អង្គការសហប្រជាជាតិប្រចាំកម្ពុជា ចង់រួមចំណែកជួយក្រុងព្រះសីហនុ ប្រែក្លាយជាទីក្រុងឆ្លាតវៃ មាននិរន្តរភាព និងប្រកបដោយបរិយាប័ន្ន។ នេះបើតាមប្រសាសន៍លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ក្នុងជំនួបជាមួយនឹងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុកាលពីសប្ដាហ៍មុន។
លោក គួច ចំរើន និងក្រុមមន្ត្រីខេត្តក្នុងជំនួបជាមួយមន្ត្រី UN។ (ប្រភព៖ postkhmer)
លោកស្រីបានបន្ថែមថា អង្គការសហប្រជាជាតិ ចង់ចូលរួមចំណែកសហការជួយរដ្ឋបាលខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងឆ្លាតវៃ ។ យើងមានវិធីច្រើនដើម្បីសម្រេចទីក្រុងមួយឆ្លាតវៃប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ។ សម្រាប់អង្គការសហប្រជាជាតិយល់ឃើញវិធីមួយទៀត គឺការអភិវឌ្ឍឈានទៅទីក្រុងឆ្លាតវៃ គឺជាការចូលរួមស្ដាប់មតិយោបល់របស់ប្រជាពលរដ្ឋ ទី១. ផ្តោតលើអ្នកនិយោគទុន ដែលមានទស្សនយល់ឃើញចង់ឱ្យទីក្រុងយើងល្អ ២. លក្ខណបរិយាប័ន្ន ការអភិវឌ្ឍទីក្រុងរបស់យើងមិនសម្រាប់បុគ្គលមួយចំនួនទេ គឺសម្រាប់ទាំងអស់គ្នា ៣.ការគាំទ្រដល់រដ្ឋអំណាចមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាឆ្លើយតបទៅ នឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
លោកស្រីឱ្យដឹងទៀតថា អង្គការសហប្រជាជាតិ នៅរយៈពេល៥ឆ្នាំខាងមុខ នឹងរៀបចំកិច្ចការចំនួន ៥ផ្នែក ហើយការងារស្នូល គឺការងារគ្រប់គ្រងនគរូបនីយកម្ម ការគ្រប់គ្រងធ្វើផែនការឱ្យបានហ្មត់ចត់ សម្រាប់គ្រប់គ្រងការអភិវឌ្ឍទីក្រុង គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍទីក្រុង ដោយយកចិត្តទុកដាក់លើប្រជាពលរដ្ឋរស់នៅទីក្រុង គឺជាយន្តការមួយមាននិរន្តរភាព និងធ្វើឱ្យទីក្រុងទទួលបានផលស្មើៗគ្នា ប្រកបដោយសមធម៌សម្រាប់ប្រជាពលរដ្ឋ។ តាមបទពិសោធន៍ប្រទេសលើសកលលោកមាន GDP ៨០ភាគរយ ទទួលបានពីការអភិវឌ្ឍក្នុងទីក្រុង ដោយឡែកសម្រាប់កម្ពុជា GDP ៥០ភាគរយ ចេញពីការអភិវឌ្ឍក្នុងទីក្រុង ។
ការអភិវឌ្ឍនៅខេត្តព្រះសីហនុ បានបង្ហាញពីសក្តានុពលចំបង រួមចំណែកការអភិវឌ្ឍប្រទេសជាតិទាំងមូលផងដែរ ហើយការអភិវឌ្ឍ ក្នុងខេត្តព្រះសីហនុ ក៍មានបញ្ហាប្រឈមមួយចំនួន ដោយសារកត្តាអភិវឌ្ឍមានល្បឿនលឿនពេក ការគ្រប់គ្រងមិនបានហហ្មត់ចត់នោះ អាចនាំឱ្យប្រជាពលរដ្ឋនៃចំណែកណាមួយមិនបានទទួលផលតាមទាន់គេ។ យើងបានដឹងថា ទីក្រុងឆ្លាតវៃ ជាគោលដៅមួយ ដែលយើងចង់អភិវឌ្ឍុ ហើយក្រុងព្រះសីហនុ នៃ ខេត្តព្រះសីហនុ ជាទិសដៅមួយក្នុងការអភិវឌ្ឍជាទីក្រុងឆ្លាតវៃ។លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា ក្រុមការងារបច្ចេកទេសខេត្តព្រះសីហនុនឹងជួបគ្នាជាមួយក្រុមការងារបច្ចេកទេសរបស់អង្គការសហប្រជាជាតិជាថ្មីទៀតដើម្បីពិភាក្សាគ្នាបន្ថែមថាតើការអភិវឌ្ឍទីក្រុងវៃឆ្លាត (Smart City) ត្រូវរៀបចំអ្វីខ្លះ និងធ្វើអ្វីខ្លះ?
