គោលនយោបាយទេសចរណ៍ត្រូវតែបង្កើតផលប្រយោជន៍ជូនសហគមន៍

15:52 | 16/11/2026 ឌឿងង្វៀន

យុគសម័យ - នៅក្នុងកិច្ចពិភាក្សានាថ្ងៃទី ១១ ខែវិច្ឆិកា ស្តីពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីយន្តការ និងគោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍វៀតណាម សមាជិករដ្ឋសភាបានស្នើថា គោលនយោបាយអនុគ្រោះមិនគួរផ្អែកតែលើទំហំវិនិយោគ ឬចំនួនភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវវាយតម្លៃលើប្រសិទ្ធភាពនៃការអភិវឌ្ឍគោលដៅទេសចរណ៍ លទ្ធភាពនៃការអភិរក្សធនធាន ការបង្កើតមុខរបរចិញ្ចឹមជីវិត និងការលើកកម្ពស់ប្រាក់ចំណូលជូនប្រជាពលរដ្ឋផងដែរ។

គេហទំព័រទេសចរណ៍វៀតណាមឈរនៅលំដាប់ទីពីរនៅអាស៊ីអាគ្នេយ៍ខាងចំនួនអ្នកចូលទស្សនា ទីក្រុង Ha Noi ទទួលភ្ញៀវទេសចរអន្តរជាតិជាង ៧,៥ លាននាក់
កោះ Mini Beach
កោះ Mini Beach

ការអភិវឌ្ឍវិស័យទេសចរណ៍មិនអាចវាស់វែងតែទៅលើចំនួនភ្ញៀវទេសចរ ទំហំគម្រោង ឬទុនវិនិយោគសរុបនោះទេ។ គម្រោងដ៏ធំមួយអាចនាំមកនូវប្រសិទ្ធភាពអាជីវកម្មជូនអ្នកវិនិយោគ ប៉ុន្តែមិនប្រាកដថាអាចបង្កើតកម្លាំងចលករអភិវឌ្ឍន៍សម្រាប់គោលដៅទេសចរណ៍ទាំងមូលឡើយ។ ដូចគ្នានេះដែរ ការកើនឡើងនៃចំនួនភ្ញៀវទេសចរមិនមែនមានន័យថាធនធានត្រូវបានការពារ ឬសហគមន៍មូលដ្ឋានទទួលបានផលប្រយោជន៍នោះទេ។

ចេញពីស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាននានា សមាជិករដ្ឋសភាបានលើកឡើងថា គោលនយោបាយពិសេសចាំបាច់ត្រូវឆ្ពោះទៅរកការអភិវឌ្ឍផលិតផលដែលមានសមត្ថភាពប្រកួតប្រជែង ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងការធានាផលប្រយោជន៍យូរអង្វែងជូនប្រជាពលរដ្ឋ។

ការផ្សារភ្ជាប់គោលនយោបាយអនុគ្រោះជាមួយនឹងប្រសិទ្ធភាពនៃការអភិវឌ្ឍគោលដៅទេសចរណ៍

នៅក្នុងកិច្ចពិភាក្សានេះ សមាជិករដ្ឋសភា លោក Dang Ngoc Huy (គណៈប្រតិភូសមាជិករដ្ឋសភាខេត្ត Quang Ngai) បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបែងចែកឱ្យបានច្បាស់លាស់រវាងការទាក់ទាញគម្រោងវិនិយោគដ៏ធំមួយ និងការអភិវឌ្ឍគោលដៅទេសចរណ៍ដែលមានសមត្ថភាពប្រកួតប្រជែង។

យោងតាមសមាជិករដ្ឋសភារូបនេះ គោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ចាំបាច់ត្រូវចាប់ផ្តើមចេញពីឧត្តមភាពរបស់មូលដ្ឋាននីមួយៗ និងតម្រូវការទីផ្សារ បន្ទាប់មកទើបកំណត់អំពីទំហំវិនិយោគ។ មុននឹងអនុវត្តគោលនយោបាយអនុគ្រោះ ចាំបាច់ត្រូវបញ្ជាក់ឱ្យបានច្បាស់ថាតើមូលដ្ឋានមានឧត្តមភាពខុសប្លែកពីគេអ្វីខ្លះ សំដៅទៅលើក្រុមភ្ញៀវទេសចរណាខ្លះ និងចាំបាច់ត្រូវអភិវឌ្ឍផលិតផល និងសេវាកម្មអ្វីខ្លះដើម្បីឆ្លើយតបទៅនឹងតម្រូវការ។

ដោយលើកយកស្រុកកោះ Ly Son ខេត្ត Quang Ngai ធ្វើជាឧទាហរណ៍ សមាជិករដ្ឋសភារូបនេះបានឱ្យដឹងថា មូលដ្ឋាននេះមានឧត្តមភាពខាងភូគព្ភសាស្ត្រភ្នំភ្លើង ទេសភាពសមុទ្រកោះ និងវប្បធម៌សហគមន៍។ សេចក្តីសម្រេចចិត្តលេខ ២៦ របស់ការិយាល័យនយោបាយ ក៏បានកំណត់ទិសដៅអភិវឌ្ឍន៍ស្រុកកោះ Ly Son ឱ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សមុទ្រ និងកោះផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ស្រុកកោះ Ly Son ចាំបាច់ត្រូវកំណត់ក្រុមភ្ញៀវទេសចរគោលដៅ កសាងផលិតផលពិសេសប្រចាំតំបន់ ពន្យារពេលវេលាស្នាក់នៅ និងបង្កើនកម្រិតចំណាយសម្រាប់សេវាកម្មនានាដែលផ្តល់ដោយប្រជាពលរដ្ឋនៅលើកោះ។ ផ្អែកលើមូលដ្ឋាននោះ ទើបជ្រើសរើសផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់ត្រូវវិនិយោគ។

សមាជិករដ្ឋសភារូបនេះបានកត់សម្គាល់ថា បញ្ហាទឹកស្អាត ការប្រព្រឹត្តកម្មសំណល់ និងសមត្ថភាពទ្រទ្រង់នៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ ត្រូវតែយកមកពិចារណានៅក្នុងដំណើរការអភិវឌ្ឍន៍។ ការបង្កើនចំនួនភ្ញៀវទេសចរមិនអាចដោះដូរជាមួយនឹងការធ្លាក់ចុះនៃធនធានទាំងឡាយដែលបង្កើតជាភាពទាក់ទាញរបស់គោលដៅទេសចរណ៍នោះឡើយ។

ចេញពីស្ថានភាពជាក់ស្តែងនេះ សមាជិករដ្ឋសភា លោក Dang Ngoc Huy បានស្នើឱ្យកែលម្អមាត្រា ២ និងមាត្រា ៥ នៃសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ឱ្យបានពេញលេញតាមទិសដៅផ្សារភ្ជាប់គោលនយោបាយអនុគ្រោះជាមួយនឹងលទ្ធផលនៃការស្រាវជ្រាវទីផ្សារ ការអភិវឌ្ឍផលិតផលពិសេសប្រចាំតំបន់ រយៈពេលស្នាក់នៅ កម្រិតចំណាយ ផលប្រយោជន៍សហគមន៍ និងសមត្ថភាពទ្រទ្រង់របស់បរិស្ថាន។

សមាជិករដ្ឋសភារូបនេះក៏បានចង្អុលបង្ហាញផងដែរថា រមណីយដ្ឋានសម្រាកលម្ហែខ្នាតធំមួយអាចធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព ប៉ុន្តែផលប៉ះពាល់ដល់សេដ្ឋកិច្ចមូលដ្ឋាននឹងមានកម្រិត ប្រសិនបើភ្ញៀវទេសចរប្រើប្រាស់សេវាកម្មភាគច្រើននៅតែខាងក្នុងរមណីយដ្ឋាន។ ផ្ទុយទៅវិញ ធុរកិច្ចខ្នាតតូច និងមធ្យមជាច្រើន ប្រសិនបើត្រូវបានតភ្ជាប់គ្នាជាខ្សែសង្វាក់ នឹងអាចរួមគ្នាបង្កើតការងារ ប្រាក់ចំណូល និងតម្លៃបន្ថែម។

