Trending now

Soc Trang៖ ប្រសិទ្ធភាពពីកម្មវិធី “ឃុំមួយផលិតផលមួយ” (OCOP)

13:33 | 27/02/2021

Soc Trang គឺជា ខេត្តមួយក្នុងចំណោមខេត្តដែលមានកម្មវិធី OCOP អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបំផុត ដោយមាន ចំនួនផលិតផលដែលទទួលបានវិញ្ញាបនបត្រ OCOP នាំមុខគេក្នុងតំបន់ដីសណ្ដទន្លេ Cuu Long។ ផលិតផល OCOP នៅខេត្ត Soc Trang ត្រូវបានវាយតម្លៃថាមានគុណភាពខ្ពស់ ហើយមានសោភ័ណ្ណភាពល្អសម្បូរបែប។

Soc Trang៖ ប្រសិទ្ធភាពពីកម្មវិធី “ឃុំមួយផលិតផលមួយ” (OCOP)

ជាពិសេស ផលិតផល OCOP ត្រូវបានតភ្ជាប់រវាងការផ្គត់ផ្គង់ តម្រូវការ ជម្រុញពាណិជ្ជកម្ម ណែនាំ ផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅទីផ្សារក្នុងស្រុក។ ដូច្នេះ រួមចំណែកជំរុញការអភិវឌ្ឍផលិតកម្ម ធ្វើអាជីវកម្ម លើកកម្ពស់សមត្ថភាពរបស់សហគ្រាស ក៏ដូចជាបង្កើតការប្រកួតប្រជែងសម្រាប់លផិតផលផងដែរ។

ក្រុមហ៊ុន LTD Cam Thieu នៅទីរួមខេត្ត Nga Nam មានជំនាញក្នុងការផលិតនិងកែច្នៃផលិតផលផ្លែទាបបារាំង ហើយជាសហគ្រាសមួយក្នុងចំណោមសហគ្រាស សហករណ៍ និងក្រុមគ្រួសារធ្វើអាជីវកម្មចំនួន ៥២ នៅខេត្ត Soc Trang ដែលទទួលបានវិញ្ញាបនបត្រ ផលិតផល OCOP។ ដើម្បីបង្កើតផលិតផលល្អ ក្រុមហ៊ុនបានវិនិយោគលើមូលដ្ឋានសំភារៈ ដើម្បីឆ្លើយតបនឹងស្តង់ដារគុណភាពនិងផលិតកម្មកសិផល ធានាសុវត្ថិភាព និងអនាម័យចំណីអាហារ។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានសាងសង់និងប្រើប្រាស់វត្ថុធាតុដើមគ្មានជាតិគីមី ធានាការដាំដុះ ស្របតាមស្តង់ដារ VietGAP ។ បច្ចុប្បន្ននេះ ផលិតផលរបស់ក្រុមហ៊ុនសុទ្ធតែត្រូវបានរៀបចំណាត់ថ្នាក់ OCOP ផ្កាយ ៤។ តាមរយៈការអភិវឌ្ឍផលិតផល OCOP ក្រុមហ៊ុនបានតភ្ជាប់ការប្រមូលទិញទំនិញ ធានាច្រកចេញសម្រាប់ក្រុមគ្រួសារដាំផ្លែទាបបារាំងក្នុងមូលដ្ឋាន ដោះស្រាយការងារធ្វើសម្រាប់ពលករជាច្រើននាក់។ ក្រៅពីនេះក្រុមហ៊ុនក៏កំពុងសហការជាមួយដៃគូពាណិជ្ជកម្មមួយចំនួនដើម្បីនាំចេញផលិតផលទៅកាន់ទីផ្សារបរទេសដូចជា ចិន និងកូរ៉េខាងត្បូង។ លោក Duong Minh Trung នាយកក្រុមហ៊ុន LTD Cam Thieu បានឲ្យដឹងថា៖ “ដើម្បីនាំចេញផលិតផល គឺត្រូវមានវិញ្ញាបនប័ត្រមួយចំនួន ដើម្បីឆ្លើយតបនឹងស្តង់ដារខ្ពស់ជាង។ ដោយទទួលបានការជួយឧបត្ថម្ភរបស់មន្ទីរវិទ្យាសាស្ត្រ - បច្ចេកវិទ្យា មន្ទីរកសិកម្ម មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មនោះ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Cam Thieu បានអនុវត្តន៍ដំណើរការវិញ្ញាបនប័ត្រ ISO ២០០០។ ទន្ទឹមនឹងនេះ កម្មវិធីជំរុញឧស្សាហកម្មក៏បានជួយឧបត្ថម្ភអំពីគ្រឿងម៉ាស៊ីននិងឧបករណ៍នានាផងដែរ។ ប៉ុន្តែដើម្បីឱ្យនាំចេញផលិតផល ដែលធ្វើពីផ្លែទាបបារាំង គឺចាំបាច់ត្រូវកសាងតំបន់វត្ថុធាតុដើមមានលក្ខណៈស្តង់ដា ព្រមទាំងឆ្លើយតបនឹងស្តង់ដារវិញ្ញាបនបត្ររបស់ប្រទេសនាំចេញផងដែរ”

ចំណែកឯ លោកស្រី Pham Thi Moi ម្ចាស់សិប្បកម្មកែច្នែក្ដាមប្រៃ Co Moi នៅសង្កាត់ទី ៣ ទីក្រុង Soc Trang បានឲ្យដឹងថា ចាប់តាំងពីពេលក្លាយទៅជាផលិតផល OCOP របស់ខេត្តមក ផលិតផល ក្ដាមប្រៃរបស់សហគ្រាស កាន់តែត្រូវបានពង្រីកទីផ្សារ ហើយមានកត្យានុភាពល្អៗ។បច្ចុប្បន្ន សិប្បកម្មរបស់លោកស្រីមានដេប៉ូជាង ៣០ កន្លែងនៅក្នុង និងក្រៅខេត្ត។ ជាពិសេស ប្រាក់ចំណូលបានកើនឡើងប្រមាណ ៣០% បើប្រៀបធៀបនឹងពេលវេលាមុនពេលត្រូវបានទទួលស្គាល់ជាផលិតផល OCOP ។ លោកស្រី Pham Thi Moi បានចែករំលែក៖ “ ក្រោយពេលចូលរួមកម្មវិធី OCOP ផលិតផលក្ដាមប្រៃ ba khia របស់ខ្ញុំ ត្រូវបានមនុស្សជាច្រើនស្គាល់ដល់ ហើយទីផ្សារក៏កាន់តែទូលំទូលាយដែរ។ ជាក់ស្ដែង ខ្ញុំបានតភ្ជាប់ ស្វែងយល់ព័ត៌មានផ្សព្វផ្សាយរបស់មូលដ្ឋាន និងកម្មវិធីតភ្ជាប់របស់មន្ទីរស្ថាប័ន ដើម្បីតភ្ជាប់ជាមួយសហគ្រាសនៅក្នុង និងក្រៅខេត្ត។ បច្ចុប្បន្ននេះ សិប្បកម្មរបស់ខ្ញុំមានដេប៉ូជាង ៣០ កន្លែងនៅក្នុងនិងក្រៅខេត្ត”។

ដើម្បីទាញយកផលប្រយោជន៍ពីគម្រោង “ ឃុំមួយផលិតផលមួយ OCOP” ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ខេត្ត Soc Trang បានផ្តល់អាទិភាពដល់គំនិតផ្ដូចផ្ដើមអំពីផលិតផលថ្មី ផលិតផលកែច្នៃ និងផលិតផលប្រពៃណីដែលផ្សារភ្ជាប់នឹងឧត្តមភាពរបស់មូលដ្ឋាន ជាពិសេសគឺលើវិស័យកសិកម្ម ដូចជា៖ អង្ករ បង្គា ផ្លែឈើ ខ្ទឹមបារាំង និងត្រីងៀតជាដើម។ មូលដ្ឋានបានផ្តោតសំខាន់លើការជួយឧបត្ថម្ភបង្កើតផែនការធ្វើអាជីវកម្មដើម្បីអភិវឌ្ឍផលិតផលទំនិញស្របតាមខ្សែសង្វាក់តម្លៃ ការប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បណ្តុះបណ្តាលវិជ្ជាជីវៈ និងលើកកម្ពស់សមត្ថភាព អភិវឌ្ឍន៍ OCOP ។ លោក Lam Hoang Nghiep អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang មានប្រសាសន៍ថា៖ “នាបច្ចុប្បន្នខេត្តបានអភិវឌ្ឍន៍ផលិតផល OCOP ចំនួន ៩៩ ហើយ។ យើងខ្ញុំនឹងរៀបចំផែនការជាក់ស្ដែង ដើម្បី ធ្វើឱ្យប្រសើរឡើងនូវផលិតផលទាំងនេះចាប់ពីថ្នាក់ទី ៣ ឡើងដល់ទី ៤ និងថ្នាក់ទី ៥ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងនៅលើពិភពលោក។ ក្រៅពីផលិតផលទាំង ៩៩ នេះ យើងខ្ញុំបានបន្តកសាងផលិតផលដែលមានស្តង់ដារ OCOP ដើម្បីបង្កើតផលិតផលដ៏សម្បូរបែប ទាញយកសក្តានុពល និងប្រៀបខ្លាំងរបស់ខេត្ត Soc Trang ជាពិសេសគឺផលិតកម្មកសិកម្មផងដែរ”។

ខេត្ត Soc Trang បានដាក់ចេញគោលដៅសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ នឹងអភិវឌ្ឍន៍ថ្មី ផលិតផល OCOP យ៉ាងហោចណាស់ ចំនួន ៣៥ ទៀត។ ទន្ទឹមនឹងនេះ ផ្តោតសំខាន់លើការលើកកម្ពស់គុណភាពធនធានមនុស្សសម្រាប់កម្មាភិបាលគ្រប់គ្រង សមត្ថភាពផលិតកម្ម ធ្វើអាជីវកម្មរបស់សហគ្រាស និងសហករណ៍ ព្រមទាំង ជំរុញសកម្មភាពជំរុញពាណិជ្ជកម្មដូចជា ចូលរួមក្នុងពិព័រណ៌និងសិក្ខាសាលាដោយផ្តោតលើការឧទ្ទេសនាម និងផ្សព្វផ្សាយផលិតផល OCOP សំដៅចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ក៏ដូចជាកែលម្អជីវភាពរស់នៅរបស់ប្រជាជនផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)