ក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ១៩៦២ - ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២២) និងខួបលើកទី ៤៥ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ វៀតណាម-ឡាវ (ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៧៧ -ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២) ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងឡាវ បានផ្លាស់ប្តូរសារទូលេខអបអរសាទរ៖
![]() |
សារទូលេខអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ វៀតណាម - ឡាវ |
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong; ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc; នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានផ្ញើសារទូរលេខអបអរសាទរ និងផ្កា ជូនចំពោះអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith; នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh និងប្រធានរដ្ឋសភាឡាវ លោក Xaysomphone Phomvihane។
សារទូលេខអបអរសាទររបស់ថ្នាក់ដឹកនាំវៀតណាមផ្ញើជូនចំពោះថ្នាក់ដឹកនាំឡាវមានខ្លឹមសារថា “ក្នុងអំឡុងប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រជាជាតិទាំងពីរ វៀតណាម ឡាវ ជាពិសេសដំណើរការក្នុងរយៈពេល ៦០ ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការមក ចំណងសាមគ្គីភាព និងមិត្តភាពពិសេស ដែលបានបង្កើតឡើងដោយលោកប្រធាន ហូជីមិញ លោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong ហើយត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំជំនាន់មុនៗ និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងត្រូវបានសាកល្បង លត់ដំក្នុងប៉ុន្មានឆ្នាំតស៊ូប្រយុទ្ធដ៏លំបាក និងបានពង្រឹងយ៉ាងរឹងមាំក្នុងដំណើរការកសាង និងការពារមាតុភូមិសង្គមនិយម បានក្លាយជាទំនាក់ទំនងគំរូ ស្មោះត្រង់ គឺជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរបស់បក្សទាំងពីរ និងប្រជាជាតិទាំងពីរ ដែលជាក្រិតក្រមស្លាប់រស់ និងជាកត្តាដ៏សំខាន់បំផុតក្នុងការធានាឱ្យបាននូវជោគជ័យនៃបុព្វហេតុបដិវត្តន៍នៃប្រទេសនីមួយៗ ដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយទៀត និងស្ថិតស្ថិរជារៀងរហូត»។
“ក្នុងបរិបទពិភពលោក និងតំបន់មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននោះ បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនវៀតណាមតែងតែប្តេជ្ញាចិត្តរក្សា ពូនជ្រំ និងពង្រឹងទំនាក់ទំនងពិសេសវៀតណាម-ឡាវ។ ដោយឈរលើមូលដ្ឋាននៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ប្រទេសយើងទាំងពីរនឹងបន្តរួមគ្នាជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ កាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង រួមចំណែកលើកកម្ពស់បុព្វហេតុផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនិមួយៗ រួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងសហគមន៍អាស៊ាន ក៏ដូចជាក្នុងតំបន់ និងនៅលើពិភពលោក”។
ក្នុងសារទូលេខអបអរសាទររបស់ថ្នាក់ដឹកនាំឡាវ ផ្ញើជូនថ្នាក់ដឹកនាំវៀតណាម មានខ្លឹមសារថា “ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាម-ឡាវ ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ និងសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ។ ប្រទេសយើងទាំងពីរ ឡាវនិងវៀតណាម បានសម្របសម្រួលយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ នៅគ្រប់ថ្នាក់កណ្តាល និងមូលដ្ឋាន ទាំងទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។ ប្រការទាំងអស់ពោលខាងលើបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកាន់តែខ្លាំងឡើងរបស់ប្រទេសទាំងពីរ រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន និងលើកកំពស់កិត្យានុភាពរបស់ប្រទេសទាំងពីរក្នុងតំបន់ និងលើឆាកអន្តរជាតិ។
“ក្នុងឱកាសដ៏មានសារៈសំខាន់នេះ តាងនាមបក្ស រដ្ឋ និងប្រជាជនឡាវ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលតែងតែផ្តល់ការជួយគាំទ្រទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះបុព្វហេតុបដិវត្តន៍របស់យើងខ្ញុំក្នុងពេលកន្លងមក។ យើងខ្ញុំសូមបញ្ជាក់ថា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាសមមិត្ត ដោយយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់បំផុតក្នុងការការពារ ពូនជ្រំ និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ឡាវ និងវៀតណាម ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត៕
មតិពីមិត្តអ្នកអាន