ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការចម្លងនៃវីរុសកូរ៉ូណា (កូវីដ-១៩) និងស្របតាមវិធានការនានារបស់បណ្តាប្រទេសអាស៊ាន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់វិធានការរឹតបន្តឹងជាបណ្តោះអាសន្ន ការចូលក្នុងព្រះរាជាណាចក្រកម្ពុជា ។ ប៉ុន្តែ ក្រសួងទេសចរណ៍កម្ពុជាកំពុងជំរុញការសិក្សាបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចូលមកប្រទេសកម្ពុជាឡើងវិញនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១នេះ។
![]() |
![]() |
![]() |
រូបថតឧទាហរណ៍។ (រូបថត៖ dap.com.khmer) |
ផែនការបើកដំណើរការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះ គឺក្នុងជំហានដំបូង ក្រសួងទេសចរណ៍នឹងពិភាក្សាជាមួយក្រសួងសុខាភិបាលកម្ពុជាអំពីលក្ខខណ្ឌឱ្យប្រាកដថា តើត្រូវតម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ហើយចូលមកប្រទេសកម្ពុជា ត្រូវធ្វើចត្តាឡីស័កក្នុងកម្រិតណា ឬមិនចាំបាច់ធ្វើចត្តាឡីស័ក។ ស្របពេលគ្នានេះ ក្រសួងទេសចរណ៍ក៏នឹងធ្វើការជាមួយអាជ្ញាធរ និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងផងដែរ ដើម្បីជំរុញការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាកម្មទេសចរណ៍នៅតាមគោលដៅនានាក្នុងការធានាសុវត្ថិភាព និងទំនុកចិត្តដល់ភ្ញៀវទេសចរអន្តរជាតិ។
ជាការកត់សម្គាល់ គម្រោងរបស់កម្ពុជាក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ គឺធ្វើឡើងឡើង បន្ទាប់ពីប្រទេសជិតខាងកម្ពុជាដូចជាប្រទេសថៃជាអាទិ៍ក៏ធ្លាប់បានសិក្សា និងគ្រោងធ្វើបែបនេះផងដែរ ដើម្បីសង្គ្រោះសេដ្ឋកិច្ច ជាពិសេស សង្រ្កោះវិស័យទេសចរណ៍របស់ខ្លួនដែលរងគ្រោះព្រោះកូវីដ១៩នេះ។សម្រាប់កម្ពុជា វិបត្តិជំងឺកូវីដ១៩នេះ បានទាញវិស័យទេសចរណ៍ឱ្យដាំក្បាលចុះតែម្តង។
ផ្អែកតាមរបាយការណ៍របស់ នាយកដ្ឋានស្ថិតិទេសចរណ៍ បានបញ្ជាក់ថា រយៈពេល៥ខែ ឆ្នាំ២០២១ (មករា-ឧសភា) ភ្ញៀវទេសចរអន្តរជាតិ ចំនួន៩១,៥៩៦ នាក់ ធ្វើដំណើរចូលមកប្រទេសកម្ពុជា។
ភ្ញៀវអន្ដរជាតិ ជាង៩ម៉ឺននាក់ នោះ ភាគច្រើន ជាអ្នកជំនួញ និងអ្នកវិនិយោគ ជាដើម។
របាយការណ៍ដដែលរៀបរាប់ថា «ក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (ខែមករា-ខែឧសភា) ភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប ៩១,៥៩៦ នាក់ ធ្លាក់ចុះ ៩២.២ ភាគរយ បើធៀបក្នុងរយៈពេល ដូចគ្នានៅឆ្នាំ២០២០»។
សូមរំលឹកថា នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរចូលមកកាន់ ប្រទេសកម្ពុជា មានចំនួន សរុប ១,៣៦,១៤៣ នាក់ ធ្លាក់ចុះ ៨០.២ បើធៀបនឹងឆ្នាំ២០១៩៕
មតិពីមិត្តអ្នកអាន