នារសៀលថ្ងៃទី៦ ខែធ្នូ នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) លោក To Lam អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម បានទទួលជួបអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញអន្តរជាតិដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមពិធីប្រគល់ពានរង្វាន់ VinFuture ឆ្នាំ២០២៤។
លោកអគ្គលេខាបក្ស To Lam ទទួលជួបអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញអន្តរជាតិដែលចូលរួមពិធីប្រគល់ពានរង្វាន់ VinFuture ឆ្នាំ២០២៤ |
នៅក្នុងជំនួប លោកអគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ថា វៀតណាមបានកំណត់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាគោលនយោបាយជាតិឈានមុខគេ និងជារបកគំហើញយុទ្ធសាស្ត្រ និងជាកម្លាំងចលករសំខាន់ដើម្បីជំរុញផលិតភាព គុណភាព និងប្រសិទ្ធភាព និងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកអគ្គលេខាបក្ស To Lam បានស្នើឱ្យអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញអន្តរជាតិបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងសកម្ម ដើម្បីជួយវៀតណាមលើវិស័យអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាថ្មី និងការជ្រើសរើសទិសដៅវិនិយោគសមស្របក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីបម្រើដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor និងបញ្ញាសិប្បនិមិត្ត; ជំរុញការបង្កើត និងអភិវឌ្ឍន៍មជ្ឈមណ្ឌលនវានុវត្តន៍ និងតភ្ជាប់វៀតណាមជាមួយសាជីវកម្មបច្ចេកវិទ្យាឈានមុខគេ និងទីផ្សារអន្តរជាតិ។
អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ ទិសដៅដ៏ធំធេង និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអភិវឌ្ឍ និងប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងវាយតំលៃខ្ពស់ចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសាជីវកម្មបច្ចេកវិទ្យាធំៗ និងសហគមន៍ធុរកិច្ចវៀតណាមក្នុងវិស័យស្រាវជ្រាវ និងអនុវត្តបច្ចេកវិទ្យាថ្មី។ អ្នកវិទ្យាសាស្ត្រក៏បានលើកឡើងនូវគំនិត និងសំណើលើបញ្ហានៃការកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត (AI) ការធ្វើបរិវត្តកម្មថាមពល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការបណ្តុះបណ្តាលធនធានមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម គមនាគមន៍ ... ដើម្បីជំរុញវៀតណាមជាចំណុចភ្លឺ ក្នុងវិស័យបច្ចេកវិទ្យាថ្មីក្នុងតំបន់ និងនៅលើពិភពលោក។
លោកអគ្គលេខាបក្ស To Lam ទទួលជួបលោក Jensen Huang ប្រធានសាជីវកម្ម NVIDIA |
នាថ្ងៃដដែល នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស To Lam បានទទួលជួបលោក Jensen Huang ប្រធានសាជីវកម្ម NVIDIA ក្នុងឱកាសលោកបំពេញទស្សនកិច្ចការងារលើកទី២ នៅវៀតណាម។
លោកអគ្គលេខាបក្ស To Lam បានអបអរសាទរចំពោះលោកប្រធាន Jensen Huang ក្នុងឱកាសដែលលោកទទួលបានការផ្តល់កិត្តិយស និងពានរង្វាន់ VinFuture សម្រាប់ការរួមចំណែករបស់លោកក្នុងបុព្វហេតុបម្រើមនុស្សជាតិ និងដើម្បីពិភពលោកដ៏ល្អប្រសើរ។
លោកអគ្គលេខាបក្ស To Lam បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់លោកប្រធាន Jensen Huang និងក្រុមការងារ NVIDIA នាពេលថ្មីៗនេះ ដែលបានសម្របសម្រួលយ៉ាងសកម្មជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងសម្រេចឲ្យបាននូវការសន្យាថា “ប្រែក្លាយវៀតណាមទៅជាផ្ទះទីពីររបស់ NVIDIA” តាមរយៈការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ AI និងមជ្ឈមណ្ឌលទិន្នន័យ AI នៅវៀតណាម។ លោកអគ្គលេខាបក្ស To Lam មានបំណងចង់ឲ្យសាជីវកម្ម NVIDIA បន្តរួមដំណើរជាមួយវៀតណាម ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី AI លើកកំពស់ភាពខ្លួនទីពឹងខ្លួនផ្នែកបច្ចេកវិទ្យា។ លោកអគ្គលេខាបក្ស To Lam បានអះអាងថា បក្សនិងរដ្ឋវៀតណាមចាត់ទុកសាជីវកម្ម NVIDIA ជាដៃគូយុទ្ធសាស្ត្រឈានមុខគេក្នុងវិស័យ semiconductors និង AI ហើយសន្យាបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ លោកអគ្គលេខាបក្ស To Lam ជឿជាក់ថាជាមួយការគាំទ្ររបស់ NVIDIA វៀតណាមនឹងក្លាយជាចំណុចភ្លឺថ្មីនៅក្នុងឧស្សាហកម្ម semiconductor, AI និងនវានុវត្តន៍នៅក្នុងតំបន់ និងនៅលើពិភពលោក ទន្ទឹមនឹងនោះរួមចំណែកដល់ការអភិវឌ្ឍរួមនៃសេដ្ឋកិច្ចពិភពលោក និងអរិយធម៌របស់មនុស្សជាតិ។
ថ្លែងនៅក្នុងជំនួប លោក Jensen Huang ប្រធានសាជីវកម្ម NVIDIA បានចែករំលែក និងយល់ព្រមជាមួយមតិរបស់លោកអគ្គលេខាបក្ស To Lam អំពីពេលវេលាផ្លាស់ប្តូរដ៏សំខាន់របស់ពិភពលោកដែលកំពុងប្រព្រឹត្តទៅ និងចក្ខុវិស័យអនាគតរបស់វៀតណាម។ អំពីសក្ដានុពលនៃការអភិវឌ្ឍ AI របស់វៀតណាម លោក Jensen Huang បានវាយតម្លៃថា គុណសម្បត្តិប្រកួតប្រជែង ជាពិសេសគុណភាពធនធានមនុស្ស និងសក្ដានុពលសម្រាប់ការអភិវឌ្ឍ និងការអនុវត្តយ៉ាងទូលំទូលាយនៃបច្ចេកវិទ្យាថ្មីៗរបស់វៀតណាម នឹងជាកម្លាំងចលករដ៏សំខាន់សម្រាប់ទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងកាន់តែបើកទូលំទូលាយរវាងសាជីវកម្ម NVIDIA និងវៀតណាម ព្រមទាំងសម្តែងនូវការត្រៀមជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងបណ្តុះបណ្តាល គាំទ្រសហគមន៍ចាប់ផ្តើមអាជីវកម្ម AI របស់វៀតណាម និងរួមដំណើរជាមួយវៀតណាមឆ្ពោះទៅគោលដៅអភិវឌ្ឍន៍៕
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅអង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) បានទទួលជួបលោក កែវ ឈា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព និងជាតំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បន្ទាប់ពីលោក កែវ ឈា ជូនសារតាំងដល់ លោក Antonio Guterres អគ្គលេខាធិការ ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មនៅទីក្រុងញូវយ៉ក។ |
សមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តរណសិរ្សលេខ ៤៧៩ នៅទីក្រុងហាណូយ បានរៀបចំជំនួបសំណេះសំណាលក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប នាព្រឹកថ្ងៃទី ៧ ខែធ្នូ នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តរណសិរ្សលេខ ៤៧៩ នៅទីក្រុងហាណូយ បានរៀបចំជំនួបសំណេះសំណាលក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤) និងខួបលើកទី ... |
មតិពីមិត្តអ្នកអាន