គណកម្មការប្រជាជនដីសណ្ដរទន្លេមេគង្គនៃខេត្ដដុងថាប បានអនុម័តតំបន់ទេសចរណ៍សហគមន៍ថ្មីចំនួន ១៤។ ខេត្ដនេះ មានសហគមន៍ទេសចរណ៍ប្រមាណ ១០០ ដែលភាគច្រើនស្ថិតនៅទីក្រុងកាវឡាញ និងសាដេក ក៏ដូចជាស្រុកឡៃវុង តាំណុង និងថាបមួយ។
![]() |
វៀតណាមបង្កើនទេសចរណ៍សហគមន៍ថ្មីៗ ដើម្បីទាក់ទាញទេសចរ និងចំណូលសម្រាប់ប្រជាកសិករ |
លោក ង៉ោ ក្វាងធូយេន អនុប្រធាននាយកដ្ឋានវប្បធម៌ កីឡា និងទេសចរណ៍ខេត្ដ បាននិយាយថា៖ «ការឯកភាពរបស់ថ្នាក់ខេត្ដនេះ មានបំណងប្រែក្លាយខេត្ដដុងថាប ទៅជាទីឋានទេសចរណ៍ពេញនិយម និងល្បីល្បាញសម្រាប់ភ្ញៀវ និងថែមទាំងទីភ្នាក់ងារទេសចរណ៍»។
លោក ធូយេន បានឱ្យដឹងថា ទេសចរណ៍សហគមន៍បាននិងកំពុងតែមានប្រជាប្រិយនៅតាមដីសណ្ដរទន្លេមេគង្គ។ វាបានជួយផ្សព្វផ្សាយពីតម្លៃនៃកសិផលកសិកម្ម បង្កើតការងារតាមទីជនបទ និងនាំចូលចំណូលចីរភាពដល់អ្នកស្រុក។
តែ ៥ផ្ទះប៉ុណ្ណោះនៅតំបន់ទេសចរណ៍ផ្កាឈូកថាបមួយ ក្នុងស្រុកថាបមួយ បានផ្ដល់សេវាកម្មទេសចរណ៍ដំបូងគេ។ ប៉ុន្ដែបច្ចុប្បន្ន ពួកគេបានកើនឡើងដល់រាប់សិនផ្ទះ។ ពួកគេផ្ដល់សេវាកម្មខុសៗគ្នា ដូចជាការជិះទូកគយគន់ផ្កាឈូក ស្ទូចត្រី និងរីករាយជីវិតបែបជនបទ។
មុនពេលជួបវិបត្ដិកូវីដ តំបន់ទេសចរណ៍ទាំងនេះទទួលភ្ញៀវមធ្យម ១ ម៉ឺននាក់ក្នុងមួយខែ និង ១ ពាន់នាក់ក្នុងមួយថ្ងៃចំពោះថ្ងៃបុណ្យជាតិ និងបុណ្យចូលឆ្នាំតេត។
ស្រុកតាំណុង ជាទីដែលឧទ្យានជាតិត្រាមឈិន ស្ថិតនៅ បានបង្កើតសមាគមន៍ទេសចរណ៍មួយដើម្បីស្ទួយផលិតផលវិសេសប្រចាំតំបន់ ផលិតផលទេសចរណ៍ និងគុណភាពសេវាកម្ម។
![]() |
វៀតណាមបង្កើនទេសចរណ៍សហគមន៍ថ្មីៗ ដើម្បីទាក់ទាញទេសចរ និងចំណូលសម្រាប់ប្រជាកសិករ |
សមាគមន៍បច្ចុប្បន្នមានសមាជិក ៣០ នាក់ ដែលផ្ដល់សេវាកម្ម ដូចជា ចំណីអាហារ និងភេសជ្ជៈ ផ្ទះស្នាក់ មគ្គុទេសក៍ និងសកម្មភាពក្នុងសហគមន៍។ តំបន់ទេសចរណ៍ក្នុងស្រុកបានស្វាគមន៍ភ្ញៀវទាំងជាតិ និងអន្ដរជាតិប្រមាណ ១០ម៉ឺននាក់រៀងរាល់ឆ្នាំ។
លោក ធូយេន បាននិយាយថា កសិកម្មក៏ផ្ដល់ប្រយោជន៍សម្រាប់ស្រុកដុងថាប ក្នុងការអភិវឌ្ឍទេសចរណ៍សហគមន៍ផងដែរ។ វាមានផលិតផលចម្រុះ ដូចជា ផ្កា ផ្លែឈើ និងគ្រឿងសមុទ្រ។
បរិវេណដំណាំសម្រាប់ទេសចរណ៍នីមួយៗក្នុងខេត្ដ មានផ្ទៃដីប្រមាណ ៥ ០០០ ម៉ែត្រក្រឡា រហូតដល់ជាងមួយហិកតា ដែលអាចទាក់ទាញភ្ញៀវពី ៥០០ ទៅ ១ ពាន់នាក់ក្នុងមួយថ្ងៃ ដែលភាគច្រើននៅចុងសប្ដាហ៍។
ទីតាំងដែលពេញនិយមជាងគេគឺសួនចម្ការល្មើក្នុងទីក្រុងសាដេក ចម្ការស្ដ្រូប៊ឺរីតាន់ធួន ក្នុងក្រុងកាវឡាញ និងចម្ការទំពាំងបាយជូរបាធួន ក្នុងស្រុកហុងងូ ជាតីដែលភ្ញៀវអាចភ្លក្សផ្លែឈើស្រស់ៗ និងថតរូបសែលហ្វី។
វូ មិញធៀន ជានាយកគ្រប់គ្រងចម្ការល្មើ បាននិយាយថា រដូវប្រមូលផលល្មើគឺចំបុណ្យចូលឆ្នាំក្នុងខែមេសា ដែលបានទាក់ទាញភ្ញៀវពី ៣០០ ទៅ ៤០០ នាក់ក្នុងមួយថ្ងៃ។
គោលដៅទេសចរណ៍ដែលមានភ្ញៀវមកច្រើនបំផុតក្នុងស្រុកដុងថាប គឺភូមិផ្កាសាដេក លើផ្ទៃដី ៣១៣ ហិកតា ដែលមានផ្កាជាង ២ពាន់ប្រភេទ ដើមឈើលម្អ និងឈើតឿពីតំបន់ផ្សេងៗនៃប្រទេសវៀតណាម។
ពេលនេះ ភូមិផ្កាមានផ្ទះពលរដ្ឋដែលបម្រើសេវាទេសចរណ៍ជាច្រើន រួមទាំង ផ្ទះស្នាក់ ដោយលោក ធូយេន បាននិយាយថា៖ «ទេសចរណ៍សហគមន៍ កំពុងជួយប្រជាកសិករស្រុកដុងថេប ឱ្យមានចំណូលប្រសើរឡើង»។
ចំណូលសរុបពីតំបន់ទេសចរណ៍សហគមន៍ចន្លោះឆ្នាំ ២០១៦ និងឆ្នាំ ២០២០ មានជាង ៤៣ ពាន់លានដុង (១,៨ លានដុល្លារ)។ ទេសចរណ៍សហគមន៍ក៏បានជួយស្រុកដុងថាប ស្ថិតក្នុងលំដាប់ថ្នាក់លេខ ៣ ដែលមានភ្ញៀវទេសចរច្រើន ក្នុងតំបន់ដីសណ្ដរទន្លេមេគង្គ៕
Postkhmer
មតិពីមិត្តអ្នកអាន