តបតាមការអញ្ជើញរបស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម បំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១។
![]() |
ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវត្រូវបានធ្វើឡើងដោយពិធីកិច្ចខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ (រូបថត៖ VOV) |
នេះគឺជាដំណើរទស្សនកិច្ចបរទេសជាផ្លូវការលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមក្នុងអាណត្តិថ្មីនេះ ហើយក៏ជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក Nguyen Xuan Phuc ក្នុងនាមជាប្រធានរដ្ឋបន្ទាប់ពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith កាលពីចុងខែមិថុនាកន្លងមក។ ដំណើរទស្សនកិច្ចនេះក្នុងគោលបំណងបញ្ជាក់បន្ថែមថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពដ៏មហិមាសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយឡាវ។
បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរតែងតែផ្តល់ការគាំទ្រ និងជំនួយដ៏ធំធេងថ្លៃថ្លាស្មោះត្រង់ជូនគ្នាទៅវិញទៅមកក្នុងការតស៊ូដើម្បីរំដោះជាតិ និងបង្រួបបង្រួមជាតិក៏ដូចជាក្នុងការកសាង អភិវឌ្ឍន៍ និងការពារប្រទេសជាតិនាពេលបច្ចុប្បន្ន។
ក្រឡេកមើលមកពីអតីតកាល យើងមានមោទនភាពយ៉ាងខ្លាំងចំពោះទំនាក់ទំនងសាមគ្គីភាពពិសេស វៀតណាម-ឡាវ និងឡាវ-វៀតណាម ដែលកំពុងអភិវឌ្ឍដោយឥតឈប់ឈរ និងផ្តល់នូវផ្លែផ្កា។ ទំនាក់ទំនងនេះបានក្លាយជាកត្តាដ៏សំខាន់ដើម្បីធានាជ័យជំនះនៃបុព្វហេតុបដិវត្តន៍របស់ប្រទេសនីមួយៗ និងជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរបស់បក្សទាំងពីរ និងប្រជាជនទាំងពីរ។ ភាគីទាំងពីរតែងតែអះអាងពីទំនួលខុសត្រូវរបស់ខ្លួនក្នុងការរួមគ្នាថែរក្សា ការពារ និងពូនជ្រំទំនាក់ទំនងមិត្តភាពដ៏មហិមាសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ និងឡាវ-វៀតណាម ដែលកំពុងអភិវឌ្ឍប្រកបដោយស៊ីជម្រៅលើគ្រប់វិស័យ ដោយឈរលើស្មារតីនៃឯករាជ្យភាព ខ្លួនទីពឹងខ្លួន ម្ចាស់ការ កិច្ចសហប្រតិបត្តិការស្មើភាពគ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក ផ្តល់អាទិភាព ការអនុគ្រោះ ការគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍដើម្បីវិបុលភាពនៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។
![]() |
ឯកអគ្គរដ្ឋទូតឡវប្រចាំវៀតណាមលោក Sengphet Houngboungnuang។ |
ក្រោយរយៈពេល ៥៩ ឆ្នាំបង្កើតទំនាក់ទំនងការទូតនិង៤៤ឆ្នាំចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការមក កិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ កាន់តែសម្បូរបែប ដោយត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ជួយគាំទ្រគ្នាអភិវឌ្ឍហើយសម្រេចបានសមិទ្ធិផលដ៏ធំធេង ប្រកបដោយអត្ថន័យជាច្រើនលើវិស័យសេដ្ឋកិច្ចសង្គម និងកិច្ចការបរទេស។ ដោយមិនអើពើដល់ផលប៉ះពាល់ធ្ងន់ធ្ងរបណ្ដាលមកពីជម្ងឺរាតត្បាតកូវីដ ១៩ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនៅតែរៀបចំជំនួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំតាមរូបភាពសមស្រប ហើយកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយបន្តត្រូវបានរឹតបន្តឹង បង្ហាញនូវការជឿទុកចិត្តគ្នាយ៉ាងស៊ីជម្រៅ។ វាយតម្លៃចំពោះដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ឯកអគ្គរដ្ឋទូតឡវប្រចាំវៀតណាមលោក Sengphet Houngboungnuang បានចាត់ទុកថា៖ “ខ្ញុំគិតថា ដំណើរទស្សនកិច្ចលើកនេះបានចូលរួមចំណែកយ៉ាងសំខាន់ទៅក្នុងការថែរក្សាប្រពៃណីល្អប្រសើរនិងភាពរស់រវើកនៃទំនាក់ទំនងពិសេសឡាវ-វៀតណាម ហើយបើកដំណាក់កាលថ្មីក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជាតិទាំងពីរឡាវ-វៀតណាម សំដៅបន្តពង្រឹងទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរប្រកបដោយផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ ក៏ជាការបញ្ជាក់ឲ្យពិភពលោកឃើញថា ទោះជាកាលៈទេសៈអន្តរជាតិនិងតំបន់មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ពិបាកទាយទុកជាមុនក៏ដោយ ជាពិសេសគឺការឆ្លង រាលដាលនៃជម្ងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ការធ្វើដំណើរសួរសុខទុក្ខគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសយើងទាំងពីរនៅតែប្រព្រឹត្តទៅជាប្រចាំ។ ប្រការនេះបង្ហាញនូវចំណងសាមគ្គីភាព ការរួបរួមគ្នាជំនះពុះពារលើគ្រប់ការលំបាកទាំងអស់ ហើយរួបរួមគ្នាអភិវឌ្ឍដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរឡាវ-វៀតណាមផងដែរ”។
ទោះបីស្ថានភាពក្នុងតំបន់ និងពិភពលោកបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញ រួមជាមួយផលប៉ះពាល់អវិជ្ជមានដោយសារជំងឺរាតត្បាត Covid-19 រយៈពេលកន្លងមកក៏ដោយ ក៏វៀតណាមនិងឡាវនៅតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យដូចជានយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំបណ្តុះបណ្តាល ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ។
ក្នុងបរិបទនេះ ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ភាគីទាំងពីរពិភាក្សា និងឯកភាពជាមួយគ្នាអំពីគោលការណ៍ និងវិធានការដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ រួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតរបស់បក្សនីមួយៗ ព្រមទាំងពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះនឹងសម្រេចបានជោគជ័យដ៏ធំធេង រួមចំណែកក្នុងការជំរុញទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ និងឡាវ-វៀតណាម ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅនឹងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ នៅក្នុងតំបន់ និងនៅលើពិភពលោក៕
kh.qdnd.vn/VOV
មតិពីមិត្តអ្នកអាន