Trending now

នាយករដ្ឋមន្រ្តីកម្ពុជាធ្វើទស្សនកិច្ចនៅវៀតណាម៖ ធ្វើឱ្យទំនាក់ទំនងវៀតណាម - កម្ពុជាកាន់តែស៊ីជម្រៅ

05:24 | 04/10/2019

យុគសម័យ - តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc, នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុនសែនបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែតុលា។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅក្នុងបរិបទដែលទំនាក់ទំនងពិសេសរវាងវៀតណាមនិងកម្ពុជាត្រូវបានពូនជ្រុំនិងអភិវឌ្ឍដោយឥតឈប់ឈរ ចាប់តាំងពីការបង្កើតជាផ្លូវការមុននេះជាង ៥០ ឆ្នាំកន្លងមក។ ប្រទេសទាំងពីរកំពុងជំរុញទំនាក់ទំនងរបស់ខ្លួនក្រោមបាវចនាថា “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan

សម្តេចតេជោហ៊ុនសែន នឹងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។ ក្នុងជំនួបនោះនាយករដ្ឋមន្ត្រីវៀតណាម-វៀកម្ពុជា នឹងពិភាក្សាលើបញ្ហានានាពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងការបារម្ភរួមគ្នា។ ក្រោយកិច្ចប្រជុំ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។

នាយករដ្ឋមន្រ្តីទាំងពីរ នឹងចូលរួមថ្លែងសុន្ទរកថា បើកសន្និសីទស្តីពីការជំរុញវិនិយោគ និងពាណិជ្ជកម្មវៀតណាម-កម្ពុជា នារសៀលថ្ងៃទី៤ តុលា។ នៅថ្ងៃទី០៥ តុលា ដែលជាថ្ងៃទីពីរនៃដំណើរទស្សនកិច្ច នាយករដ្ឋមន្ត្រីទាំងពីរ នឹងចូលរួមជាអធិបតីក្នុងសន្និសីទបូកសរុបការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលរំពឹងថា នឹងបញ្ចប់ដោយការចុះហត្ថលេខាលើឯកសារច្បាប់ចំនួនពីរ ដើម្បីទទួលស្គាល់លទ្ធផលការងារខ័ណ្ឌសីមា ព្រំដែន ៨៤% ដែលសម្រេចបាន។

ក្នុងកំលុងពេលស្នាក់នៅទីក្រុងហាណូយ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធ នៅវិមានអនុស្សាវរីយ៍បុព្វបុរសនិងយុទ្ធជនពាលី និងនៅវិមានតម្កល់សពលោកហូជីមិញ។

សូមរំលឹកថា កម្ពុជា-វៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ វៀតណាម និងកម្ពុជា គឺជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ។

ឆ្នាំ២០១៨កន្លងទៅនេះ ជាខួបលើកទី៥១ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងខួប៥១ឆ្នាំនៃទំនាក់ទំនងនេះ មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានផ្លាស់ប្តូរទំនាក់ទំនង និងទស្សនកិច្ចគ្នាទៅវិញទៅមកជាញឹកញាប់ ដែលបានបង្ហាញពីចំណងសាមគី្គភាព មិត្តភាព ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នា គោរពគ្នា និងបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ និងការទូត។

ក្នុងទំនាក់ទំនងពាណិជ្ជកម្មវិញ ប្រទេសទាំងពីរមានពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០១៧ សម្រេចបានចំនួនប្រមាណ ២.១៣ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ ២០១៦។ តែការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតនៅមានទំហំតូចនៅឡើយ។ ជាក់ស្តែងការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៧ មានចំនួន ៣៤២លានដុល្លារអាមេរិក ធៀបនឹងការនាំចូលរបស់កម្ពុជាពីវៀតណាម ក្នុងឆ្នាំ២០១៧ មានចំនួនប្រមាណ ១,៨ពាន់លានដុល្លារអាមេរិក។

នៅឆ្នាំ២០១៨ ទំហំពាណិជ្ជរវាងប្រទេសទាំងពីរបានកើនឡើងដល់ ៤.៧ពាន់លានដុល្លារអាមេរិក។ វៀតណាម និងកម្ពុជា គ្រោងជំរុញទំហំពាណិជ្ជកម្មឱ្យបានដល់ ៥ពាន់លានដុល្លារអាមេរិក។

ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីវៀតណាម រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន ៧៥គម្រោង លើទុនវិនិយោគសរុបចំនួនប្រមាណ ២,៤ពាន់លានដុល្លារអាមេរិក ដែលផ្តោតសំខាន់លើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ៕

(សរុបដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការវគ្គបណ្តុះបណ្តាល និងការធ្វើសមយុទ្ធឆ្លើយតបនឹងពហុគ្រោះមហន្តរាយ ជូនដល់ប្រជាពលរដ្ឋចំនួន ៥០០ នាក់ នៅក្នុងខេត្ត Gia Lai
ការប្រគល់អំណោយចំនួន ១០០ ចំណែក ជូនដល់អាណិកជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តចំប៉ាសាក់ (ប្រទេសឡាវ)
ការបំភ្លឺស្ថានភាពជាក់ស្តែងនៃការចាត់តាំង និងសកម្មភាពកិច្ចការបរទេសប្រជាជនរបស់វៀតណាម
ការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំឈូកស និងឃុំតាជេស (ប្រទេសកម្ពុជា)
Shangri-La 2026៖ អ្នកជំនាញការអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសាររបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam