យុគសម័យ - អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថាការប្រែប្រួលអាកាសធាតុគឺជាគ្រោះថ្នាក់មួយយ៉ាងច្បាស់សម្រាប់ពិភពលោកទាំងមូល ដែលក្នុងនោះបញ្ហាកណ្តូបដែលប៉ាគីស្ថាននិងប្រទេសជាច្រើនកំពុងទទួលរងគឺជាការបង្ហាញពីគ្រោះថ្នាក់នេះ។
អ.ស.ប អំពាវនាវឲ្យបណ្តារដ្ឋាភិបាលត្រូវតែចាត់វិធានការជាក់ស្តែងយ៉ាងប្តូរផ្តាច់ថែមទៀតដើម្បីទប់ទល់នឹងបញ្ហាអាកាសធាតុទាំងនេះពីព្រោះវាគឺជា“ចម្លើយតែមួយគត់” ចំពោះវិបត្តិនេះតែម្តង (រូបថត៖ vnanet)
នាថ្ងៃទី ១៦ ខែកុម្ភៈ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុគឺជាឧបសគ្គធ្ងន់ធ្ងរនិងបន្ទាន់បំផុត ចំពោះស្ថេរភាពនិងវិបុលភាពសកលលោក ហើយប្រទេសនិងសហគមន៍ទាំងអស់នៅលើពិភពលោក ចាំបាច់ត្រូវតែកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដោះស្រាយវិបត្តិនេះ។
ថ្លែងមតិនៅក្នុងទីក្រុង Islamabad អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុគឺជាគ្រោះថ្នាក់យ៉ាងច្បាស់សម្រាប់ពិភពលោកទាំងមូល ដោយអះអាងថាក្រៅពីការការពារបរិស្ថាន ពិភពលោកក៏ត្រូវធ្វើសកម្មភាពផងដែរ ដើម្បីសំរេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ( SDG)។ លោកអគ្គលេខាធិការលោក Guterres បានបន្តថាកម្លាំងចលករជាសកលលោក ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ត្រូវបានជាប់គាំងចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០១៥ ។ហេតុដូច្នេះហើយ លោកបានអំពាវនាវឲ្យបណ្តារដ្ឋាភិបាលត្រូវតែចាត់វិធានការជាក់ស្តែងយ៉ាងប្តូរផ្តាច់ថែមទៀតដើម្បីទប់ទល់នឹងបញ្ហាអាកាសធាតុទាំងនេះពីព្រោះវាគឺជា“ចម្លើយតែមួយគត់” ចំពោះវិបត្តិនេះតែម្តង ៕
(បកប្រែដោយ ហេង វុធ្ធី)
មតិពីមិត្តអ្នកអាន