថា វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកែលម្អកំណត់ត្រាសិទ្ធិការងារ ដោយសារការចរចាពាណិជ្ជកម្មរវាងភាគីទាំងពីរ៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baoangiang.com.vn)

មតិពីមិត្តអ្នកអាន