Trending now

ក្រសួង​ទេសចរណ៍ លើកលែង​ការបង់​កម្រៃ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍​ក្នុង​ឆ្នាំ​ ២០២១

13:49 | 11/06/2020

ក្រសួង​ទេសចរណ៍​បាន​ចេញ​សេចក្ដី​ជូនដំណឹង​ដល់​សមាគម​ឧស្សាហកម្ម​ទេសចរណ៍ និង​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​គ្រប់​ប្រភេទ អំពី​ការលើកលែង​ការបង់​កម្រៃ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍​គ្រប់​ប្រភេទ​ដែល​មាន​សុពលភាព​សម្រាប់​ឆ្នាំ​ ២០២១​។ ការលើកលែង​នេះ ជា​វិធានការ​ដើម្បី​ជួយ​ដល់​វិស័យ​ទេសចរណ៍​បន្ថែម​ទៀត​ទៅលើ​អ្វីដែល​ក្រសួង​ធ្លាប់​បាន​អនុគ្រោះ​ពី​មុន​ ខណៈ​វិស័យ​មួយ​នេះ​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ជំងឺ​កូវីដ​១៩​។

ភ្ញៀវ​ទេសចរណ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​កន្លងមក​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

សេចក្ដី​ប្រកាស​របស់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ចុះ​ថ្ងៃទី​ ៨ ខែមិថុនា បញ្ជាក់​ថា​៖ «[​ក្រសួង​] ​លើកលែង​ការបង់​កម្រៃ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ ២០២១ ចំពោះ​អាជ្ញាប័ណ្ណ​ទេសចរណ៍​ដែល​ស្ថិត​ក្នុង​សុពលភាព​។ អាជីវកម្ម​ទេសចរណ៍​គ្រប់​ប្រភេទ​នៅ​តែ​មាន​កាតព្វកិច្ច​ដាក់ពាក្យ​ស្នើសុំ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍​ពី​ក្រសួង​ទេសចរណ៍ ឬ​រដ្ឋបាល​រាជធានី​ខេត្ត ឬ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ទៅ​តាម​ទំហំ​អាជីវកម្ម​ដែល​ក្រសួង​បាន​ធ្វើ​ប្រតិភូកម្ម​កន្លងមក​ក្នុង​អំឡុងពេល​នៃ​ការលើកលែង​នេះ​»​។

ក្រសួង​បញ្ជាក់​ថា ការលើកលែង​នេះ​សម្រាប់តែ​ការបន្ត​អាជ្ញាប័ណ្ណ ឆ្នាំ​ ២០២១ ​ប៉ុណ្ណោះ​ដោយឡែក​ចំពោះ​ឆ្នាំ​ ២០២០ ​នេះ​អាជីវកម្ម​ដែល​សុំ​អាជ្ញាប័ណ្ណ​ថ្មី ឬ​បន្ត​ ឬ​ស្នើសុំ​អាជ្ញាប័ណ្ណ​ថ្មី​សម្រាប់​ឆ្នាំ ២០២១ នៅតែ​ត្រូវ​បង់​កម្រៃ​អាជ្ញាប័ណ្ណ​ដដែល​។

ក្រសួង​បន្តថា អាជីវកម្ម​ទេសចរណ៍​ដែល​ហួស​អាជ្ញាប័ណ្ណ ឬ​បាន​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ត្រូវតែ​បង់ប្រាក់​ផាក​ពិន័យ ប៉ុន្តែ​សេវា​សម្រាប់​បន្ត​អាជ្ញាប័ណ្ណ​សម្រាប់​ឆ្នាំ​ ២០២១ នៅតែ​ត្រូវបាន​លើកលែង​ដដែល​។ ការលើកលែង​នេះ​នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែ ​មករា ២០២១ រហូត​ដល់​ថ្ងៃទី​ ៣១ ខែ ធ្នូ ២០២១​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការលើកលែង​ការបង់​កម្រៃ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍​នេះ បើ​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​ ១ ​លាន​ដុល្លារ​។ លោក​បញ្ជាក់ថា សេវាកម្ម​ទេសចរណ៍​មាន ១០ ​ប្រភេទ​រាប់បញ្ចូល​តាំងពី​រមណីយដ្ឋាន សេវាកម្ម​ស្នាក់នៅ​ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​អាហារដ្ឋាន កន្លែង​កម្សាន្ត KTV ខារ៉ាអូខេ ជាដើម​។ ទោះ​យ៉ាងណា​ក្រសួង​ទេសចរណ៍​គ្រប់គ្រង​តែ​សេវាកម្ម​ទេសចរណ៍​ខ្នាត​ធំ​ប៉ុណ្ណោះ មាន​ដូចជា​ផ្ទះសំណាក់ និង​សណ្ឋាគារ​ដែល​មាន​ចាប់ពី​ ២១ ​បន្ទប់​ឡើង​ទៅ​។ ចំពោះ​សេវាកម្ម​ខ្នាតតូច​ជាង​នេះ​ត្រូវ​បាន​ធ្វើ​ប្រតិភូកម្ម​មក​នៅក្រោម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

សេវាកម្ម​ទេសចរណ៍​ភាគច្រើន​មាន​អាជ្ញាប័ណ្ណ​សម្រាប់​តែ​រយៈពេល​ ១ ​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ក៏មាន​សេវាកម្ម​ខ្លះ​មាន​អាជ្ញាប័ណ្ណ​សម្រាប់​រយៈពេល​ ២ ​ឆ្នាំ​។ មិន​ថា​អាជីវកម្ម​ដែល​មាន​សុពលភាព​ ១ ឬ​ ២ ​ឆ្នាំ​ទេ រាល់​អាជីវកម្ម​ទាំងអស់ ដែល​បន្ត​សុពលភាព​នៅ​ឆ្នាំ ២០២១ នឹង​ទទួល​បាន​ការលើកលែង​កម្រៃ​បន្ត​អាជ្ញាប័ណ្ណ​ដូចគ្នា​។ នេះ​បើ​តាម​លោក តុប សុភ័ក ដដែល​។

ទោះយ៉ាងណា​លោក​បញ្ជាក់​ថា​៖ «​គាត់​ [​អាជីវកម្ម​ទេសចរណ៍​] នៅតែ​ត្រូវ​ធ្វើលិខិត​អី​ដូច​រាល់ដង ធ្វើលិខិត​មក​រដ្ឋមន្ត្រី​ដើម្បី​សុំ​បន្ត​អាជ្ញាប័ណ្ណ​ដដែល គ្រាន់តែ​មិន​បង់ក​ម្រៃ​។ អាជ្ញាប័ណ្ណ​ភាគច្រើន​យើង​បាន​ធ្វើ​វិមជ្ឈការ​ទៅ​ថ្នាក់​រាជធានី-ខេត្ត​រួចហើយ​»​។

(ប្រភពព័ត៌មាន: postkhmer.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR