សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ លោក ប៊ួយ ថាញ់ ស៊ឺន រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភានារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ។
![]() |
![]() |
![]() |
ប្រភពនៃជំនួបបានបញ្ជាក់ថា ក្នុងឱកាសនេះសម្តេចចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក ប៊ួយ ថាញ់ ស៊ឺន នៅកម្ពុជាថា ជាការចូលរួមចំណែកដ៏សំខាន់នៅក្នុការលើក កម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ដែលមានជាយូរមកហើយនេះ ឱ្យកាន់តែប្រសើរខ្លាំងក្លាថែមទៀត។
សម្តេចប្រធានរដ្ឋសភា និងលោក ប៊ួយ ថាញ់ ស៊ឺន បានអបអរសាទរចំពោះ ខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំនេះ។ លោក ប៊ួយ ថាញ់ ស៊ឺន បានសម្តែងការអបអរសាទរនិងក្តីរីករាយជាទីបំផុតចំពោះការរីកចម្រើនរបស់កម្ពុជាឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃនៅលើគ្រប់វិស័យ។
លោករដ្ឋមន្ត្រីបានជម្រាបជូនសម្តេចពីលទ្ធផលការងារជាច្រើនដែលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានាឱកាសនេះ។ នៅក្នុងនោះលោកបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា និងបានពិភាក្សាការងារទ្វេភាគីជាមួយលោករដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជាផងដែរ។
លោក ប៊ួយ ថាញ់ ស៊ឺន បានគោរពស្នើសូម សម្តេចប្រធានរដ្ឋសភា ជួយជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិរវាងស្ថាប័នរដ្ឋសភាប្រទេសទាំងពីរ តាមការបង្កើនឱ្យមានដំណើរទស្សនកិច្ច និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកឱ្យបានញឹកញាប់ ទាំងក្នុងក្របខណ្ឌសមាជិកសភាវ័យក្មេង ក្រុមមិត្តភាពសភា និងសមាជិកសភាស្ត្រី។
លោកក៏បានស្នើសូមសម្តេច ជួយសម្រួលនិងបង្កើនយន្តការដល់សកម្មភាពធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនឡើង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគោរពស្នើសូមសម្តេច ជំរុញនិងលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមករវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរនៅលើវេទិការអន្តរជាតិនានាដូចជា APA, AIPA, IPU, APPF ជាដើម។
![]() |
លោក ប៊ួយ ថាញ់ ស៊ឺន បានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យនៅក្នុងឋានៈជាប្រធានអាស៊ាន (ASEAN ) និង AIPA នៅឆ្នាំនេះ ហើយភាគីវៀតណាមគាំទ្របេសកកម្មដ៏ឧត្តុង្គឧត្តមរបស់កម្ពុជានេះ។
តាងនាមថ្នាក់ដឹកនាំប្រទេសវៀតណាម លោក ប៊ួយ ថាញ់ ស៊ឺន បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលវេលាសមស្របណាមួយ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើររបស់ភាគីវៀតណាម និងបានសន្យាថា សម្តេចនឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលវេលាសមស្របណាមួយ៕
Thmeythmey/cambodianess
មតិពីមិត្តអ្នកអាន