Trending now

សំលៀកបំពាក់ស្ត្រី Pa Di៖ ការលាយបញ្ចូលគ្នារវាងសិល្បៈ និងទស្សនវិជ្ជានៃជីវិត

16:00 | 22/08/2024 យោងតាមវិទ្យុសំលេងវៀតណាម

ជនជាតិ Pa Di គឺជាសហគមន៍ជនជាតិដែលមានចំនួនប្រជាជនតិចតួចបំផុតនៅក្នុងប្រទេសវៀតណាម។ ពួកគេរស់នៅភាគច្រើននៅក្នុងស្រុក Muong Khuong ខេត្ត Lao Cai។ ជនជាតិ Pa Di យកការផលិតកសិកម្ម និងព្រៃឈើជាមុខរបរចម្បងជាមួយនឹងដំណាំដាំដុះដូចជា៖ ផ្លែព្រូន (plum) ផ្លែសារី (pear) ក្រវាញ តែ សណ្ដែកសៀង ពោត ស្រូវ...។ សេដ្ឋកិច្ចកសិកម្ម និងព្រៃឈើ បានក្លាយជាប្រភពបំផុសគំនិតសម្រាប់នារីជនជាតិ Pa Di បង្កើតឡើងសម្លៀកបំពាក់របស់ជនជាតិខ្លួន។

របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម) របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
ពិធីបុណ្យនិទាឃរដូវដ៏ផុសផុលរបស់ជនជាតិ Dao នៅ Sa Pa, Lao Cai ពិធីបុណ្យនិទាឃរដូវដ៏ផុសផុលរបស់ជនជាតិ Dao នៅ Sa Pa, Lao Cai
សំលៀកបំពាក់ស្ត្រី Pa Di៖ ការលាយបញ្ចូលគ្នារវាងសិល្បៈ និងទស្សនវិជ្ជានៃជីវិត
រដូវដាំដុះលេចឡើងនៅលើសំលៀកបំពាក់របស់ជនជាតិ Pa Di (ជនជាតិភាគតិចវៀតណាម)

សម្លៀកបំពាក់របស់នារីជនជាតិ Pa Di ផលិតពីវត្ថុធាតុដើមធម្មជាតិ ដែលបានជ្រលក់ពណ៌ផ្លះ។ អាវត្រូវកាត់ទាំងសង្ខាងដល់កជើង ហើយឡេវអាវនៅខាងស្តាំ។ លេចធ្លោនៅលើពណ៌ផ្លះនោះ គឺនៅចំកដៃអាវ ឆ្នូតដោយក្រណាត់ពណ៌សលាយជាមួយក្រណាត់ពណ៌ខៀវខ្ចី។ ផ្ទៃទាំងសងខាង អាវ មានឆ្នូតក្រណាត់ពណ៌ស។ ឡេវពណ៌ប្រាក់តូចស្អាតជាប់នឹងគែមខាងមុខរបស់អាវ បានប៉ាក់ក្បូរក្បាច់រូបរាងមើលទៅដូចជា វាលស្រែនិងចំការអញ្ជឹង។ អ្នកស្រី Trang Len Din ជនជាតិ Pa Di នៅភូមិ Sa Pa ៩ ទីរួមស្រុក Muong Khuong ស្រុក Muong Khuong បានឲ្យដឹងថា៖ “កាលពីមុន ជីដូនជីតានាងខ្ញុំធ្លាប់ស្លៀកសម្លៀកបំពាក់ ២ ស្រទាប់។ អាវរបស់ជនជាតិ Pa Di តែងតែប៉ាក់តាមលំនាំស្រទាប់ដូចជាវាលស្រែកាំជណ្តើរអញ្ចឹង។ ជួរឡេវអាវប្រាក់តំណាងឲ្យគ្រាប់ពោត គ្រាប់សណ្ដែកបាយ គ្រាប់សណ្ដែកខៀវ... ដែលជាពូជរុក្ខជាតិនៅស្រុកកំណើតយើង”។

លោក Ly Seo Din អតីតប្រធានគណៈកម្មាធិការចលនាប្រជាជននៃគណៈកម្មាធិការបក្សខេត្ត Lao Cai ដែលបានចំណាយពេលជាច្រើនឆ្នាំរស់នៅ និងធ្វើការជាមួយជនជាតិភាគតិច Pa Di បាននិយាយថា នៅពីក្រោយការតុបតែងប្រកបដោយភាពប៉ិនប្រសប់ និងល្អិតល្អន់ ធ្វើដោយដៃរបស់នារីៗ ក៏ត្រូវបានផ្តាំផ្ញើរនៅក្នុងផ្នត់សម្លៀកបំពាក់ប្រពៃណីរបស់នាងដែរ៖ “សម្លៀកបំពាក់របស់ប្រជាជនជនជាតិ Pa Di មានលក្ខណៈពិសេសណាស់។ ផ្នែកខាងមុខអាវ បានប៉ាក់ក្បូរក្បាច់ដូចជាវាលស្រែកាំជណ្តើរ ហើយរូបគ្រាប់ពោតត្រូវបានរៀបចំយ៉ាងស្រស់ស្អាត។ ក្បូរក្បាច់ទាំងនេះ អាស្រ័យ លើភាពប៉ិនប្រសប់និងភាពឧស្សាហ៍ព្យាយាមរបស់នារីៗ។ អង្កាំធ្វើពីប្រាក់ ដូច្នេះអ្នកដែលមិនមានប្រាក់គ្រប់គ្រាន់ មិនមានអង្កាំគ្រប់គ្រាន់សម្រាប់ប៉ាក់លើអាវទេ។ អ្នកមាននឹងផ្គូផ្គងគ្រាប់ប្រាក់ធំៗជាច្រើនដោយគ្រាប់នីមួយៗ ស្មើរនឹងគ្រាប់ពោត គ្រាប់សណ្តែក ដើម្បីបង្ហាញពីទ្រព្យសម្បត្តិសេដ្ឋកិច្ចរបស់ខ្លួន”។

រស់នៅលើភ្នំ និងព្រៃឈើ ប្រជាជនជនជាតិ Pa Di ស្រឡាញ់ធម្មជាតិ ស្រឡាញ់រុក្ខជាតិ ស្រឡាញ់តម្លៃផ្កា និងកសិផល ហើយគេបានយកក្តីស្រឡាញ់ទាំងនោះ ប៉ាក់ទៅលើក្រណាត់ពណ៌ផ្លះ បង្កើតឡើងភាពទាក់ទាញ។ គ្រាប់ ពោត គ្រាប់សណ្ដែក និងផ្កាល្ពៅ សុទ្ធតែក្លាយជានិមិត្តសញ្ញាក្នុងការរចនា។ រដូវដាំដុះទាំងមូលត្រូវបានលេចចេញលើអាវរបស់ជនជាតិ Pa Di ដែលគួរជាទីចាប់អារម្មណ៍ណាស់។

កអាវរបស់ជនជាតិ Pa Di ក៏ជាស្នាដៃសិល្បៈ។ កអាវត្រូវបានដេរដោយក្រណាត់ពណ៌ខៀវ និងពណ៌ក្រហម។ នារីជនជាតិ Pa Di បានដេរឡេវប្រាក់ពីរជួរយ៉ាងស្អាតជុំវិញគែមក្រណាត់។ ខ្ទាស់នៅកណ្តាលគឺឡេវប្រាក់ដ៏ធំមួយ។ នេះក៏ជានិមិត្តរូបយិន និងយ៉ាង ដ៏ពិសេសរបស់ជនជាតិ Pa Di។ ក្រៅពីក្បូរក្បាច់ប៉ាក់លើខាងមុខអាវ លើករអាវ ខ្សែក្រវាត់ពណ៌បៃតងក៏ជាចំណុចលេចធ្លោដែលឱបចង្កេះស្ដើងផងដែរ។ អំបោះប៉ាក់ក្បូរក្បាច់ ដែលមានលំនាំជាពណ៌ផ្កាឈូក ពណ៌ស្វាយ និងពណ៌ទឹកក្រូចបានលាតត្រដាងដល់ចុងខ្សែក្រវាត់ ហើយមើលពីចម្ងាយរូបនារីជនជាតិ Pa Di គួរជាទីទាក់ទាញណាស់។ អ្នកស្រី Po Chin Din នៅស្រុក Muong Khuong ខេត្ត Lao Cai បានឲ្យដឹងថា៖ “យើងទាំងអស់គ្នាដេរសម្លៀកបំពាក់របស់ខ្លួនដោយផ្ទាល់ ដែលប្រើបច្ចេកទេសបង្រៀនពីឪពុករបស់នាងខ្ញុំ។ ចាប់ពីខោរហូតដល់អាវ សុទ្ធតែត្រូវបានយើងដេរ និងប៉ាក់ដោយខ្លួនឯងដែរ...។ សម្រាប់ពិធីមង្គលការ និងពិធីភ្ជាប់ពាក្យ សម្លៀកបំពាក់ទាំងនេះត្រូវតែមានជាពុំខាន”។

សម្លៀកបំពាក់របស់ស្ត្រី Pa Di និងមួកមានរាងដូចដំបូល
សម្លៀកបំពាក់របស់ស្ត្រី Pa Di និងមួកមានរាងដូចដំបូល