ទោះបីជាសេចក្តីព្រាងបានលើកឡើងអំពីគោលនយោបាយគាំទ្រទេសចរណ៍សហគមន៍ អេកូឡូស៊ី កសិកម្ម និងភូមិសិប្បកម្មក៏ដោយ ក៏សមាជិករដ្ឋសភារូបនេះយល់ឃើញថា ចាំបាច់ត្រូវពង្រីកវិសាលភាពគ្របដណ្តប់ចំពោះគម្រោងទាំងឡាយណាដែលមានលទ្ធភាពបង្កើតជាផលិតផលពិសេសប្រចាំតំបន់ លើកកម្ពស់តម្លៃ និងអភិវឌ្ឍខ្សែសង្វាក់សេវាកម្មមូលដ្ឋាន។

តាមនោះ ការវាយតម្លៃលើការផ្តល់ការអនុគ្រោះ មិនត្រឹមតែផ្អែកលើដើមទុន កម្លាំងពលកម្ម និងចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចាំបាច់ត្រូវពិនិត្យមើលលើតម្លៃបន្ថែម កម្រិតនៃការតភ្ជាប់ជាមួយធុរកិច្ចមូលដ្ឋាន ប្រាក់ចំណូលសហគមន៍ និងការចំណាយចំពោះថវិកា និងបរិស្ថានទៀតផង។

ជាពិសេស ចាំបាច់ត្រូវមានយន្តការឃ្លាំមើល កែសម្រួល ឬដកហូតការអនុគ្រោះមកវិញ ប្រសិនបើអ្នកវិនិយោគមិនអនុវត្តតាមការប្តេជ្ញាចិត្តអំពីការស្នាក់នៅ ការតភ្ជាប់ជាមួយសហគមន៍ និងការការពារបរិស្ថាន។

ទន្ទឹមនឹងនេះ សមាជិករដ្ឋសភារូបនេះបានស្នើឱ្យកែលម្អមាត្រា ៥ និងមាត្រា ៦ ឱ្យបានពេញលេញតាមទិសដៅឯកភាពគ្នាជាមួយច្បាប់ស្តីពីការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ដើម្បីជៀសវាងការគាំទ្រជាន់គ្នា ឬបង្កឱ្យមានចន្លោះប្រហោងផ្នែកគោលនយោបាយ។

ការអភិវឌ្ឍធនធានមនុស្សផ្សារភ្ជាប់ជាមួយនឹងផលិតផលពិសេសប្រចាំតំបន់

សមាជិករដ្ឋសភា លោក Nguyen Hoang Giang (គណៈប្រតិភូសមាជិករដ្ឋសភាខេត្ត Dak Lak) បានលើកឡើងថា ធនធានមនុស្សគឺជាកត្តាកំណត់នូវលទ្ធភាពនៃការប្រែក្លាយសក្តានុពលទេសចរណ៍ឱ្យទៅជាផលិតផលដែលមានសមត្ថភាពប្រកួតប្រជែង។

ចេញពីស្ថានភាពជាក់ស្តែងនៅខេត្ត Dak Lak សមាជិករដ្ឋសភារូបនេះបានឱ្យដឹងថា មូលដ្ឋាននេះមានធនធានពិសេសៗជាច្រើន ដូចជាឧទ្យានជាតិ Yok Don ឧទ្យានជាតិ Chu Yang Sin បឹង Lak លំហវប្បធម៌គងឃ្មោះ Tay Nguyen និងភូមិកំណើតរបស់ជនជាតិ Ede និង M'Nong ជាដើម។ បន្ទាប់ពីការពង្រីកលំហអភិវឌ្ឍន៍ មូលដ្ឋាននេះក៏មានឧត្តមភាពក្នុងការតភ្ជាប់ទេសចរណ៍តំបន់ខ្ពង់រាបជាមួយនឹងសមុទ្រផងដែរ។

