យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២១ ខែធ្នូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា - ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។
![]() |
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន |
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានអញ្ជើញវិលត្រឡប់មកបំពេញទស្សនកិច្ច នៅព្រះរាជាកម្ពុជាវិញ និងជួបឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន ដែលជាមិត្តជិតស្និទ្ធរបស់ប្រជាជនវៀតណាម ហើយតែងតែគាំទ្រ និងរួមចំណែកយ៉ាងសកម្មសម្រាប់ទំនាក់ទំនងទ្វេភាគី។ លោកប្រធានរដ្ឋ បានអបអរសាទរប្រជាជនកម្ពុជាដែលសម្រេចបាននូវសមិទ្ធិផលសំខាន់ៗ ក្នុងការកសាងជាតិ ការរក្សាបាននូវស្ថិរភាពនយោបាយ-សន្តិសុខ ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ទីតាំងអន្តរជាតិរបស់ខ្លួនជាបន្តបន្ទាប់ ហើយអះអាងថា ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមសង្ឃឹមយ៉ាងមុតមាំថា ប្រជាជនកម្ពុជានឹងបន្តសម្រេចបានសមិទ្ធិផលកាន់តែធំថែមទៀត នាពេលខាងមុខ។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រទៅវិញទៅមករបស់ប្រទេសទាំងពីរក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ សូមថ្លែងអំណរគុណចំពោះជំនួយដ៏មានតម្លៃ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល អង្គការមហាជន និងប្រជាជនកម្ពុជា សម្រាប់រដ្ឋាភិបាល មូលដ្ឋាន អង្គការមហាជន និងប្រជាជនវៀតណាម ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រួមមានៈ ៥០,០០០ ដុល្លារអាមេរិក ពីសមាគមមិត្តភាពកម្ពុជា - វៀតណាមជូនដល់សមាគមមិត្តភាពវៀតណាម-កម្ពុជា។
រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ដើម្បីបើកឆ្នាំមិត្តភាពវៀតណាម - កម្ពុជាឆ្នាំ ២០២២ អបអរសាទរខួបលើកទី ៥៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ - ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២); ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការបន្តនាំទំនាក់ទំនងសាមគ្គីភាព មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា ឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាព ថែមទៀត។
លោកជំទាវឧបនាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការគ្រប់គ្រងជំងឺ នាពេលកន្លងមក ហើយសង្កត់ធ្ងន់ថា កម្ពុជាតែងតែគោរព និងអរគុណវៀតណាមដែលបានជួយ និងគាំទ្រកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិ ផ្តួលរំលំរបបប្រល័យពូជសាសន៍ - របបខ្មែរក្រហម ក៏ដូចជាការជួយប្រទេសកម្ពុជា ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេស នាសព្វថ្ងៃ។ លោកជំទាវ ម៉ែនសំអនបានអះអាងថា នឹងបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរក្សា និងអភិវឌ្ឍន៍នូវទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែងរវាងវៀតណាមនិងកម្ពុជា។
រីករាយដែលទំនាក់ទំនងនៃប្រទេសទាំងពីររក្សាបាននូវសន្ទុះការអភិវឌ្ឍន៍ជាវិជ្ជមាន ទោះបីជាមានការលំបាក និងឧបសគ្គដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន បានយល់ព្រមបន្តជំរុញសកម្មភាពជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ជួបប្រាស្រ័យរវាងអង្គការមហាជន សមាគមនារី យុវជននៃនៃប្រទេសទាំងពីរ; ជំរុញសមាគមមិត្តភាពវៀតណាម - កម្ពុជា និងសមាគមកម្ពុជា - វៀតណាម ដើម្បីពង្រឹងការសម្របសម្រួលក្នុងវិស័យអប់រំ និងទំនាក់ទំនង ដើម្បីប្រជាជនគ្រប់ជំនាន់ ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យ និងសារៈសំខាន់នៃការពង្រីកនិងពង្រឹងទំនាក់ទំនងមិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរ៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម
មតិពីមិត្តអ្នកអាន