គួរឱ្យចាប់អារម្មណ៍បំផុតគឺមួករាងដំបូលផ្ទះរបស់ស្ត្រី Pa Di។ មួកត្រូវបានធ្វើពីក្រណាត់ត្បាញដោយដៃ។ បន្ទាប់ពីលាបក្រមួនឃ្មុំជាច្រើនដង ដើម្បីបង្កើតភាពរឹងរបស់ក្រណាត់ ផ្នែកខាងលើត្រូវបត់ជាទម្រង់ដំបូល។ កន្ទួយមួកត្រូវបានបត់ទៅខាងក្រោយនៃក ហើយទីបំផុតត្រូវបានភ្ជាប់ទៅនឹងចុងចង្អុលនៃផ្នែកខាងក្រោយរបស់មួក។ បន្ទាប់មក ចុងមួកត្រូវបានភ្ជាប់ជាមួយនឹងក្រណាត់ប៉ាក់ជាមួយនឹងដុំប្រាក់រាងការ៉េ ភ្ជាប់ជាមួយនឹងរំយោលអំបោះពណ៌។ ជើងមួក ត្រូវប៉ាក់ដោយអង្កាំប្រាក់ពណ៌សតាមលំនាំត្រីកោណ។ វាក៏ជានិមិត្តរូបនៃគ្រាប់ពោត គ្រាប់ស្រូវ និងភាពពេញលេញនៅក្នុងជីវភាពរស់នៅរបស់ប្រជាជន Pa Di នៅទីនេះ។ លោក Ly Seo Din បានឲ្យដឹងថែមទៀតថា៖ “មួកមានរូបរាងស្រដៀងនឹងដំបូល ដើម្បីតំណាងឲ្យការការពាររបស់ម្តាយសម្រាប់កូនៗ និងជាការការពារដំបូលសម្រាប់គ្រួសារផងដែរ។ មួកត្រូវបានតុបតែងដោយអង្កាំប្រាក់ដែលឆ្លាក់យ៉ាងល្អិតល្អន់តំណាងឱ្យរូបភាព ធម្មជាតិ និងមនុស្ស”។

មុននឹងពាក់មួក នារីជនជាតិ Pa Di បានរុំសក់ខ្ពស់ បន្ទាប់មកបង្វែរផ្នែកដំបូលមួកឡើងលើ។ ផ្នែកខាងក្រោមនៃមួកត្រូវបានរុំជុំវិញថ្ងាស ដើម្បីរក្សាសក់ និងផ្នែកខាងលើនៃមួកឱ្យតឹង។ អ្នកពាក់អាចធ្វើចលនាដោយសេរីដោយមិនខ្លាច់ពួកធ្លាក់ឡើយ។ អ្នកស្រី Po Chin Din បានឲ្យដឹងថែមទៀតថា៖ “រុំសក់នៅលើក្បាល បន្ទាប់មករុំវានៅក្នុងក្រមា ហើយកាន់ក្រម៉ាឡើងដូចដំបូលផ្ទះ។ គ្រាប់ដែលប៉ាក់ជុំវិញមួកត្រូវបានធ្វើពីប្រាក់។ មួកនេះត្រូវបានគេពាក់ជាញឹកញាប់នៅក្នុងពិធីមង្គលការ និងពិធីបុណ្យទាននានា”។

មួកតំណាងឱ្យភាពចម្រុងចម្រើន និងភាពកក់ក្តៅនៃគ្រួសារ ដូច្នេះនេះនឹងក្លាយជាអំណោយដ៏មានតម្លៃដែលម្តាយក្មេកនឹងជូនកូនប្រសារ នៅ ពេលទទួលកូនមកផ្ទះ។ មិនត្រឹមតែប៉ុណ្ណោះ ឈុតគ្រឿងអលង្ការប្រាក់ ដោយប៉ាក់ក្បូរក្បាច់ច្រើនជារូបកូនសោ រូបកូនមាន់ រូបត្រី... ក៏ជាឈុតដ៏លេចធ្លោនៃសម្លៀកបំពាក់នារីផងដែរ។ វាក៏ជាការប្រៀនប្រដៅរបស់ដូនតាដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយផងដែរ។ ខ្សែកប្រាក់ដែលមានត្រីព្យួរ សោរ និងរំយោលប្រាក់ដ៏ស្រទន់តំណាងឱ្យទ្រព្យសម្បត្តិ ភាពរុងរឿង វិបុលភាព ហើយក៏ជាក្តីស្រលាញ់របស់មនុស្សចំពោះធម្មជាតិ និងអ្វីៗទាំងអស់ដែលបាននាំមកនូវជីវិតរស់ដល់មនុស្ស។

ជាមួយនឹងតម្លៃ និងសិល្បៈនៃការប៉ាក់ដើម្បីតុបតែងសម្លៀកបំពាក់ នៅឆ្នាំ ២០២០ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានទទួលស្គាល់សិល្បៈតុបតែងលើសម្លៀកបំពាក់របស់ជនជាតិ Pa Di ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី