យុគសម័យ - នាថ្ងៃទី ២៦ ខែតុលា នៅ Ha Noi ការតាំងពិព័រណ៍រូបថត «បណ្តាបេតិកភណ្ឌពិភពលោករបស់វៀតណាម» បានបើកសម្ពោធជាមួយនឹងស្នាដៃចំនួន ១០០ ផ្ទាំង ដែលណែនាំអំពីបេតិកភណ្ឌចំនួន ៣០ តាមរយៈនោះលើកតម្កើងតម្លៃបេតិកភណ្ឌជាតិ ផ្សព្វផ្សាយរូបភាពប្រទេសជាតិ និងប្រជាជនវៀតណាម ព្រមទាំងអះអាងពីតួនាទីនៃសិល្បៈថតរូបក្នុងការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌ។
| ពិធីបើកការប្រកួត និងពិព័រណ៍រូបថតសិល្បៈជាតិលើកទី៤ «មានមោទនភាពចំពោះតំបន់ព្រំដែនរបស់យើង» Phu Quoc តភ្ជាប់វប្បធម៌វៀតណាម - កូរ៉េខាងត្បូង តាមរយៈសិល្បៈ និងបទពិសោធន៍ |
![]() |
| អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Ta Quang Dong ថ្លែងសុន្ទរកថាបើកសម្ពោធការតាំងពិព័រណ៍។ |
ការតាំងពិព័រណ៍នេះស្ថិតក្រោមការចង្អុលបង្ហាញរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងចាត់តាំងឱ្យនាយកដ្ឋានវិចិត្រសិល្បៈ ការថតរូប និងពិព័រណ៍ជាអ្នករៀបចំ។
ថ្លែងក្នុងពិធីបើកសម្ពោធ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Ta Quang Dong បានឱ្យដឹងថា ប្រទេសវៀតណាមមានខឿនវប្បធម៌ដ៏សម្បូរបែប និងចម្រុះពណ៌ ដែលត្រូវបានពូនជ្រុំឆ្លងកាត់ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ។
ចាប់ពីសំណង់ស្ថាបត្យកម្ម បូជនីយដ្ឋានប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ រហូតដល់ទម្រង់សិល្បៈ ពិធីបុណ្យ ជំនឿ សិប្បកម្មប្រពៃណី និងឯកសារដ៏មានតម្លៃ បេតិកភណ្ឌនីមួយៗសុទ្ធតែផ្ទុកនូវរឿងរ៉ាវប្រវត្តិសាស្ត្រ អត្តសញ្ញាណ បញ្ញាញាណ និងគំនិតច្នៃប្រឌិតរបស់ប្រជាជាតិ។
នេះមិនត្រឹមតែជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានរបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃសម្បត្តិបេតិកភណ្ឌរួមរបស់មនុស្សជាតិទាំងមូលផងដែរ។
យោងតាមអនុរដ្ឋមន្ត្រី Ta Quang Dong បក្ស និងរដ្ឋ តែងតែយកចិត្តទុកដាក់លើការកសាង និងអភិវឌ្ឍន៍វប្បធម៌ ដោយចាត់ទុកវប្បធម៌ជាគ្រឹះខាងស្មារតីនៃសង្គម និងជាធនធានផ្ទៃក្នុងដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
អាស្រ័យហេតុនេះ ការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌ មិនត្រឹមតែជាការថែរក្សាសមិទ្ធផលនៃអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកការពារអត្តសញ្ញាណជាតិ ពូនជ្រុំមោទនភាព និងផ្ទេរបន្តនូវតម្លៃល្អផូរផង់ជូនដល់យុវជនជំនាន់ក្រោយៗទៀត។
នាំយកបេតិកភណ្ឌឱ្យខិតកាន់តែកៀកជិតនឹងសាធារណជន
ការតាំងពិព័រណ៍ឆ្នាំ ២០២៦ បានបន្តវេនពីលទ្ធផលនៃការរៀបចំលើកមុន ព្រមទាំងធ្វើបច្ចុប្បន្នភាព និងបំពេញបន្ថែមនូវរូបភាពស្តីពីបណ្តាបេតិកភណ្ឌវៀតណាមដែលត្រូវបានអង្គការ UNESCO ចុះបញ្ជី។
