យុគសម័យ - នាល្ងាចថ្ងៃទី ២ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ឡាវ ដែលដឹកនាំដោយសមាជិកការិយាល័យនយោបាយ និងជាប្រធានមជ្ឈិមរណសិរ្សឡាវកសាងប្រទេស លោក Saysomphone Phomvihane ដែលបានអញ្ជើញគោរពវិញ្ញាក្ខ័ន្ធ អតីតប្រធានរដ្ឋ លោក Le Duc Anh។
សម្តេចតេជោ ហ៊ុន សែន ជួបជាមួយលោក Le Duc Anh កាលពីពេលកន្លងទៅ
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងនិងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់លោកអតីតប្រធានរដ្ឋ Le Duc Anh។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា លោក Le Duc Anh ជាមេដឹកនាំកំពូលមួយរូបរបស់ប្រទេសវៀតណាម ដែលមានគុណបំណាច់ជួយរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការទប់ស្កាត់មិនឲ្យរបបដ៏ឃោរឃៅមួយនេះវិលត្រឡប់មកវិញ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាឱកាសអញ្ជើញមកចូលរួមពិធីបុណ្យសពថ្នាក់ជាតិ អតីតប្រធានរដ្ឋ លោក Le Duc Anh (រូបថតៈ Thong Nhat/TTXVN)
សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា សម្តេចនឹងសរសេរសារដ៏មានសារសំខាន់លើសៀវភៅក្រាំងមាស នៃការចូលរួមរំលែកទុក្ខ ដើម្បីជាការជូនដំណើរជាលើកចុងក្រោយជូនដល់វិញ្ញាណក្ខន្ធលោក Le Duc Anh។
ក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានរៀបរាប់ពីប្រវត្តិ នៃការជួបសន្ទនាជាមួយលោក Le Duc Anh ទាំងក្នុងពេលនៅមន្ទីរពេទ្យ និងការងារផ្សេងៗ។ សម្តេចតេជោ បានបន្ថែមថា លោក Le Duc Anh គឺជាមេដឹកនាំកំពូលរបស់វៀតណាម ដែលបានជួយដល់កម្ពុជាទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។
ទិដ្ឋភាពនៃជំនួប (រូបថតៈ FN)
សម្តេចតេជោ បានមានប្រសាសន៍ផងដែរថា វត្តមានរបស់សម្តេច និងគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក Le Duc Anh គឺបានបញ្ជាក់ពីការគោរពស្រឡាញ់ពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រជាជនដែលធ្លាប់តែជួយគ្នាក្នុងគ្រាមានការលំបាកក៏ដូចជាកាលពីអតីតកាល។
ចំណែកឯប្រធានមជ្ឈិមរណសិរ្សឡាវកសាងប្រទេស លោក Saysomphone Phomvihane បានគោរពផ្ញើរសេចក្តីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងរណសិរ្សឡាវកសាងប្រទេស ជូនចំពោះបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាលនិងរណរិស្សមាតុភូមិវៀតណាម ចំពោះមរណភាណរបស់អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh។ លោក Saysomphone Phomvihane បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ថ្លៃថ្លារបស់សមមិត្ត Le Duc Anh ក្នុងបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជនវៀតណាម ក៏ដូចជាការកសាង ពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Saysomphone Phomvihane សមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេស ដែលអញ្ជើញចូលរួមពិធីបុណ្យសពអតីតប្រធានរដ្ឋ លោក Le Duc Anh (រូបថត: Thong Nhat/TTXVN)
តាងនាមបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាលនិងប្រជាជនកម្ពុជានិងឡាវ ដែលបានចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់អតីតប្រធានរដ្ឋ លោក Le Duc Anh ជាពិសេសបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មកចូលរួមពិធីបុណ្យសពថ្នាក់ជាតិ ដោយបង្ហាញពីទំនាក់ទំនងអ្នកជិតខាងជិតស្និទ្ធ រួមសុខរួមទុក្ខជាមួយគ្នាទៅវិញទៅមក។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា វៀតណាមយកចិត្តទុកដាក់ពិសេស ដល់ទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា; ទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ លើកពីនេះទៅទៀត ឯកភាពសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ ដើម្បីនាំទំនាក់ទំនងវៀតណាម - កម្ពុជា,វៀតណាម - ឡាវបន្តអភិវឌ្ឍន៍យ៉ាងទូលំទូលាយថែមទៀត៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
មតិពីមិត្តអ្នកអាន