ទឹកជ្រោះ៧ជាន់ "ទឹកជ្រោះអូរស៊ិនលែរ៍" ជាទឹកធ្លាក់ដែលលាក់ខ្លួនកណ្តាលព្រៃស្តោងជ្រៅហ៊ុមព័ទ្ធដោយជួរភ្នំ អមដោយធម្មជាតិជាជម្រកសម្រាប់សត្វព្រៃ គ្រប់ប្រភេទ។ ទឹកជ្រោះអូរស៊ិនលែរ៍ ស្ថិតក្នុងភូមិសាស្ត្រទឹកដី ឃុំកាឡែង ស្រុកលំផាត់ ដោយមានចម្ងាយប្រមាណជាង២០គីឡូម៉ែត្រ ពីក្រុងបានលុង ខេត្តរតនគិរី។
ទឹកជ្រោះ៧ជាន់ខេត្តរតនគិរី
រកឃើញនៅឆ្នាំ១៩៩៦ បច្ចុប្បន្ន ទឹកជ្រោះអូរស៊ិនលែរ៍ “7 Steps Waterfall” (Ou'Sinlair Waterfall) មានផ្លូវគមនាគមន៍ទៅដល់យ៉ាងរលូន។ យោងតាមលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងថា "ប្រសិនបើ ទេសចរទៅកម្សាន្តនៅចន្លោះពីខែមករា ដល់ខែឧសភា ផ្លូវមានលក្ខណៈស្រួលទេសចរអាចធ្វើដំណើរតាមប្រភេទរថយន្តអ្វីក៏អាចទៅដល់ដែរ តែបើសម្រាប់រដូវវស្សាផ្លូវមានលក្ខណៈរអិលអ៊ីចឹង។ ទេសចរត្រូវធ្វើដំណើរដោយប្រភេទរថយន្តធន់ខ្ពស់ៗ"។
ទឹកជ្រោះអូរស៊ិនលែរ៍ មានកម្ពស់ ៧ជាន់អមដោយទេសភាពព្រៃក្រាស់ ជាជម្រកសត្វព្រៃច្រើនប្រភេទ និងសម្បូរដោយជីវៈចម្រុះ។ ភ្ញៀវទេសចរ អាចងូចទឹកលេងកម្សាន្តបាននៅរដូវប្រាំង ព្រោះចរន្តទឹកហូរមានសភាពយឺតល្មម រីឯនៅរដូវវស្សាមាន ចរន្តទឹកហូរខ្លាំង ពិបាកក្នុងការមុជកម្សាន្ត ប៉ុន្តែ ទេសចរអាចបោះតង់សម្រាកនៅទីនោះបាន។
ក្រៅពីទេសភាពធម្មជាតិដ៏ល្អប្រណីត ទេសចរអាចទៅទស្សនាផ្ទះជនជាតិដើមភាគតិច និងទីតាំងផ្សេងៗទៀតបានផងដែរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានបន្តទៀតថា ទឹកជ្រោះអូរស៊ិនលែរ៍ ជាតំបន់ទេសចរណ៍ដែលមានភ្ញៀវទៅលេងច្រើនបន្ទាប់ពីបឹងយក្ខឡោម។ ក្នុងឆ្នាំ២០១៩ ទឹកជ្រោះមួយនេះ ទទួលបានភ្ញៀវទេសចរប្រមាណ៥០០០០នាក់ និងបឹងយក្ខឡោមទទួលបានភ្ញៀវទេសចរជាង១០០ ០០០នាក់។
បឹងយក្ខឡោម ដែលត្រូវបានចាត់ទុកជាមេដែក ស្រូបយកភ្ញៀវទេសចរទៅរតនគិរីទទួលបានភ្ញៀវទេសចរ រហូតដល់១០ម៉ឺននាក់កាលពីឆ្នាំ២០១៩»។ ទេសចរ ទៅកម្សាន្តនៅរមណីយដ្ឋានធម្មជាតិមួយនេះអាចងូតទឹក ទស្សនាសម្រស់នៃព្រៃជុំវិញបឹង ទស្សនាមេអំបៅដែលមានពណ៌ភ្លឺ កម្រមានធំៗ ដែលខ្លះមានស្លាបទទឹងដល់ទៅ ២០សង់ទីម៉ែត្រ។ បឹងមួយនេះមានចំងាយត្រឹមតែ ៥គីឡូម៉ែត្រពីក្រុងបានលុង ខេត្តរតនគិរី៕
(ប្រភពព័ត៌មាន: thmeythmey.com)
មតិពីមិត្តអ្នកអាន