នារសៀលថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបលោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម។
![]() |
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបលោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម |
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរចំពោះលោកស្រី ជា គឹមថា ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម ហើយលោកបានសម្តែងការជឿជាក់ថា លោកស្រី ជា គឹមថា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងវៀតណាម-កម្ពុជា លើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិផងដែរ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា នាពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរកត់សម្គាល់ថា ជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា។ ដោយឈរលើមូលដ្ឋាននៃពិធីសារ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនៃប្រទេសនីមួយៗ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីបញ្ហាយុទ្ធសាស្ត្រដែលមានការយកចិត្ដទុកដាក់ដូចគ្នា រួមចំណែកលើកកំពស់តួនាទី និងកិត្យានុភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងទំនាក់ទំនងរួមនៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិសុខនយោបាយ បង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាង និងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនីមួយៗនាពេលខាងមុខ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានលើកច្បាស់ថា ក្រសួងការពារប្រទេសវៀតណាម វាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកយ៉ាងសំខាន់របស់ស្ថានទូតកម្ពុជាចំពោះទំនាក់ទំនងវៀតណាម-កម្ពុជា និយាយរួម កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយដោយឡែកនាពេលកន្លងមក។ លោកអះអាងថា ក្រសួងការពារប្រទេសវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់លោកស្រី ជា គឹមថា បំពេញភារកិច្ចប្រកបដោយជោគជ័យ រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។
ចំណែកលោកជំទាវឯកអគ្គរាជទូត ជា គឹមថា បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងកម្ពុជា-វៀតណាម។ លោកស្រីវាយតម្លៃថា វិស័យកិច្ចសហប្រតិបត្តិការនេះ មានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ និងសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើនក្នុងរយៈពេលកន្លងមក។ លោកស្រីឯកអគ្គរាជទូត ជា គឹមថា បានថ្លែងអំណរគុណវៀតណាមជារួម និងកងទ័ពប្រជាជនវៀតណាមតែងតែរួមដំណើរ និងគាំទ្រព្រឹត្តិការណ៍នានាដែលរៀបចំដោយកម្ពុជា; លោកស្រីបានសម្តែងនូវគោលបំណងចង់ឱ្យទំនាក់ទំនងកម្ពុជា-វៀតណាមមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិបន្តអះអាងនូវតួនាទី និងកិត្យានុភាពជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី៕
មតិពីមិត្តអ្នកអាន