ទោះជាយ៉ាងណាក៏ដោយ សកម្មភាពទេសចរណ៍នៅមិនទាន់មានការអភិវឌ្ឍសមស្របទៅនឹងសក្តានុពលនៅឡើយទេ ដែលមួយផ្នែកគឺដោយសារការខ្វះខាតធនធានមនុស្សដែលមានជំនាញឯកទេស។

យោងតាមសមាជិករដ្ឋសភារូបនេះ ដើម្បីអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីនៅឧទ្យានជាតិ Yok Don ចាំបាច់ត្រូវមានក្រុមការងារដែលយល់ដឹងច្បាស់អំពីជីវវិទ្យា មានជំនាញក្នុងការបកស្រាយអំពីធម្មជាតិ ភាសាបរទេស ការរៀបចំការទទួលយកបទពិសោធន៍ និងការធានាសុវត្ថិភាព។

ដូចគ្នានេះដែរ ដើម្បីឱ្យកាហ្វេ Buon Ma Thuot ក្លាយជាផលិតផលទេសចរណ៍អន្តរជាតិ មិនត្រឹមតែត្រូវការធនធានមនុស្សផ្នែកឆុងកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការអ្នករចនាដំណើរកម្សាន្ត ការកសាងម៉ាកយីហោ និងការតភ្ជាប់ទីផ្សារផងដែរ។ ចំពោះទេសចរណ៍សហគមន៍ ប្រជាពលរដ្ឋចាំបាច់ត្រូវបំពាក់នូវជំនាញផ្តល់សេវាកម្ម ការណែនាំអំពីវប្បធម៌ និងការគ្រប់គ្រងអាជីវកម្ម។

សមាជិករដ្ឋសភា លោក Nguyen Hoang Giang បានសង្កត់ធ្ងន់ថា អ្វីដែលមូលដ្ឋានជាច្រើនកំពុងខ្វះខាត មិនមែនត្រឹមតែជាកម្លាំងពលកម្មបម្រើសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាធនធានមនុស្សដែលមានសមត្ថភាពអភិវឌ្ឍផលិតផលទេសចរណ៍ដែលមានតម្លៃខ្ពស់។

ចេញពីចំណុចនេះ សមាជិករដ្ឋសភារូបនេះបានស្នើឱ្យបន្ថែមនៅក្នុងកថាខណ្ឌទី ១ មាត្រា ១០ នូវគោលការណ៍គាំទ្រការបណ្តុះបណ្តាលទៅតាមតម្រូវការនៃការអភិវឌ្ឍផលិតផលពិសេសប្រចាំតំបន់ ដោយផ្តល់អាទិភាពដល់ក្រុមការងារគ្រប់គ្រងគោលដៅទេសចរណ៍ អ្នកជំនាញអភិវឌ្ឍផលិតផល ទីផ្សារទេសចរណ៍អន្តរជាតិ និងមគ្គុទ្ទេសក៍ទេសចរណ៍ឯកទេសស៊ីជម្រៅ។

ប្រសិទ្ធភាពនៃការបណ្តុះបណ្តាលចាំបាច់ត្រូវវាយតម្លៃទៅលើសមត្ថភាពវិជ្ជាជីវៈ និងលទ្ធភាពនៃការបង្កើតការងារដែលមានប្រាក់ចំណូលខ្ពស់ ជំនួសឱ្យការផ្អែកតែទៅលើចំនួនអ្នកចូលរួមប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ សមាជិករដ្ឋសភារូបនេះបានស្នើឱ្យមានយន្តការគាំទ្រពីថវិកាថ្នាក់កណ្តាលសម្រាប់កម្មវិធីបណ្តុះបណ្តាលឯកទេសស៊ីជម្រៅនៅតាមមូលដ្ឋានដែលជួបការលំបាក ដែលតាមរយៈនោះជួយបង្រួមគម្លាតអំពីលទ្ធភាពទាក់ទាញ និងរក្សាទុកធនធានមនុស្សផ្នែកទេសចរណ៍រវាងតំបន់នានា។

ការអភិរក្សវប្បធម៌ និងការធានាឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍

សមាជិករដ្ឋសភា លោក Nguyen Van Huy (គណៈប្រតិភូសមាជិករដ្ឋសភាខេត្ត Hung Yen) បានសង្កត់ធ្ងន់លើតម្រូវការនៃការអភិរក្សតម្លៃទាំងឡាយដែលបង្កើតជាអត្តសញ្ញាណរបស់គោលដៅទេសចរណ៍ និងការធានាឱ្យសហគមន៍មូលដ្ឋានទទួលបានផលប្រយោជន៍យ៉ាងពិតប្រាកដពីការអភិវឌ្ឍវិស័យទេសចរណ៍។

យោងតាមសមាជិករដ្ឋសភារូបនេះ ការធ្វើអាជីវកម្មលើវប្បធម៌ដើម្បីបម្រើដល់វិស័យទេសចរណ៍ មិនមែនមានន័យថាតម្លៃប្រពៃណីទាំងឡាយត្រូវបានអភិរក្សដោយស្វ័យប្រវត្តិនោះទេ។

ស្ថានភាពជាក់ស្តែងនៅកន្លែងមួយចំនួនបានបង្ហាញឱ្យឃើញថា ពិធីបុណ្យនានាត្រូវបានធ្វើឱ្យក្លាយជាការសម្តែងលើឆាក ទំនៀមទម្លាប់ប្រពៃណីត្រូវបានផ្លាស់ប្តូរទៅតាមតម្រូវការរបស់ភ្ញៀវទេសចរ ខណៈដែលលំហវប្បធម៌ប្រពៃណីកំពុងប្រឈមនឹងហានិភ័យនៃការរួមតូច ឬការធ្វើពាណិជ្ជកម្ម។

ដូច្នេះ សមាជិករដ្ឋសភារូបនេះបានស្នើឱ្យបន្ថែមនៅក្នុងមាត្រា ២ នូវគោលការណ៍នៃការធ្វើអាជីវកម្មលើតម្លៃវប្បធម៌ដើម្បីបម្រើដល់វិស័យទេសចរណ៍ ដោយមិនត្រូវធ្វើឱ្យបាត់បង់ទ្រង់ទ្រាយដើម ឬសាបរលាបនូវអត្តសញ្ញាណ ទំនៀមទម្លាប់ និងលំហរស់នៅរបស់សហគមន៍ឡើយ។

ចំពោះគម្រោងទេសចរណ៍សហគមន៍ កសិកម្ម អេកូឡូស៊ី និងភូមិសិប្បកម្ម នៅក្នុងកថាខណ្ឌទី ៦ មាត្រា ៥ ចាំបាច់ត្រូវមានផែនការអភិរក្សវប្បធម៌ពិសេសប្រចាំតំបន់ និងការវាយតម្លៃផលប៉ះពាល់នៃសកម្មភាពទេសចរណ៍ចំពោះជីវភាពរស់នៅរបស់សហគមន៍។

ក្រៅពីនេះ ការចូលរួម និងការទទួលបានផលប្រយោជន៍របស់ប្រជាពលរដ្ឋ ត្រូវតែធ្វើឱ្យមានលក្ខណៈជាក់ស្តែងតាមរយៈយន្តការដ៏ច្បាស់លាស់ ជំនួសឱ្យការបញ្ឈប់ត្រឹមតែការប្តេជ្ញាចិត្តនៅក្នុងសំណុំឯកសារគម្រោងប៉ុណ្ណោះ។

សមាជិករដ្ឋសភារូបនេះបានលើកឡើងថា នៅតាមមូលដ្ឋានជាច្រើន ទេសភាព បេតិកភណ្ឌ ទំនៀមទម្លាប់ និងមុខរបរប្រពៃណី ត្រូវបានសហគមន៍ថែរក្សាឆ្លងកាត់ជាច្រើនជំនាន់មកហើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលវិស័យទេសចរណ៍មានការអភិវឌ្ឍ ផលប្រយោជន៍សេដ្ឋកិច្ចអាចប្រមូលផ្តុំជាចម្បងទៅលើធុរកិច្ច ខណៈដែលប្រជាពលរដ្ឋទទួលបានតែការងារដែលមានប្រាក់ចំណូលទាបប៉ុណ្ណោះ។

