ក្នុងដំណាក់កាលអភិវឌ្ឍន៍ ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ បក្សនិងរដ្ឋវៀតណាមមានការរំពឹងទុកយ៉ាងខ្ពស់លើតួនាទីជាមូលដ្ឋាននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយចាត់ទុកថា នេះជា “ចំណុចលោតផ្លោះយុទ្ធសាស្ត្រ” ដែលជា “កម្លាំងចលករសំខាន់” ដើម្បីបង្កើតភាពលោតផ្លោះក្នុងផលិតភាព គុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងនៃសេដ្ឋកិច្ច។
ដូច្នេះហើយ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្សាភ្ជាប់ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ចលនាប្រឡងប្រណាំង បានទទួលបន្តស្មារតី ៧៥ ឆ្នាំ (១១ មិថុនា ១៩៤៨ - ១១ មិថុនា ២០២៣) នៃសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហារជាតិរបស់លោកប្រធានហូជីមិញ ពិតជាបង្កើតកម្លាំងចលករកំណើនថ្មីសម្រាប់ប្រទេសជាតិ។
ក្នុងរយៈពេលកន្លងមក អ្នកវិទ្យាសាស្ត្រ អង្គភាពអាជីវកម្ម និងកងកម្លាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីអភិវឌ្ឍន៍ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកិច្ចការផ្លាស់ប្តូរថ្មីប្រទេសជាតិ។
![]() |
ប្រឡងប្រណាំងដើម្បីធ្វើជាម្ចាស់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្កើតសន្ទុះកំណើនថ្មី |
ប្រឡងប្រណាំងធ្វើជាម្ចាស់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ដោយផ្តើមពីក្រុមហ៊ុនផលិត និងជួសជុលបរិក្ខារវិទ្យុ បច្ចុប្បន្ននេះ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា Viettel បានក្លាយជាសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច-ឧស្សាហកម្ម-បច្ចេកវិទ្យាដ៏ធំមួយរបស់វៀតណាម និងក្នុងតំបន់ ហើយជាគំរូក្នុងការស្រាវជ្រាវអនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍន៍សេវាកម្ម និងផលិតផលបច្ចេកវិទ្យា។
នៅឯមជ្ឈមណ្ឌលវិភាគទិន្នន័យរបស់ Viettel Telecom គម្រោងសំខាន់ៗជាច្រើនបាននិងកំពុងត្រូវបានអនុវត្តន៍ ដែលជួយដោះស្រាយបញ្ហាអាជីវកម្មជាច្រើនរបស់ Viettel នៅវៀតណាម និងទីផ្សារបរទេសដូចជាឡាវ កម្ពុជា ប៉េរូ និងមីយ៉ាន់ម៉ា។ នាយកមជ្ឈមណ្ឌលលោក Nguyen Tran Ngoc Linh និងបុគ្គលិកកំពុងប្រឡងប្រណាំងឆ្ពោះទៅគោលដៅនៃការសាងសង់មជ្ឈមណ្ឌលវិភាគទិន្នន័យ Bigdata ថ្នាក់អន្តរជាតិ៖ “នេះជាទិសដៅផ្តើមចេញពីសម្ព័ន្ធក្រុមហ៊ុន រហូតដល់អគ្គក្រុមហ៊ុន ហើយយើងជាគណៈនាយកនៃមជ្ឈមណ្ឌល។ សម្ព័ន្ធក្រុមហ៊ុន Viettel តែងតែបើកដំណើរការចលនាចាប់ផ្តើមអាជីវកម្ម។ សូម្បីតែនៅមជ្ឈមណ្ឌលក៏ដោយ យើងតែងតែលើកកម្ពស់ស្មារតីនៃភាពជាសហគ្រិន ជំរុញការច្នៃប្រឌិត និងស្វែងរកប្រការថ្មីៗ។ យើងមិនដែលពេញចិត្តនឹងផលិតផល ចំណេះដឹង និងបច្ចេកវិទ្យាដែលយើងមាននោះទេ ប៉ុន្តែត្រូវតែធ្វើបច្ចុប្បន្នភាពចំណេះដឹងថ្មីបំផុតនៅលើពិភពលោក”។
ដោយផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាថ្មីបំផុតនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤ បណ្ឌិត Nguyen Phi Le និងសហការីនៅមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវអំពីបញ្ញាសិប្បនិម្មិត នៃសកលវិទ្យាល័យពហុបច្ចេកទេសហាណូយ កំពុងប្រឡងប្រណាំងស្រាវជ្រាវ និងអនុវត្តបញ្ញាសិប្បនិមិត្ត ដើម្បីប្រមូលទិន្នន័យ និងព្យាករណ៍គុណភាពខ្យល់។ ទន្ទឹមនឹងនោះ ចលនាប្រឡងប្រណាំងដើម្បីអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើតភាពលោតផ្លោះអំពីផលិតភាព គុណភាព ប្រសិទ្ធភាព និងលើកកំពស់ការប្រកួតប្រជែងក៏បានប្រព្រឹត្តទៅយ៉ាងសកម្មនៅក្រុមហ៊ុនចំកាត់ Ho Hoan Cau ដែលជាសហគ្រាស វិទ្យាសាស្ត្រ បច្ចេកវិទ្យាគំរូរបស់ខេត្ត Nghe An ប្រតិបត្តិការក្នុងវិស័យកែច្នៃ និងផលិតម៉ាស៊ីនសំណង់ ម៉ាស៊ីនសម្ភារៈដែលមិនដុត។ លោក Ho Xuan Vinh នាយកក្រុមហ៊ុនបានឲ្យដឹងថា៖ “ក្រុមហ៊ុនបានកែលម្អដំណើរការផលិតរបស់ខ្លួន ដើម្បីសន្សំសំចៃថ្លៃដើមផលិតកម្ម បន្ទាប់មក តម្លៃផលិតផលក៏មានការប្រកួតប្រជែងខ្លាំងផងដែរ។ ទន្ទឹមនឹងនោះ អាជីវកម្មក៏ជំរុញការអភិវឌ្ឍផលិតផលថ្មីៗ ដើម្បីបង្កើតការងារដល់បុគ្គលិក”។
![]() |
អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Bui The Duy។ |
បង្កើតកម្លាំងចលករកំណើនថ្មីសម្រាប់ប្រទេស
របាយការណ៍សន្ទស្សន៍នវានុវត្តន៍សកល ដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ចេញផ្សាយក្នុងឆ្នាំ ២០២២ បង្ហាញថា វៀតណាមបន្តរក្សាចំណាត់ថ្នាក់ខ្ពស់ក្នុងតារាងរៀបចំណាត់ថ្នាក់ឆ្នាំ ២០២២ ពោលគឺ ឈរនៅចំណាត់ថ្នាក់ទី ៤៨/១៣២ ប្រទេស ខឿនសេដ្ឋកិច្ច និងក្រុមប្រទេសដែលសម្រេចបានវឌ្ឍនភាពដ៏ធំបំផុតក្នុងទសវត្សរ៍កន្លងមក។ យោងតាមការវាយតម្លៃរបស់អង្គការផលិតភាពអាស៊ី (APO) ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចរបស់អាស៊ីមានកំណើនស្ថិរភាព ជាមួយនឹងអត្រាកំណើននៃផលិតភាពកត្តាសរុប (TFP) ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រហែល ១% ក្នុងមួយឆ្នាំ។ វៀតណាមត្រូវបានទទួលស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាកំណើន TFP វិជ្ជមាន ហើយស្ថិតក្នុងក្រុមប្រទេសដែលមានការកើនឡើង TFP ខ្ពស់បំផុត ជាមធ្យមគឺ ១,៤% ក្នុងមួយឆ្នាំ។ សមិទ្ធិផលនេះមានការរួមចំណែកយ៉ាងសំខាន់ពីចលនាប្រឡងប្រណាំងអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់អ្នកវិទ្យាសាស្ត្រ និងសហគ្រាសផលិតកម្ម និងធ្វើអាជីវកម្ម។
