ធនាគារពិភពលោក អនុម័តកញ្ចប់លុយ១២ពាន់លានដុល្លារឲ្យប្រទេសកំពុងអភិវឌ្ឍទិញវ៉ាក់សាំង

14:26 | 15/10/2020

ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោក (WB) កាលពីថ្ងៃទី១៣ ខែតុលា បានអនុម័តកញ្ចប់ថវិកា១២ពាន់លានដុល្លារ ដើម្បីទិញ និងចែកចាយវ៉ាក់សាំង COVID-19 ឲ្យប្រទេសកំពុងអភិវឌ្ឍ។ កញ្ចប់ថវិកាទាំងនេះ ក៏រួមបញ្ចូលការទិញឧបករណ៍ធ្វើតេស្ត និងការព្យាបាលអ្នកផ្ទុកជំងឺ COVID-19 ដែរ។

រូបតំណាងវ៉ាក់សាំងជំងឺ COVID-19 ។ (រូបថត៖ Reuters)

ថវិកា​ដែល​ទើបនឹង​អនុម័ត​១២​ពាន់​លាន​ដុល្លារ ជា​ផ្នែក​មួយ​នៃ​ថវិកា​១៦០​ពាន់​លាន​ដុល្លារ​របស់​ធនាគារពិភពលោក​ផ្តល់​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19 រហូតដល់​ខែមិថុនា ឆ្នាំ​២០២១​។ ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​១៣ ខែតុលា WB បាន​លើកឡើងថា កម្មវិធី​ហិរញ្ញវត្ថុ​នេះ​រួមមាន​ការគាំទ្រ​បច្ចេកទេស​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​រៀប​ចំការ​ចែកចាយ​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ហើយ​វា​ក៏​ការផ្ដល់​សញ្ញា​ទៅកាន់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​។​

«​កញ្ចប់​ថវិកា​នេះ ជា​សញ្ញា​ប្រាប់​ទៅ​អ្នកស្រាវជ្រាវ និង​ឧស្សាហ​ម្ម​ឱសថ​ថា ប្រជាជន​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ ក៏​ត្រូវការ​វ៉ាក់សាំង​ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់ WB ។ ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​ពិភពលោក​មួយ​នេះ​បន្ថែមថា ទឹកប្រាក់​១២​ពាន់​លាន​ដុល្លារ​នេះ នឹង​ផ្តល់​ជាការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​អាច​រៀបចំខ្លួន​ក្នុងការ​ចែកចាយ​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ដោយមាន​ការសម្របសម្រួល​ជាមួយ​ដៃគូ​អន្តរជាតិ​។​

​លោក David Malpass នាយក WB លើកឡើងថា ការទទួលបាន​វ៉ាក់សាំង ក៏ដូចជា​ពង្រឹង​ការផ្តល់​វ៉ាក់សាំង​ជា​គន្លឹះ​ក្នុងការ​កែប្រែ​ស្ថានភាព​នៃ​ជំងឺឆ្លង និង​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ឲ្យ​មាន​សមត្ថភាព​ស្តា​សេដ្ឋកិច្ច និង​សារពើពន្ធ​ឡើងវិញ​។ បើទោះបីជា​វ៉ាក់សាំង COVID-19 ពុំទាន់​មាន​វត្តមាន​ក្នុង​ទីផ្សារ តែ​លោក Malpass និយាយ​ក្នុង​បទ​សម្ភាស​ជាមួយ​កាសែត​បារាំង Le Figaro ថា ការរៀបចំ​ថវិកា ជា​រឿង​ចាំបាច់​ណាស់ ដោយសារតែ​ការចែក​ចាយ​វ៉ាក់សាំង​មាន​ភាពស្មុគស្មាញ​។​

​ក្រៅពី​ផ្នែក​វ៉ាក់សាំង ធនាគារពិភពលោក​អះអាងថា ថវិកា​នេះ​ក៏​នឹង​ជួយ​ផងដែរ​ដល់​ការធ្វើ​តេស្ត COVID-19 និង​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ការផ្តល់​វ៉ាក់សាំង​ដោយមាន​ប្រសិទ្ធភាព​។ បើតាម​ធនាគារ​មួយ​នេះ កញ្ចប់​ថវិកា​ខាងលើ គ្រោង​គ្រប់​ដណ្ដប់​លើ​ប្រជាជន​មួយ​ពាន់​លាន​នាក់​។​

​ធនាគារពិភពលោក អះអាងថា ខ្លួន​អាចជួយ​ក្នុង​រឿង​វ៉ាក់សាំង​នេះ ដោយសារ​មាន​បទពិសោធ​ក្នុងការ​គាំទ្រ​កម្មវិធី​បង្កើត​ភាពស៊ាំ​តាមរយៈ​ការផ្តល់​វ៉ាក់សាំង​សម្រាប់​ជំងឺ​ដែល​អាច​បង្ការ​បាន​នាពេល​កន្លងមក ក៏ដូចជា​ការចូលរួម​ក្នុង​កម្មវិធី​សុខាភិបាល​សាធារណៈ​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​ដូចជា​អេដស៍ របេង គ្រុនចាញ់ និង​ជំងឺ​ក្នុង​តំបន់​ត្រូ​ពិ​ក​ជាដើម​។​ ​ក្រៅតែពី​ថវិកា​របស់​ធនាគារពិភពលោក អង្គការសហប្រជាជាតិ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក ក៏​បង្កើត​កម្មវិធី COVAX សម្រាប់​ផ្តល់​វ៉ាក់សាំង​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ផងដែរ​./.

(ប្រភពព័ត៌មាន: thmey thmey,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត