តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Chung Eui-yong និងអគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង និងចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃកម្មវិធីអាស៊ីអាគ្នេយ៍(SEARP) របស់ OECD ចាប់ពីថ្ងៃទី ៩-១១ ខែកុម្ភៈ។
![]() |
កូរ៉េខាងត្បូងបានចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់ |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បានជួបសន្ទនាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in។
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមប្រចាំនៅទីក្រុងសេអ៊ូល ក្នុងជំនួបនេះ លោកប្រធានាធិបតី Moon Jae-in បានពាំនាំនូវការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រធានរដ្ឋ Nguyen Xuan Phuc និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមដទៃទៀត; ទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេស Bui Thanh Son មកបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកូរ៉េខាងត្បូង ដោយចាត់ទុកថានេះជាព្រឹត្តិការណ៍សំខាន់ដែលបើកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងត្បូងនិងវៀតណាម។
លោកប្រធានាធិបតី Moon Jae-in បានអះអាងថា កូរ៉េខាងត្បូងតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្តគោលនយោបាយភាគខាងត្បូងថ្មីព្រមទាំងសង្ឃឹមថាភាគីទាំងពីរនឹងលើកកម្ពស់ទំនាក់ទំនងទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ"; ស្នើឱ្យបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចកូរ៉េខាងត្បូង ដើម្បីធ្វើប្រតិបត្តិការនៅវៀតណាម ជាពិសេសការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុ ព្រមទាំងគម្រោងធំៗនៅវៀតណាម ព្រមទាំងពង្រឹងការសម្របសម្រួលក្នុងបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។
ប្រធានរដ្ឋ Moon Jae-in បានវាយតម្លៃខ្ពស់ចំពោះតួនាទីសម្របសម្រួលរបស់វៀតណាមក្នុងទំនាក់ទំនងកូរ៉េខាងត្បូង-អាស៊ាន ដំណាក់កាល ២០២១-២០២៤ ដោយចាត់ទុកថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម នឹងរួមចំណែកជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងរវាងកូរ៉េជាមួយវៀតណាមនិយាយដោយ ឡែក និងជាមួយអាស៊ាននិយាជារួមក្នុងពេលខាងមុខ។
លោករដ្ឋមន្ត្រី Bui Thanh Son បានអបអរសាទរចំពោះសមិទ្ធិផល ដែលកូរ៉េខាងត្បូងសម្រេចបាននាពេលកន្លងមក ជាពិសេសក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាត និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ លោកបានអះអាងថា វៀតណាមគោរព និងមានបំណងចង់អភិវឌ្ឍទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ដែលក្នុងនោះផ្តោតសំខាន់លើការអនុវត្តបានល្អនូវសកម្មភាពនានា ដើម្បីអបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត និងលើកកំពស់ទំនាក់ទំនងរបស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងលើកដំឡើងទៅជាទំនាក់ទំនង"ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" ក្នុងឆ្នាំ ២០២២; រក្សាការផ្លាស់ប្តូរ និងទំនាក់ទំនងកម្រិតខ្ពស់ជាប្រចាំ បង្កើតបរិយាកាសនយោបាយអំណោយផល ការដាក់ឱ្យប្រើប្រាស់យន្តការប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការងើបឡើងវិញក្រោយការរាតត្បាត; ខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឱ្យដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៣; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ ទេសចរណ៍ ពលកម្ម ការផ្លាស់ប្តូរប្រជាជន និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគាំទ្រប្រជាពលរដ្ឋរបស់គ្នាទៅវិញទៅមក ព្រមទាំងបន្តរក្សាការសម្របសម្រួលលើវេទិកាពហុភាគីផងដែរ។
លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមនឹងបំពេញតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង ដំណាក់កាល ២០២១-២០២៤ នាំទំនាក់ទំនងរវាងអាស៊ាន និងកូរ៉េខាងត្បូង ឱ្យបន្តមានវឌ្ឍនភាពយ៉ាងសំខាន់ និងមានប្រសិទ្ធភាពថែមទៀត។
លោករដ្ឋមន្ត្រីបានជូនពរថា វៀតណាម និងកូរ៉េខាងត្បូង នឹងបន្តសម្របសម្រួល និងបង្ហាញជំហរវិជ្ជមានក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ផ្លូវច្បាប់នៅសមុទ្រ គោរពសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើដី ព្រមទាំងដោះស្រាយវិវាទនៅសមុទ្រខាងកើតដោយសន្តិវិធីដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២; បន្តគាំទ្រការកសាងក្រមប្រតិបត្តិដ៏មានសារសំខាន់ និងមានប្រសិទ្ធភាពនៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ និង UNCLOS ១៩៨២៕
VNA
មតិពីមិត្តអ្នកអាន