ហេតុដូច្នេះ ផែនការបែងចែកផលប្រយោជន៍ចាំបាច់ត្រូវកំណត់ឱ្យបានជាក់លាក់នូវទម្រង់នៃការចូលរួម ទំនួលខុសត្រូវ សិទ្ធិផលប្រយោជន៍របស់សហគមន៍ និងយន្តការចែករំលែករវាងអ្នកវិនិយោគជាមួយប្រជាពលរដ្ឋ ព្រមទាំងធានាឱ្យមានការពិគ្រោះយោបល់ជាមួយក្រុមដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ផងដែរ។

ពាក់ព័ន្ធនឹងកថាខណ្ឌទី ៣ មាត្រា ៧ សមាជិករដ្ឋសភារូបនេះបានស្នើឱ្យលើកទឹកចិត្តដល់កិច្ចសន្យាផ្សារភ្ជាប់ការប្រើប្រាស់ផលិតផលរយៈពេលវែង ដែលមានការប្តេជ្ញាចិត្តអំពីបរិមាណ គុណភាព និងតម្លៃប្រមូលទិញដ៏សមរម្យ។

គោលដៅគឺដើម្បីជួយឱ្យកសិករ សិប្បករ និងអ្នកប្រកបមុខរបរប្រពៃណី មានទីផ្សារប្រើប្រាស់ប្រកបដោយស្ថិរភាព បង្កើតប្រាក់ចំណូល និងកម្លាំងចលករក្នុងការថែរក្សាវប្បធម៌មូលដ្ឋាន។

សមាជិករដ្ឋសភា លោក Nguyen Van Huy ក៏បានស្នើឱ្យផ្តល់អាទិភាពដល់ប្រភពធនធានសម្រាប់ការអភិរក្សសាលាភូមិ វត្តអារាម ផ្ទះបុរាណ អណ្តូងភូមិ ដើមពោធិ៍ កំពង់ទឹក ភូមិសិប្បកម្ម និងលំហរស់នៅសហគមន៍នានាដែលកំពុងប្រឈមនឹងហានិភ័យនៃការបាត់បង់ផងដែរ។

ការគាំទ្រចាំបាច់ត្រូវផ្អែកលើតម្លៃវប្បធម៌ កម្រិតនៃការចូលរួម និងលទ្ធភាពនៃការទទួលបានផលប្រយោជន៍របស់ប្រជាពលរដ្ឋ ព្រមទាំងសមស្របទៅនឹងលក្ខខណ្ឌថវិកា និងប្រសិទ្ធភាពនៃការវិនិយោគ។

យោងតាមសមាជិករដ្ឋសភារូបនេះ ការអភិវឌ្ឍនៃវិស័យទេសចរណ៍ត្រូវតែវាស់វែងដោយតម្លៃវប្បធម៌ដែលត្រូវបានថែរក្សា មុខរបរចិញ្ចឹមជីវិតដែលត្រូវបានបង្កើតឡើង និងកម្រិតនៃការទទួលបានផលប្រយោជន៍របស់សហគមន៍ មិនមែនត្រឹមតែវាស់វែងដោយចំនួនភ្ញៀវទេសចរ ឬប្រាក់ចំណូលប៉ុណ្ណោះទេ។

ការបែងចែកធនធានឱ្យសមស្របទៅនឹងឧត្តមភាពរបស់មូលដ្ឋាននីមួយៗ

នៅក្នុងទិដ្ឋភាពគោលនយោបាយម៉ាក្រូ សមាជិករដ្ឋសភា លោក Tran Hoang Ngan (គណៈប្រតិភូសមាជិករដ្ឋសភាទីក្រុង Ho Chi Minh) បានឯកភាពចំពោះភាពចាំបាច់នៃការចេញសេចក្តីសម្រេចចិត្តនេះ ក្នុងគោលបំណងធ្វើស្ថាប័នូបនីយកម្មនូវគោលការណ៍ណែនាំក្នុងការប្រែក្លាយវិស័យទេសចរណ៍ឱ្យទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ។

