មន្ត្រីព័ត៌មានសាធារណៈ របស់កងទ័ពជើងទឹកកម្ពុជា បានឲ្យដឹងថា កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា នាវាចម្បាំកងទ័ពជើងទឹកឥណ្ឌាចំនួន២គ្រឿង បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ សម្រាប់ ដំណើរទស្សនកិច្ចជាមិត្តភាពនៅកម្ពុជាចំនួន៤ថ្ងៃ ។
នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា ២ គ្រឿងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។
នាវាកងទ័ពជើងទឹករបស់ប្រទេសឥណ្ឌាចំនួន២គ្រឿង គឺនាវា INS SAHYADRI ដឹកនាំដោយលោកវរនាវីឯក Ashwin Arvind និងនាវា INS KILTAN ដឹកនាំដោយលោក Cdr Ginto George Chacko បានចូលចតកំពង់ផែក្នុងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៨ ដល់ ៨ ខែកញ្ញា ឆ្នាំ២០១៩។ ការចូលចតនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចសុច្ឆន្ទៈមកកាន់តំបន់អាស៊ីអាគ្នេយ៍។
ក្នុងដំណើរទស្សនកិច្ចនេះ មេបញ្ជាការនៃនាវាខាងលើ នឹងចូលជួបសម្តែងការគួរសមជាមួយមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា។
កងទ័ពជើងទឹកកម្ពុជា-ឥណ្ឌា នឹងធ្វើសមយុទ្ធរួមគ្នាមួយហៅថា PASSEX ហើយក៏មានការរៀបចំព្រឹត្តិការណ៍កីឡាផងដែរ។ លើសពីនេះ ប្រជាជនក្នុងតំបន់ នឹងមានឱកាសចូលមើលនាវាឥណ្ឌានេះទៀតផង។
ឥណ្ឌា និងកម្ពុជា មានទំនាក់ទំនងជាប្រពៃណីជាមួយនឹងការរឹតចំណងវប្បធម៌ សាសនា និងសេដ្ឋកិច្ច។ ទំនាក់ទំនង ឥណ្ឌា-កម្ពុជា ត្រូវបានពង្រឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការបង្កើនការតភ្ជាប់ក្នុងគ្រប់វិស័យទាំងអស់។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺដំណើរទស្សនកិច្ចកម្រិតខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់សាធារណរដ្ឋឥណ្ឌា កាលពីខែមករា ឆ្នាំ២០១៨។ សម្តេចក៏បានអញ្ជើញធ្វើជាភ្ញៀវកិត្តិយសផងដែរនៅក្នុងពិធីព្យុហយាត្រាថ្ងៃបុណ្យសាធារណរដ្ឋឥណ្ឌាឆ្នាំ២០១៨ និងចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ឥណ្ឌា។ នេះជាទំនាក់ទំនងរវាងប្រទេសទាំង២ ឈានដល់កម្រិតខ្ពស់បំផុត។
ទស្សនកិច្ចរបស់នាវាឥណ្ឌាខាងលើនេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការសមុទ្ររវាងកងទ័ពជើងទឹកប្រទេសទាំង២។ ការណ៍នេះ នឹងជំរុញឱ្យកាន់តែខ្លាំងបន្ថែមទៀត នូវទំនាក់ទំនងរវាងប្រទេសទាំង២ ព្រមទាំងចូលរួមចំណែកនូវសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។
គួរជម្រាបថា នាវាឈ្មោះ INS KILTAN ជាប្រភេទនាវាប្រឆាំងនាវាមុជទឹក មានបណ្តោយ១១០ ម៉ែត្រ ទទឹង១២,៨ម៉ែត្រ ជម្រៅទឹក៧ម៉ែត្រ ទម្ងន់ផ្ទុក៣.១៥០តោន ។ នាវាឈ្មោះ INS SAHYADRI ជាប្រភេទនាវាចម្បាំងបំពាក់មីស៊ីល មានបណ្តោយ១៤៣ ម៉ែត្រ ទទឹង១៧ម៉ែត្រ ជម្រៅទឹក៧ម៉ែត្រ ទម្ងន់ផ្ទុក៦.២០០តោន ៕
(សរុបដោយវិច្ឆិកា)
(ប្រភពព័ត៌មាន: sabay និង kohsantepheap)
មតិពីមិត្តអ្នកអាន