ថ្វីត្បិតដូច្នេះក៏ដោយ វៀតណាមនឹងត្រូវការកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច ដើម្បីសម្រេចបាននូវគោលដៅ ក្លាយជាខឿនសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ដែលក្នុងនោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាមូលដ្ឋានគ្រឹះក្នុងការបង្កើនប្រាក់ចំណូល និងកែលំអរគុណភាពកំណើន។ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ ដំណាក់កាល ២០២១-២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥ បក្ស និងរដ្ឋវៀតណាមមានការរំពឹងទុកយ៉ាងខ្ពស់លើតួនាទីជាមូលដ្ឋាននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយចាត់ទុកនេះជា “ចំណុចលោតផ្លោះយុទ្ធសាស្ត្រ” ជា “កម្លាំងចលករសំខាន់” ដើម្បីបង្កើតភាពលោតផ្លោះនៅក្នុងផលិតភាព គុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងនៃសេដ្ឋកិច្ច។ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Bui The Duy បានឲ្យដឹងថា ក្រសួងបានអនុវត្តន៍នូវកម្មវិធីជាច្រើន បង្កើត និងកែសម្រួលគោលនយោបាយ ដើម្បីបង្កលក្ខខណ្ឌអំណោយផលសម្រាប់អ្នកវិទ្យាសាស្ត្រក្នុងការពង្រីកសមត្ថភាពច្នៃប្រឌិត៖ “យើងបានធ្វើការកែសម្រួលជាបន្តបន្ទាប់ក្នុងការអនុវត្តគោលនយោបាយស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាពិសេស នាពេលខាងមុខ យើងមានគោលនយោបាយ និងកម្មវិធីជាច្រើនទៀត ដើម្បីឧបត្ថម្ភដល់អាជីវកម្ម ក៏ដូចជាការគាំទ្រក្នុងការតភ្ជាប់អាជីវកម្មជាមួយវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ ... ព្រមទាំងជំរុញកម្មវិធីជាបន្តបន្ទាប់ ដើម្បីជួយសហគ្រាសអនុវត្តសកម្មភាពប្រកបដោយភាពច្នៃប្រឌិតដូចជាកម្មវិធីបង្កើនផលិតភាព គុណភាព និងកម្មវិធីនវានុវត្តន៍បច្ចេកវិទ្យា”។
វៀតណាមខិតខំក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ជាមួយនឹងឧស្សាហកម្មទំនើបនិងមានប្រាក់ចំណូលមធ្យមខ្ពស់នៅឆ្នាំ២០៣០; នៅឆ្នាំ ២០៤៥ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។ គោលដៅនេះ ដាក់អ្នកវិទ្យាសាស្ត្រនៅចំពោះមុខកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងការច្នៃប្រឌិត ដើម្បីឲ្យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វៀតណាមអាចអភិវឌ្ឍន៍បានរហ័សជាង ជាក់ស្តែងជាង និងនិរន្តរភាពជាង។ ជាមួយនឹងការផ្លាស់ប្តូរថ្មីក្នុងការស្រាវជ្រាវ និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចូលក្នុងការផលិត ច្បាស់ណាស់ថា អ្នកវិទ្យាសាស្ត្រ និងសហគមន៍អាជីវកម្ម បាននិងកំពុងអនុវត្តន៍ការប្រឡងប្រណាំងស្នេហាជាតិ តាមស្មារតីនៃសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ របស់លោកប្រធានហូជីមិញ មុននេះ ៧៥ឆ្នាំ។ សកម្មភាពប្រឡងប្រណាំងស្នេហាជាតិក្នុងវិស័យស្រាវជ្រាវ និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងផលិតកម្ម បានបង្កើតកម្លាំងចលករកំណើនថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមចំណែកកសាងប្រទេសវៀតណាមកាន់តែសម្បូររុងរឿង៕
មតិពីមិត្តអ្នកអាន