លោកបន្តថា ជាដំបូងនេះគឺលោកចង់ឱ្យខាង UN ជួយអភិវឌ្ឍសមត្ថភាពមន្ត្រីនៅខេត្តព្រះសីហនុជាមុនសិន ខណៈលោកមិនទាន់អាចបញ្ជាក់អំពីគម្រោងច្បាស់លាស់ប្រែក្លាយទីក្រុងព្រះសីហនុទៅជាទីក្រុងវៃឆ្លាតនៅឡើយទេ។
លោកថា៖ «ខ្ញុំមិនទាន់យល់ (អំពីទីក្រុងវៃឆ្លាត)។ បានសុំឱ្យគេ (UN) មកជួយ។ យើងទើបជួបជជែកគ្នា (កាលពីថ្ងៃទី ២៩ វិច្ឆិកា) ហើយក្រុមការងារមិនទាន់បានជួបគ្នាបន្តផង។ ថ្ងៃក្រោយ គាត់ (UN) ក៏មានក្រុមការងារបច្ចេកទេសគាត់និងក្រុមការងារបច្ចេកទេសខ្ញុំ ដើម្បីជួបពិភាក្សាគ្នាបន្តថាតើទីក្រុងវៃឆ្លាតមានស្អីខ្លះ ត្រូវធ្វើអីខ្លះ និងរៀបចំអីខ្លះ។ ឥឡូវយើងចេះតែហៅទីក្រុងវៃឆ្លាត ប៉ុន្តែស្អីទៅជាទីក្រុងវៃឆ្លាត»។
លោក គួច ចំរើន បន្ថែមថា ការជួបពិភាក្សាគ្នាអំពីគម្រោងប្រែក្លាយទីក្រុងព្រះសីហនុជាទីក្រុងវៃឆ្លាតរវាងលោក និងលោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជាកាលពីថ្ងៃទី ២៩ វិច្ឆិកា គឺជាជំនួបដំបូងរវាងភាគីទាំង ២។
នៅក្នុងជំនួបនោះលោក គួច ចំរើន បានគាំទ្រអង្គការសហប្រជាជាតិដែលចង់សហការអភិវឌ្ឍក្រុងព្រះសីហនុ ជាទីក្រុងវៃឆ្លាត ប៉ុន្តែលោកចង់ឱ្យខាង UN រៀបចំឯកសារធ្វើបទបង្ហាញទីក្រុងឆ្លាតវៃ និងបន្តធ្វើការងារជាមួយមន្ត្រីរបស់ខេត្ត ជាពិសេសជួយបណ្ដុះបណ្ដាលបច្ចេកវិទ្យា ក៏ដូចជាការផ្ដល់ឧបករណ៍ សម្ភារក្នុងការចូលរួមអភិវឌ្ឍក្រុងព្រះសីហនុជាទីក្រុងវៃឆ្លាត។
កាលពីដើមខែវិច្ឆិកាលោក គួច ចំរើន នៅពេលជួបពិភាក្សាជាមួយលោក Michael Newbill មន្ត្រីស្ថានទូតអាមេរិកក៏បានលើកឡើងអំពីផែនការ ដើម្បីធ្វើការអភិវឌ្ឍក្រុងព្រះសីហនុឱ្យក្លាយទៅជាទីក្រុងវៃឆ្លាតផងដែរ ហើយនៅពេលនោះលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានលើកឡើងថា ទីក្រុងវៃឆ្លាតគឺផ្តោតលើរាល់ការគ្រប់គ្រងទីក្រុងទាំងអស់គឺត្រូវប្រើដោយប្រព័ន្ធបច្ចេកវិទ្យា ដូចជាការគ្រប់គ្រងសន្ដិសុខ សុវត្ថិភាព និងទេសចរណ៍ជាដើម៕
(សរុបដោយវិច្ឆិកា)
មតិពីមិត្តអ្នកអាន