Trending now

វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»

15:41 | 30/04/2024

“ព្រៃឈើនាយឧត្តមសេនីយ Vo Nguyen Giap” ស្ថិតនៅភូមិ Nhot ឃុំ Gia Phu ស្រុក Phu Yen (Son La)។ នេះមិនត្រឹមតែជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប្រកបដោយអត្ថន័យប៉ុណ្ណោះទេ ថែមទាំងជាកន្លែងកត់សម្គាល់នូវមនោសញ្ចេតនារបស់ជនរួមជាតិបណ្ដាជនជាតិនៅខេត្ត Son La និងតំបន់ភាគពាយ័ព្យចំពោះលោកនាយឧត្តមសេនីយ៍ និងកងទ័ពវៀតណាមក្នុងយុទ្ធនាការ Dien Bien Phu កាលពី ៧០ ឆ្នាំមុនទៀតផង។

វៀតណាម - ឧទ្ទេសនាមសៀវភៅ វៀតណាម - ឧទ្ទេសនាមសៀវភៅ "Vo Nguyen Giap - នាយឧត្តមសេនីយ៍របស់ប្រជាជន"
ទឹកដីពិសិដ្ឋ Vung Chua - កន្លែងសម្រាករបស់ឧត្តមសេនីយ៍ Vo Nguyen Giap ទឹកដីពិសិដ្ឋ Vung Chua - កន្លែងសម្រាករបស់ឧត្តមសេនីយ៍ Vo Nguyen Giap
ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap
ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap

ព្រៃឈើមានទីតាំងស្ថិតនៅភូមិ Nhot នៅតាមបណ្តោយផ្លូវជាតិលេខ៣៧ មានផ្ទៃដីជិត ២០០ហិកតារ ស្ថិតនៅចន្លោះជួរភ្នំពីរ។ នៅឆ្នាំ ១៩៥៤ ក្នុងដំណើរប្រតិបត្តិការសឹកពី Nghia Lo (ខេត្ត Yen Bai) ទៅ Dien Bien ដើម្បីចូលរួមក្នុងយុទ្ធនាការ Dien Bien Phu លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងកងទ័ពរំដោះបានឈប់សម្រាក បោះទ័ពនៅទីនេះ។ តាំងពីពេលនោះមក ព្រៃនេះត្រូវបានប្រជាជនដាក់ឈ្មោះយ៉ាងស្និទ្ធស្នាលថា "ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap"។

រយៈពេលជាង ៧ ទស្សវត្សរ៍កន្លងមក ព្រៃឈើនេះនៅតែរីកលូតលាស់យ៉ាងធំល្វឹងល្វើយនិងស្រស់បៃតង ដូចសេចក្តីស្រឡាញ់របស់ជនរួមជាតិបណ្ដាជនជាតិនៅទីនេះចំពោះលោកនាយឧត្តមសេនីយ៍ និងកងទ័ពឆ្នាំនោះ។ បច្ចុប្បន្ន ព្រៃឈើនៅតែរក្សាបាននូវស្ថានភាពដើមដដែល ជាមួយ

នឹងដើមឈើយក្ស និងដើមឈើឈរខ្ពស់ជង្រ្គង។ លោក Lo Van Linh មេភូមិ ប្រធានក្រុមគ្រប់គ្រងការពារព្រៃឈើភូមិ Nhot ឃុំ Gia Phu បានចែករំលែកថា៖

“ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានចូលរួមក្រុមគ្រប់គ្រងការពារព្រៃឈើនាយឧត្តមសេនីយ Vo Nguyen Giap។ យើងខ្ញុំតែងតែឃោសនាជាប្រចាំដើម្បីឲ្យកូនចៅជំនាន់ក្រោយបានបន្តគ្រប់គ្រង និងថែរក្សាព្រៃឈើជានិរន្តរ៍។ ខាងយើងខ្ញុំដើរល្បាតព្រៃឈើ៣ដងក្នុងមួយសប្តាហ៍ដើម្បីការពារព្រៃឈើឲ្យបានល្អជាង”។