ជាមួយនឹងស្នាដៃចំនួន ១០០ ផ្ទាំង ដែលណែនាំអំពីបេតិកភណ្ឌចំនួន ៣០ ការតាំងពិព័រណ៍បាននាំមកនូវទស្សនវិស័យយ៉ាងរស់រវើកអំពីភាពស្រស់ស្អាតនៃប្រទេសជាតិ មនុស្ស និងជម្រៅវប្បធម៌វៀតណាម។
បណ្តាស្នាដៃបានណែនាំអំពីបេតិកភណ្ឌលេចធ្លោជាច្រើន ដូចជា មណ្ឌលកេរដំណែលរាជធានីចាស់ Hue ទីក្រុងបុរាណ Hoi An តំបន់កេរដំណែលចាម My Son ឈូងសមុទ្រ Ha Long ឧទ្យានជាតិ Phong Nha - Ke Bang តំបន់រមណីយដ្ឋាន Trang An រួមជាមួយនឹងបេតិកភណ្ឌវប្បធម៌អរូបី និងបេតិកភណ្ឌឯកសារជាច្រើនទៀត។
ស្នាដៃនីមួយៗមិនត្រឹមតែផ្តិតយករូបភាពនៃតំបន់ប្រវត្តិសាស្ត្រ ឬជីវភាពរស់នៅខាងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីដំណើររឿងអំពីប្រវត្តិសាស្ត្រ អនុស្សាវរីយ៍ ទំនៀមទម្លាប់ប្រពៃណី និងទំនាក់ទំនងរវាងមនុស្សជាមួយធម្មជាតិផងដែរ។
តាមរយៈលទ្ធភាពនៃការរក្សាទុកនូវខណៈពេលដ៏មានអត្ថន័យ និងការផ្ទេរនូវអារម្មណ៍ សិល្បៈថតរូបបានរួមចំណែកជួយសាធារណជនឱ្យចូលទៅកាន់បេតិកភណ្ឌកាន់តែជិតស្និទ្ធ បំផុសមោទនភាពជាតិ និងលើកកម្ពស់ស្មារតីថែរក្សាតម្លៃនានាដែលត្រូវបានផ្ទេរបន្តឆ្លងកាត់ច្រើនជំនាន់។
ការតាំងពិព័រណ៍បានណែនាំអំពីបណ្តាបេតិកភណ្ឌពិភពលោករបស់វៀតណាម តាមរយៈក្រុមខ្លឹមសារចំនួន ៧ រួមមាន៖ បេតិកភណ្ឌវប្បធម៌ពិភពលោក បេតិកភណ្ឌធម្មជាតិពិភពលោក បេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក បេតិកភណ្ឌវប្បធម៌អរូបីតំណាងឱ្យមនុស្សជាតិ បេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការការពារជាបន្ទាន់ បេតិកភណ្ឌឯកសារពិភពលោក រួមទាំងក្រុមបេតិកភណ្ឌប្រាប់ដោយផ្ទាល់មាត់និងអរូបីដែលត្រូវបាន UNESCO ផ្តល់កិត្តិយស។
តាមរយៈភាសានៃសិល្បៈថតរូប ភាពស្រស់ស្អាតនៃទេសភាព ស្លាកស្នាមប្រវត្តិសាស្ត្រ ភាពសម្បូរបែបនៃជីវភាពវប្បធម៌ និងកម្លាំងរស់រវើកនៃតម្លៃប្រពៃណីនានា ត្រូវបានណែនាំជូនសាធារណជនយ៉ាងច្បាស់លាស់ និងរស់រវើក។
ផ្សារភ្ជាប់ការអភិរក្សជាមួយនឹងការផ្សព្វផ្សាយ និងការច្នៃប្រឌិត
ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល និងសមាហរណកម្មអន្តរជាតិ ការពង្រីកតម្លៃនៃរូបភាព ការផ្លាស់ប្តូរថ្មីនូវវិធីសាស្ត្រសារគមនាគមន៍ និងការពង្រីកលទ្ធភាពនៃការចូលទៅកាន់បេតិកភណ្ឌ កាន់តែមានអត្ថន័យសំខាន់ឡើងជាលំដាប់។
តាមអនុរដ្ឋមន្ត្រី Ta Quang Dong សកម្មភាពនានាដូចជាការតាំងពិព័រណ៍នេះ បានរួមចំណែកតភ្ជាប់ការអភិរក្សបេតិកភណ្ឌជាមួយនឹងការច្នៃប្រឌិតសិល្បៈ ការអប់រំ ការផ្សព្វផ្សាយវប្បធម៌ និងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ដោយនាំយកតម្លៃបេតិកភណ្ឌឱ្យខិតកាន់តែកៀកជិតនឹងសាធារណជនក្នុងប្រទេស និងមិត្តភក្តិអន្តរជាតិ។