យោងតាមសមាជិករដ្ឋសភារូបនេះ ចាំបាច់ត្រូវបែងចែកឱ្យបានច្បាស់លាស់រវាងវិស័យទាំងឡាយណាដែលរដ្ឋគួរវិនិយោគ និងវិស័យទាំងឡាយណាដែលអាចកៀរគរធនធានពីធុរកិច្ចឯកជន ប្រជាពលរដ្ឋ និងអ្នកវិនិយោគបរទេស។

ប្រទេសវៀតណាមមានឧត្តមភាពជាច្រើនខាងធម្មជាតិ វប្បធម៌ និងទីតាំងភូមិសាស្ត្រ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍។ ហេតុដូច្នេះ ថវិការដ្ឋចាំបាច់ត្រូវផ្តល់អាទិភាពដល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានគ្រឹះដែលប្រើប្រាស់រួមគ្នា ដូចជា ការតភ្ជាប់គមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទិន្នន័យ ការគ្រប់គ្រងគោលដៅទេសចរណ៍ឆ្លាតវៃ និងការបណ្តុះបណ្តាលធនធានមនុស្សឯកទេសស៊ីជម្រៅ។

ក្រៅពីនេះ រដ្ឋចាំបាច់ត្រូវលៃលកប្រភពធនធានសម្រាប់ការអភិរក្សបេតិកភណ្ឌ ការការពារបរិស្ថាន ការជំរុញ និងការផ្សព្វផ្សាយម៉ាកយីហោទេសចរណ៍ជាតិ។

ចំពោះវិស័យទាំងឡាយណាដែលមានលទ្ធភាពកៀរគរទុនពីសង្គម សមាជិករដ្ឋសភារូបនេះបានស្នើឱ្យទាក់ទាញអ្នកវិនិយោគយុទ្ធសាស្ត្រដែលមានសមត្ថភាពហិរញ្ញវត្ថុ បច្ចេកវិទ្យា ការគ្រប់គ្រង និងម៉ាកយីហោអន្តរជាតិ ឱ្យចូលរួមក្នុងគម្រោងខ្នាតធំដែលមានឥទ្ធិពលរីកសាយភាយ។

ទន្ទឹមនឹងនេះ នៅក្នុងកថាខណ្ឌទី ១ មាត្រា ៦ សមាជិករដ្ឋសភារូបនេះបានស្នើឱ្យបន្ថែមគោលនយោបាយគាំទ្រអំពីពន្ធដារ កម្រៃសេវា ដីធ្លី និងការទទួលបានប្រភពទុនសម្រាប់គម្រោងទេសចរណ៍សហគមន៍ កសិកម្ម អេកូឡូស៊ី និងភូមិសិប្បកម្ម ជាពិសេសនៅតាមតំបន់ជនជាតិភាគតិច តំបន់ភ្នំ តំបន់ព្រំដែន តំបន់សមុទ្រកោះ តំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាក។

មតិយោបល់នានានៅក្នុងកិច្ចពិភាក្សាបានបង្ហាញឱ្យឃើញថា តម្រូវការនៃការកែលម្អគោលនយោបាយពិសេសឱ្យបានពេញលេញ មិនមែនស្ថិតនៅលើការបង្កើនការអនុគ្រោះ ឬការពង្រីកបញ្ជីគម្រោងដែលទទួលបានការគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការកំណត់ឱ្យបានត្រឹមត្រូវនូវគោលដៅវិនិយោគ និងតម្លៃដែលចាំបាច់ត្រូវបង្កើតឡើងសម្រាប់មូលដ្ឋាននីមួយៗ។

គោលដៅទេសចរណ៍មួយអាចត្រូវបានកសាងឡើងដោយហេដ្ឋារចនាសម្ព័ន្ធទំនើប និងគម្រោងខ្នាតធំ ប៉ុន្តែភាពទាក់ទាញយូរអង្វែងគឺនៅអាស្រ័យលើអត្តសញ្ញាណវប្បធម៌ គុណភាពផលិតផល បរិស្ថាន និងការចូលរួមរបស់សហគមន៍ផងដែរ។

