នាថ្ងៃទី ២៤ តុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចពិភាក្សារវាងសហភាពសហព័ន្ធយុវជនវៀតណាម និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយនឹងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសហភាពសហព័ន្ធយុវជននៃប្រទេសទាំងពីរ ដំណាក់កាលឆ្នាំ ២០២២-២០២៧។
![]() |
![]() |
![]() |
លោក Nguyen Ngoc Luong ប្រធានសហភាពសហព័ន្ធយុវជនវៀតណាម និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសហភាពសហព័ន្ធទាំងពីរ ដំណាក់កាល ២០២២-២០២៧ |
កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក Nguyen Ngoc Luong លេខាប្រចាំការនៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ប្រធានសហភាពសហព័ន្ធយុវជនវៀតណាម និងលោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
អញ្ជើញថ្លែងមតិក្នុងកិច្ចពិភាក្សានេះ លោក Nguyen Ngoc Luong បានសម្តែងនូវក្តីសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះដំណើទស្សនកិច្ចការងាររបស់គណៈប្រតិភូជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសដែលប្រទេសទាំងពីររៀបចំយ៉ាងមហោឡារិកនៃពិធីរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត។
រំលឹកឡើងវិញនូវជោគជ័យក្នុងសកម្មភាពសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសការចែករំលែកមនោសញ្ចេតនា និងស្មារតីសាមគ្គីភាពរបស់យុវជនវៀតណាម-កម្ពុជាក្នុងអំឡុងដែលការរីករាលដាលនៃជំងឺកូវីដ-១៩ កើតឡើងយ៉ាងស្មុគស្មាញ លោក Nguyen Ngoc Luong បានលើកឡើងខ្លឹមសារមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរនាពេលខាងមុខ។
ក្នុងនោះមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជំនួបមិត្តភាពយុវជន កិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ បង្កើនការអប់រំយុវជនអំពីទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែងរវាងប្រទេសទាំងពីរ ជំរុញការពង្រីកវិស័យសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងយន្តការពហុភាគី។
រីឯខ្លួនវិញ លោក ហ៊ុន ម៉ានី បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងសហភាពសហព័ន្ធទាំងពីរ នាពេលកន្លងមក ដោយបានសម្តែងការឯកភាពជាមួយសំណើសម្រាប់កិច្ចសហប្រតិបត្តិការយុវជន ជាពិសេសកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ទន្ទឹមនឹងនោះបានស្នើឲ្យពង្រីកវិស័យសហប្រតិបត្តិការយុវជនរវាងវៀតណាម និងកម្ពុជា។
ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសហភាពសហព័ន្ធយុវជនវៀតណាម និងសហភាពសហព័ន្ធយុវជនកម្ពុជា ដំណាក់កាលឆ្នាំ ២០២២-២០២៧ រួមទាំងបទប្បញ្ញត្តិគួរឱ្យកត់សម្គាល់មួយចំនួនដូចជា៖ ទាញយកផលប្រយោជន៍ពីបច្ចេកទេសឌីជីថល និងបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយការឃោសនា និងអប់រំ; ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិវត្តកម្មឌីជីថល បច្ចេកវិទ្យាព័ត៌មាន ការចាប់ផ្តើមធ្វើអាជីវកម្មក្នុងសហគ្រិន អ្នកវិទ្យាសាស្ត្រ វេជ្ជបណ្ឌិត អ្នកកាសែតវ័យក្មេង ...
លើសពីនេះ កិច្ចព្រមព្រៀងក៏បានលើកឡើងថា ភាគីទាំងពីរបង្កើនការសម្របសម្រួលក្នុងយន្តការពហុភាគី ជាពិសេសនៅវេទិកាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម អាស៊ាន និងអាស៊ាន+ និងវេទិកាយុវជននៃបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គ សហភាពសហព័ន្ធយុវជនប្រជាធិបតេយ្យពិភពលោក៕
មតិពីមិត្តអ្នកអាន