អនុរដ្ឋមន្ត្រីបានកត់សម្គាល់នូវការប្រឹងប្រែងពលកម្មយ៉ាងម៉ត់ចត់ ចំណង់ចំណូលចិត្តក្នុងការច្នៃប្រឌិត និងការរួមចំណែករបស់ក្រុមសិល្បករថតរូបវៀតណាម ព្រមទាំងមានបំណងឱ្យបណ្តាសិល្បករបន្តស្វែងរកវិធីសាស្ត្របង្ហាញថ្មីៗ លើកកម្ពស់គុណភាពសិល្បៈ និងតម្លៃមនោគមវិជ្ជានៃស្នាដៃ។
លោកក៏បានស្នើឱ្យបណ្តាស្ថាប័ន អង្គការ អ្នកស្រាវជ្រាវ និងសហគមន៍ បន្តសហការគ្នាក្នុងការការពារ និងពង្រីកតម្លៃបេតិកភណ្ឌ ដោយយកចិត្តទុកដាក់ជាពិសេសលើការអប់រំយុវជនជំនាន់ក្រោយ ដើម្បីឱ្យសេចក្តីស្រឡាញ់បេតិកភណ្ឌក្លាយទៅជាការយល់ដឹង និងសកម្មភាពជាក់ស្តែង។
ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងសំដៅឆ្ពោះទៅកាន់ទិវាបេតិកភណ្ឌវប្បធម៌វៀតណាម ថ្ងៃទី ២៣ ខែវិច្ឆិកា និងទិវាវប្បធម៌វៀតណាម ថ្ងៃទី ២៤ ខែវិច្ឆិកា ដោយរួមចំណែកផ្សព្វផ្សាយសារអំពីតួនាទីរបស់វប្បធម៌ និងបេតិកភណ្ឌក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ។
តាមរយៈការតាំងពិព័រណ៍ សាធារណជនមានឱកាសបន្ថែមទៀតក្នុងការស្វែងយល់អំពីតម្លៃដ៏វិសេសវិសាលនៃបេតិកភណ្ឌវៀតណាម ពូនជ្រុំមោទនភាពជាតិ និងលើកកម្ពស់ស្មារតីរួមដៃគ្នាថែរក្សាទ្រព្យសម្បត្តិដ៏មានតម្លៃដែលត្រូវបានផ្ទេរបន្តឆ្លងកាត់ច្រើនជំនាន់។
ការតាំងពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែតុលា រហូតដល់ដំណាច់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅសាលពិព័រណ៍លេខ ២៩ វិថី Hang Bai សង្កាត់ Cua Nam រាជធានី Ha Noi៕
សិល្បៈសម្តែងឈុតឆាកពិតបង្កើតឡើងវិញនូវប្រវត្តិសាស្ត្រ និងវប្បធម៌ Thang Long – Ha Noi កម្មវិធីសិល្បៈសម្តែងឈុតឆាកពិត “វៀតណាម-ប្រវត្តិសាស្រ្តត្រចះត្រចង់ ៖ Thang Long - Tu Tran" គឺជាការរួមផ្សំនៃបច្ចេកវិជ្ជាបញ្ចាំងពន្លឺ រួមបញ្ចូលគ្នាជាមួយសិល្បៈប្រជាប្រិយនៅលើឆាកដ៏ធំ ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ប្រារព្ធឡើងនៅតំបន់បេតិកភណ្ឌរាជវាំង Thang Long – Ha Noi កាលពីថ្ងៃទី ២៩ ខែធ្នូ។ |
លោកអគ្គលេខាបក្ស To Lam អញ្ជើញចូលរួមកម្មវិធីសិល្បៈនយោបាយ “រស់ក្នុងដួងចិត្តប្រជាជន” នាល្ងាចថ្ងៃទី ១៨ មករា នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សនគរបាលមជ្ឈិម ក្រសួងនគរបាល បានរៀបចំកម្មវិធីសិល្បៈនយោបាយ “រស់ក្នុងដួងចិត្តប្រជាជន” ដើម្បីជួបសំណេះសំណាល និងលើកតម្កើងគំរូនគរបាលឃុំ ទីរួមស្រុក និងកងកម្លាំងចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន |

មតិពីមិត្តអ្នកអាន