នៅពេលដែលគោលនយោបាយអនុគ្រោះត្រូវបានផ្សារភ្ជាប់ជាមួយនឹងលទ្ធផលនៃការអភិវឌ្ឍរួមរបស់គោលដៅទេសចរណ៍ ជំនួសឱ្យប្រសិទ្ធភាពដាច់ដោយឡែកនៃគម្រោងនីមួយៗនោះ វិស័យទេសចរណ៍ទើបអាចបង្កើតកំណើនយ៉ាងពិតប្រាកដ ព្រមទាំងអភិរក្សតម្លៃវប្បធម៌ ធម្មជាតិ និងមុខរបរចិញ្ចឹមជីវិត ដែលបង្កើតជាជីវិតរស់រវើកយូរអង្វែងរបស់មូលដ្ឋាន៕

ទីក្រុង Hue ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ជាមួយកម្ពុជា ទីក្រុង Hue ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ជាមួយកម្ពុជា
យុគសម័យ - កាលពីថ្ងៃទី ២៨ ខែតុលា នៅក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងនៃគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំទីក្រុង Hue បានសម្តែងនូវបំណងពង្រឹងការតភ្ជាប់ជាមួយបណ្តាមូលដ្ឋានកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ទេសចរណ៍ អប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
ការកសាងម៉ាកយីហោពិធីបុណ្យចេញពីអត្តសញ្ញាណមូលដ្ឋាន ការកសាងម៉ាកយីហោពិធីបុណ្យចេញពីអត្តសញ្ញាណមូលដ្ឋាន
យុគសម័យ - ចាប់ពីបណ្តាពិធីបុណ្យប្រពៃណី រហូតដល់ព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈទំនើប មូលដ្ឋានជាច្រើនកំពុងទាញយកផលពីប្រៀបខ្លាំងដោយឡែក ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ពិសេស។ ការផ្លាស់ប្តូរថ្មីនូវវិធីសាស្ត្ររៀបចំ ការពង្រីកការចូលរួមរបស់សហគមន៍ បានរួមចំណែកប្រែក្លាយវប្បធម៌ឱ្យទៅជាប្រភពធនធានជំរុញសេដ្ឋកិច្ច និងទេសចរណ៍។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គោលនយោបាយទេសចរណ៍ត្រូវតែបង្កើតផលប្រយោជន៍ជូនសហគមន៍
វៀតណាម - ម៉ាឡេស៊ី មានសក្តានុពលសហប្រតិបត្តិការអភិវឌ្ឍមនុស្សយន្ត
យុវជនវៀតណាម - ឡាវ - កម្ពុជា ស្នើដំណោះស្រាយបង្កើនការតភ្ជាប់
ប្រជានេសាទទីក្រុង Da Nang ជាង ១៥០ នាក់ ត្រូវបានផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU
ទីក្រុង Ha Noi ទទួលភ្ញៀវទេសចរអន្តរជាតិជាង ៧,៥ លាននាក់

អានច្រើនបំផុត

ម្សៅទឹកដោះគោកុមារ Vinamilk Optimum Gold ទទួលបានកិត្តិយសជាម៉ាកយីហោប្រចាំឆ្នាំ នៅពិធីប្រគល់ពានរង្វាន់ម៉ាកយីហោពិភពលោក ២០២៦-២០២៧
ទីក្រុងហូជីមិញស្វែងរកដំណោះស្រាយបង្កើនការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យ
ទីក្រុង Ho Chi Minh កសាងម៉ាកយីហោទេសចរណ៍ប្រកបដោយចីរភាព
ទេសចរណ៍វៀតណាមបង្កើនល្បឿនឆ្ពោះទៅកាន់គោលដៅទទួលភ្ញៀវអន្តរជាតិ ២៥ លាននាក់ក្នុងឆ្នាំ ២០២៦
ទីក្រុង Ha Noi អភិវឌ្ឍផលិតផលទេសចរណ៍ថ្មី បង្កើនការតភ្ជាប់គោលដៅទេសចរណ៍ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៦