កងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានគាំទ្រលើទិសដៅ កិច្ចសហប្រតិបត្តិការ សំខាន់ៗ ដែលរដ្ឋាភិបាល និងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ បានកំណត់យក នៅក្នុងស្មារតី គោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ច្បាប់ជាតិ ច្បាប់អន្តរជាតិ អត្តសញ្ញាណជាតិ នៃប្រទេសទាំងពីរ និងដោយឈរលើគោលការណ៍ស្មើភាព រក្សាផលប្រយោជន៍គ្នា ទៅវិញទៅមក និងការមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរវាងគ្នា ជាពិសេសការបន្តពង្រឹង និងលើកកម្ពស់ ទំនាក់ទំនងទ្វេភាគី ស្របទៅតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។
![]() |
![]() |
![]() |
ទិដ្ឋភាពនៃកិច្ចប្រជុំ។ |
ការគាំទ្រនេះ បានធ្វើឡើង រវាងឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយលោក ឧត្តមសេនីយ៍ត្រី ង្វៀន មិញជៀវ (Nguyen Minh Trieu) មេបញ្ជាការរង យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ រវាងបញ្ជាការដ្ឋាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម នៅទីបញ្ជាការយោធា ស្រុកទិញបៀន ខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ។
ជាកិច្ចចាប់ផ្តើម លោក ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានមានប្រសាសន៍ ថ្លែងអំណរគុណលោក ឧត្តមសេនីយ៍ត្រី ង្វៀន មិញជៀវ ដែលបានទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំឆ្នាំនេះ និងបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ព្រមទាំងបង្កលក្ខណៈ ដល់គណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានមកចូលរួមកិច្ចប្រជុំ ដ៏សំខាន់នេះ។
ឆ្លងតាមរបាយការណ៍បូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការ ឆ្នាំ២០២១ កន្លងទៅ ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារ ដែលសម្រេចបាន និងបានដាក់ចេញ នូវកំណត់ទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០២២ ដោយផ្តោតសំខាន់ លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតសិ្នទ្ធ សំដៅថែរក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ របៀបរៀបរយឱ្យបានល្អ នៅតាមតំបន់ព្រំដែន ជាពិសេស ការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើស ឆ្លងដែនគ្រប់ប្រភេទ។
![]() |
ឧត្តមសេនីយ៍ត្រី ង្វៀន មិញជៀវ (Nguyen Minh Trieu) មេបញ្ជាការរង យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម។ |
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នា បន្តសហការ បង្កលក្ខណៈអំណោយផល ដល់ប្រជាជន នៃប្រទេសទាំងពីរ អាចធ្វើការផ្លាស់ប្តូរសេដ្ឋកិច្ច និងប្រកបរបររកស៊ី ទៅវិញទៅមក ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
នៅចុងបញ្ចប់ នៃកិច្ចប្រជុំ លោក ឧត្តមសេនីយ៍ត្រី ង្វៀន មិញជៀវ មេបញ្ជាការរង យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងអបអរសាទរ ចំពោះជោគជ័យ របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជា ប្រតិបត្តិការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ ជាពិសេសជោគជ័យ លើយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង ដោយតាមរបាយការណ៍វាយតម្លៃ កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលបានចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួន បានច្រើនជាងគេ ក្នុងពិភពលោក ដោយក្នុងនោះ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក៏ជាប្រតិបត្តិករ ដ៏សំខាន់មួយផងដែរ៕
Postkhmer
មតិពីមិត្តអ្នកអាន