ក្នុងគោលបំណងចងចាំសញ្ញាសម្គាល់ប្រវត្តិសាស្ត្រដែលផ្សាភ្ជាប់នឹងកេរ្តិ៍ឈ្មោះរបស់នាយឧត្តមសេនីយ៍ កាលពីឆ្នាំ ២០០៨ គណៈកម្មាធិការប្រជាជនខេត្ត Son La បានទទួលស្គាល់ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្ត។ នៅឆ្នាំ ២០២០ ខេត្ត Son La បានចាត់ចែងឲ្យស្រុក Phu Yen អនុវត្តន៍គម្រោងស្តារ ជួសជុល និងពង្រីកតម្លៃនៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រព្រៃឈើភូមិ Nhot ក្នុងការតស៊ូប្រឆាំងបារាំង ដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍របស់ខេត្ត Son La និយាយរួមនិងស្រុក Phu Yen និយាយដោយឡែក បង្កើតគោលដៅទេសចរណ៍ក្នុងដំណើរវិលមកប្រភពដើម។ នៅចុងឆ្នាំ ២០២១ ស្រុក Phu Yen បានបង្ហើយគម្រោងនេះ រួមមានសំណង់ដូចជា៖ វិហារគោរពវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap; ទីធ្លាវិហារ ស្ពានទេសភាព ខ្លោងទ្វារ... លោក Dinh Cong Son នៅឃុំ Gia Phu ដែលបានចូលរួមក្រុមការពារ "ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap" អស់រយៈពេលជិត ៣០ ឆ្នាំ ឥឡូវនេះទទួលបន្ទុកការគ្រប់គ្រងវិហារគោរពវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៏ បានឲ្យដឹងថា ទោះបីជាមានវ័យចំណាស់ហើយក៏ដោយ ប៉ុន្តែលោកនឹងបន្តរួមដៃជាមួយប្រជាជនក្នុងការថែរក្សានិងគ្រប់គ្រងវិហារ និងតំបន់កេរ្តិ៍ដំណែលដើម្បីធានាឲ្យកន្លែងនេះបៃតងនិងស្រស់ស្អាតជានិច្ច។ នេះក៏ជាមនោសញ្ចេតនារបស់លោក និងប្រជាជននៅទីនេះចំពោះលោកនាយឧត្តមសេនីយ៍ផងដែរ៖

“ខ្ញុំពិតជាមានមោទនភាពណាស់ ហើយតែងតែឃោសនាដល់យុវជនជំនាន់ក្រោយ ជាពិសេសសិស្សានុសិស្ស និងសមាជិកសម្ព័ន្ធយុវជន នៅពេលមកវិហារម្ដងៗ។ ខ្ញុំក៏ណែនាំដល់ក្មួយៗ ហើយឃោសនាពីប្រវត្តិសាស្ត្រដ៏រុងរឿងដែលដូនតាយើងបានបន្សល់ទុកមកផងដែរ។ ការដែលខ្ញុំអាចការពារវិហារជារៀងរាល់ថ្ងៃ ប្តូរទឹក និងអុជធូប គឺជាកិត្តិយសរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍រីករាយណាស់”។

អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»

សព្វថ្ងៃ ពេលមកទីនេះ ប្រជាជន និងភ្ញៀវទេសចរមិនត្រឹមតែអាចរស់ឡើងវិញក្នុងបរិយាកាសវីរភាពរបស់កងទ័ពរំដោះ ឆ្ពោះទៅ Dien Bien ដើម្បីចូលរួមយុទ្ធនាការ Dien Bien Phu កាលពីមុននេះប៉ុណ្ណោះទេ ថែមទាំងបានសម្របខ្លួននៅក្នុងលំហដ៏ពិសិដ្ឋ បរិសុទ្ធនៃវិហារគោរពវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap ទៀតផង។ អ្នកស្រី Nguyen Thi Hong Hanh នៅស្រុក Phu Yen (Son La) បានចែករំលែកថា៖

“ក្នុងនាមជាយុវជនជំនាន់ក្រោយដែលកើតក្នុងសម័យសន្តិភាព ខ្ញុំផ្ទាល់មានកិត្តិយស និងមោទនភាពយ៉ាងខ្លាំង។ ខ្ញុំមានអារម្មណ៍ថា ខ្លួនត្រូវតែជាអ្នកឃោសនាដ៏សកម្មបន្ថែមទៀត ដើម្បីអាចផ្សព្វផ្សាយតម្លៃប្រវត្តិសាស្ត្រនៃកន្លែងទេសចរណ៍នេះទៅកាន់ភ្ញៀវទេសចរក្នុង និងក្រៅស្រុក”។

កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រក្នុងការតស៊ូប្រឆាំងបារាំងនៃព្រៃឈើភូមិ Nhot និងវិហារគោរពវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ Vo Nguyen Giap មានតម្លៃខាងស្មារតីដែលមិនអាចកាត់ថ្លៃបាន ហើយនឹងគងវង្សស្ថិតស្ថេជានិច្ចនិរន្តរ៍ រួមជាមួយយុទ្ធជ័យដ៏អង់អាចក្លាហានរបស់លោកនាយឧត្តមសេនីយ និងកងទ័ពរបស់លោកកាលពី ៧០ ឆ្នាំមុន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម