ខួប ៦៥ ឆ្នាំនៃមហន្តរាយជាតិគីមីពណ៌ទឹកក្រូច៖ បំប្លែងការចែករំលែកឱ្យទៅជាសកម្មភាពជាក់ស្តែង

08:50 | 27/10/2026 ឌឹកអាញ់

យុគសម័យ - ក្រោយរយៈពេល ៦៥ ឆ្នាំ ផលវិបាកនៃជាតិគីមីពណ៌ទឹកក្រូច/ឌីអុកស៊ីន នៅតែបន្តកើតមាននៅក្នុងក្រុមគ្រួសារ និងសហគមន៍ជាច្រើន ចាប់តាំងពីវិបាកបន្សល់ទុកអូសបន្លាយឆ្លងកាត់ច្រើនជំនាន់ រហូតដល់ការបំពុលបរិស្ថាននៅតាមតំបន់ដែលរងផលប៉ះពាល់។ ការពិតជាក់ស្តែងនេះ បន្តកំណត់នូវតម្រូវការក្នុងការកៀរគរប្រភពធនធានក្នុងប្រទេស និងអន្តរជាតិ សម្រាប់ការថែទាំជនរងគ្រោះ ការស្តារបរិស្ថានឡើងវិញ និងការដោះស្រាយផលវិបាកនៃសង្គ្រាមប្រកបដោយចីរភាព។

សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូជាង ៨.០០០ នាក់នៅខេត្ត Thai Nguyen ចូលរួមលើកកម្ពស់ជំនាញបង្ការ និងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ សិស្សានុសិស្សជាង ៩០០ នាក់នៅ Tuyen Quang អនុវត្តរបៀបរស់នៅបៃតង
កិច្ចពិភាក្សាអន្តរជាតិក្រោមប្រធានបទ «ខួប ៦៥ ឆ្នាំនៃមហន្តរាយជាតិគីមីពណ៌ទឹកក្រូចនៅប្រទេសវៀតណាម»
កិច្ចពិភាក្សាអន្តរជាតិក្រោមប្រធានបទ «ខួប ៦៥ ឆ្នាំនៃមហន្តរាយជាតិគីមីពណ៌ទឹកក្រូចនៅប្រទេសវៀតណាម»

នាថ្ងៃទី ២១ ខែតុលា សមាគមជនរងគ្រោះដោយជាតិគីមីពណ៌ទឹកក្រូច/ឌីអុកស៊ីនវៀតណាម (VAVA), សហភាពបណ្តាអង្គការមិត្តភាពវៀតណាម (VUFO) និងមជ្ឈមណ្ឌលសកម្មភាពជាតិដោះស្រាយផលវិបាកនៃសារធាតុគីមីពុល និងបរិស្ថាន (NACCET) សហការជាមួយសមាគមវៀតណាម - អាមេរិក (VUS) បានរៀបចំកិច្ចពិភាក្សាអន្តរជាតិក្រោមប្រធានបទ «ខួប ៦៥ ឆ្នាំនៃមហន្តរាយជាតិគីមីពណ៌ទឹកក្រូចនៅប្រទេសវៀតណាម»។

វិបាកបន្សល់ទុកអូសបន្លាយឆ្លងកាត់ច្រើនជំនាន់

តាមការប៉ាន់ប្រមាណ មនុស្សប្រមាណ ៤,៨ លាននាក់នៅវៀតណាមបានរងការប៉ះពាល់ដោយសារធាតុគីមីពុល ក្នុងនោះប្រមាណ ៣ លាននាក់ជាជនរងគ្រោះដោយជាតិគីមីពណ៌ទឹកក្រូច/ឌីអុកស៊ីន។

ផលវិបាកមិនត្រឹមតែជះឥទ្ធិពលផ្ទាល់ដល់អ្នកដែលធ្លាប់រស់នៅ និងប្រយុទ្ធនៅតាមតំបន់ដែលរងការបាញ់ព្រួសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអូសបន្លាយឆ្លងកាត់ច្រើនជំនាន់ទៀតផង។ ស្ថិតិមិនទាន់ពេញលេញគិតត្រឹមឆ្នាំ ២០២៤ បានបង្ហាញថា ទូទាំងប្រទេសមានជនរងគ្រោះជំនាន់ទី ៣ ជាង ៣៥.០០០ នាក់ និងជនរងគ្រោះជំនាន់ទី ៤ ជាង ៦.០០០ នាក់។

នៅពីក្រោយតួលេខទាំងនេះ គឺក្រុមគ្រួសារជាច្រើនត្រូវចំណាយពេលយូរអង្វែងក្នុងការថែទាំសាច់ញាតិ ខណៈដែលជនរងគ្រោះមិនតិចនាក់នោះទេត្រូវការការគាំទ្រផ្នែកវេជ្ជសាស្ត្រ ការស្តារនីតិសម្បទា មុខរបរចិញ្ចឹមជីវិត និងលក្ខខណ្ឌធ្វើសមាហរណកម្មចូលក្នុងសហគមន៍។

ការដោះស្រាយការបំពុលឌីអុកស៊ីន និងការស្តារបរិស្ថានឡើងវិញនៅតាមតំបន់ដែលរងផលប៉ះពាល់ ក៏បន្តទាមទារនូវប្រភពធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការសម្របសម្រួលយូរអង្វែងរវាងស្ថាប័ន អង្គការនានាក្នុងប្រទេស និងអន្តរជាតិ។

ថ្លែងនៅក្នុងកិច្ចពិភាក្សា លោក Dong Huy Cuong អនុប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម បានសង្កត់ធ្ងន់ថា ទោះបីជាសង្គ្រាមបានបញ្ចប់ទៅអស់រយៈពេលជាងកន្លះសតវត្សរ៍ក៏ដោយ ក៏ផលវិបាកនៅតែបន្តកើតមាននៅក្នុងក្រុមគ្រួសារ និងសហគមន៍ជាច្រើន។

បក្ស រដ្ឋ និងប្រជាជនវៀតណាម តែងតែកំណត់ថាការដោះស្រាយផលវិបាកនៃសារធាតុគីមីពុលដែលបង្កឡើងដោយសង្គ្រាម គឺជាភារកិច្ចទាំងបន្ទាន់ ទាំងយូរអង្វែង ផ្សារភ្ជាប់ជាមួយនឹងការយកចិត្តទុកដាក់លើជីវភាពរស់នៅ ការធានាសន្តិសុខសង្គម ការជួយឧបត្ថម្ភជនរងគ្រោះក្នុងការស្តារនីតិសម្បទា និងការធ្វើសមាហរណកម្មចូលក្នុងសហគមន៍។

តាមលោក Dong Huy Cuong ប្រទេសវៀតណាមបានអនុវត្តគោលនយោបាយជាច្រើនស្តីពីការថែទាំសុខភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជួយឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតសម្រាប់ជនរងគ្រោះ ស្របពេលជាមួយគ្នានេះ បោះជំហានដោះស្រាយតំបន់បំពុលនានា។

ទោះជាយ៉ាងណាក៏ដោយ ទំហំ និងលក្ខណៈស្មុគស្មាញនៃផលវិបាកជាតិគីមីពណ៌ទឹកក្រូច/ឌីអុកស៊ីន ទាមទារឱ្យមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល សហគមន៍សហគ្រាស បណ្តាអង្គការសង្គម និងមិត្តភក្តិអន្តរជាតិ។

លោកបានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល ប្រជាជនសហរដ្ឋអាមេរិក ព្រមទាំងបណ្តាអង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងសប្បុរសជននានាក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម ជាពិសេសក្នុងវិស័យដោះស្រាយការបំពុលឌីអុកស៊ីន ការជួយឧបត្ថម្ភជនពិការនៅតាមបណ្តាមូលដ្ឋានដែលរងការបាញ់ព្រួសយ៉ាងធ្ងន់ធ្ងរ និងការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់។

តាមលោក សកម្មភាពទាំងនេះមិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកកសាងជំនឿទុកចិត្ត ជំរុញការផ្សះផ្សា និងពង្រឹងទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិកទៀតផង។

ត្រូវការការប្តេជ្ញាចិត្តរយៈពេលវែងលើប្រភពធនធាន បច្ចេកវិទ្យា និងជំនាញវិជ្ជាជីវៈ

ចែករំលែកនៅក្នុងកិច្ចពិភាក្សា ឯកអគ្គរដ្ឋទូត Bui The Giang អនុប្រធានសមាគមវៀតណាម - អាមេរិក បានយល់ឃើញថា ការដោះស្រាយផលវិបាកនៃសង្គ្រាមគឺជាកត្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់ៗ ដើម្បីផ្សះផ្សាអតីតកាល និងកសាងអនាគតនៅក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - សហរដ្ឋអាមេរិក។

តាមឯកអគ្គរដ្ឋទូត Bui The Giang ប្រទេសវៀតណាមនៅតែបន្តប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ និងអូសបន្លាយចំនួនបីនៃសង្គ្រាម។

នោះគឺយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់បន្តគំរាមកំហែងដល់អាយុជីវិត និងមុខរបរចិញ្ចឹមជីវិតរបស់ប្រជាជន ធាតុអដ្ឋិធាតុយុទ្ធជនពលីជិតកន្លះលាននាក់មិនទាន់ត្រូវបានស្វែងរក ផ្ទៀងផ្ទាត់អត្តសញ្ញាណ និងប្រមូលផ្តុំនៅឡើយ ព្រមទាំងវិបាកបន្សល់ទុកនៃជាតិគីមីពណ៌ទឹកក្រូច/ឌីអុកស៊ីនចំពោះមនុស្ស និងបរិស្ថាន។

លោកបានសង្កត់ធ្ងន់ថា ការដោះស្រាយផលវិបាកទាំងនេះទាមទារឱ្យមានការប្តេជ្ញាចិត្ត និងការជួយឧបត្ថម្ភយូរអង្វែងផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងជំនាញវិជ្ជាជីវៈ ជាមួយនឹងលទ្ធផលជាក់ស្តែង អាចវាយតម្លៃបាន និងរក្សាបាននូវនិរន្តរភាព។

ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតបានអំពាវនាវដល់រដ្ឋាភិបាល សភា សហគ្រាស និងប្រជាជនសហរដ្ឋអាមេរិក ជាពិសេសបណ្តាក្រុមហ៊ុនគីមីដែលធ្លាប់បានចូលរួមផលិតសារធាតុគីមីពុលប្រើប្រាស់ក្នុងសង្គ្រាម បង្ហាញនូវការទទួលខុសត្រូវសង្គម តាមរយៈការចូលរួមយ៉ាងសកម្មក្នុងបណ្តាកម្មវិធីជួយឧបត្ថម្ភជនរងគ្រោះ និងការដោះស្រាយការបំពុល។

«ការទទួលខុសត្រូវនោះចាំបាច់ត្រូវធ្វើឱ្យជាក់ស្តែងតាមរយៈកម្មវិធី តាមរយៈប្រភពធនធាន និងតាមរយៈលទ្ធផលដែលអាចវាយតម្លៃបាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ជនរងគ្រោះ ផ្អែកលើគោលការណ៍ធានានូវភាពជាក់ស្តែង និងចីរភាព» ឯកអគ្គរដ្ឋទូត Bui The Giang បានសង្កត់ធ្ងន់យ៉ាងដូច្នេះ។

តាមលោក ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការស្រាវជ្រាវ ការចែករំលែកចំណេះដឹង ការបណ្តុះបណ្តាល និងការផ្ទេរបច្ចេកវិទ្យា សំដៅលើកកម្ពស់សមត្ថភាពសម្រាប់បណ្តាដៃគូវៀតណាម។

បណ្តាសកម្មភាពជួយឧបត្ថម្ភត្រូវផ្តល់អាទិភាពដល់ការថែទាំសុខភាព ការស្តារនីតិសម្បទា ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតការងារធ្វើ និងមុខរបរចិញ្ចឹមជីវិតសម្រាប់ជនរងគ្រោះ ជាពិសេសជនពិការធ្ងន់ធ្ងរ និងក្រុមគ្រួសារដែលមានស្ថានភាពលំបាកជាពិសេស។

ទន្ទឹមនឹងនោះ គឺការបន្តកៀរគរប្រភពធនធានអន្តរជាតិដើម្បីដោះស្រាយចំណុចក្តៅនៃការបំពុលឌីអុកស៊ីន ការស្តារបរិស្ថានឡើងវិញ កាត់បន្ថយហានិភ័យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន និងបណ្តាសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

ពីការចែករំលែក ទៅជាបណ្តាកម្មវិធីជួយឧបត្ថម្ភជាក់ស្តែង

នៅក្នុងកិច្ចពិភាក្សា បងស្រី Vuong Thi Quyen ជនរងគ្រោះដោយជាតិគីមីពណ៌ទឹកក្រូច/ឌីអុកស៊ីនជំនាន់ទី ២ មកពីខេត្ត Quang Tri ដែលបច្ចុប្បន្នកំពុងបំពេញការងារនៅមជ្ឈមណ្ឌលយុត្តិធម៌សង្គម ចំណុះ VAVA បានចែករំលែកនូវរឿងរ៉ាវរបស់ខ្លួន។

កើតនៅឆ្នាំ ១៩៨៩ បងស្រីទទួលរងនូវវិបាកបន្សល់ទុកនៃជាតិគីមីពណ៌ទឹកក្រូចពីឪពុកដែលធ្លាប់បានប្រយុទ្ធនៅសមរភូមិភាគអាគ្នេយ៍។

តាំងពីអាយុ ៩ ឆ្នាំមក បងស្រីត្រូវទ្រាំទ្រនឹងពិការភាពរាងកាយ ជំងឺមហារីក និងការកោងខ្នងពីកំណើត។ ការខូចខាតទាំងនោះបានធ្វើឱ្យបងស្រីត្រូវប្រឈមមុខនឹងការលំបាកជាច្រើនក្នុងជីវិត ប៉ុន្តែក៏បានជំរុញទឹកចិត្តឱ្យបងស្រីបន្តការសិក្សារៀនសូត្រ និងនាំយករឿងរ៉ាវរបស់ខ្លួនទៅកាន់មិត្តភក្តិអន្តរជាតិ។

«រាងកាយរបស់យើងខ្ញុំអាចរងការខូចខាតដោយសារជាតិគីមីពណ៌ទឹកក្រូច ប៉ុន្តែសេចក្តីប្រាថ្នាចង់រស់នៅ និងសេចក្តីប្រាថ្នារកយុត្តិធម៌ គឺមិនដែលចុះចាញ់ឡើយ» បងស្រី Quyen បានរៀបរាប់យ៉ាងដូច្នេះ។

តាមបងស្រី ការឈឺចាប់នៃជាតិគីមីពណ៌ទឹកក្រូចមិនត្រឹមតែបញ្ឈប់នៅត្រឹមបុគ្គលម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអូសបន្លាយឆ្លងកាត់ច្រើនជំនាន់ បង្កើតជាបន្ទុកយ៉ាងធ្ងន់ធ្ងរចំពោះក្រុមគ្រួសារ និងសង្គមជាតិ។

ដូច្នេះ ការជួយឧបត្ថម្ភជនរងគ្រោះមិនអាចត្រឹមតែបញ្ឈប់នៅត្រឹមការចែករំលែកខាងស្មារតី ឬជំនួយចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវធ្វើឱ្យជាក់ស្តែងតាមរយៈបណ្តាកម្មវិធីថែទាំវេជ្ជសាស្ត្រ ការស្តារនីតិសម្បទា ការគាំទ្រការអប់រំ ការបង្កើតមុខរបរចិញ្ចឹមជីវិត និងការធានានូវកាលានុវត្តភាពធ្វើសមាហរណកម្មចូលក្នុងសហគមន៍។

ផ្ញើសារទៅកាន់យុវជនជំនាន់ក្រោយ និងមិត្តភក្តិអន្តរជាតិ បងស្រី Vuong Thi Quyen បានអំពាវនាវឱ្យបញ្ចេញឱ្យអស់ពីសមត្ថភាពនូវកម្លាំងយុវជន ភាពច្នៃប្រឌិត បច្ចេកវិទ្យា និងស្មារតីមនុស្សធម៌ ដើម្បីបន្តរួមដំណើរជាមួយជនរងគ្រោះដោយជាតិគីមីពណ៌ទឹកក្រូចនៅប្រទេសវៀតណាម ជំរុញយុត្តិធម៌ ដោះស្រាយការបំពុលបរិស្ថាន និងជួយឧបត្ថម្ភដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់។

«សន្តិភាពមិនដែលជារឿងកើតឡើងដោយឯកឯងនោះឡើយ។ នោះគឺជាកេរដំណែលដែលត្រូវបានប្តូរមកដោយសាច់ស្រស់ឈាមស្រស់របស់បុព្វការីជន និងជាអណ្តាតភ្លើងដែលអាចស្ថិតស្ថេរគង់វង្សបានតែតាមរយៈសកម្មភាពរបស់យុវជនប៉ុណ្ណោះ» បងស្រីបានសង្កត់ធ្ងន់យ៉ាងដូច្នេះ។

ចេញពីការផ្លាស់ប្តូរយោបល់នៅក្នុងកិច្ចពិភាក្សា បណ្តាប្រតិភូបានយល់ឃើញថា ចាំបាច់ត្រូវបន្តបញ្ចេញឱ្យអស់ពីសមត្ថភាពនូវតួនាទីនៃការទូតប្រជាជន បណ្តាអង្គការក្រៅរដ្ឋាភិបាល និងបណ្តាញមិត្តភក្តិអន្តរជាតិ ក្នុងការតភ្ជាប់ប្រភពធនធាន ការចែករំលែកបទពិសោធ និងការជំរុញគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាក់ស្តែង។

ការជួយឧបត្ថម្ភជនរងគ្រោះ ចាំបាច់ត្រូវយកមនុស្ស និងសហគមន៍ដែលរងផលប៉ះពាល់ធ្វើជាចំណុចកណ្តាល ដោយធានានូវប្រសិទ្ធភាព និងចីរភាព។

ក្រោយរយៈពេល ៦៥ ឆ្នាំ ការដោះស្រាយផលវិបាកនៃជាតិគីមីពណ៌ទឹកក្រូច/ឌីអុកស៊ីន មិនត្រឹមតែជាការទទួលខុសត្រូវចំពោះជនរងគ្រោះដែលកំពុងរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្តេជ្ញាចិត្តចំពោះមនុស្សជំនាន់ក្រោយផងដែរ។

ការបំប្លែងការយោគយល់ឱ្យទៅជាសកម្មភាព ការបំប្លែងការប្តេជ្ញាចិត្តឱ្យទៅជាកម្មវិធី ប្រភពធនធាន និងលទ្ធផលជាក់ស្តែង គឺជាវិធីសាស្ត្រជាក់ស្តែងដើម្បីរួមចំណែកកាត់បន្ថយការឈឺចាប់នៃសង្គ្រាម ពង្រឹងជំនឿទុកចិត្ត ជំរុញការផ្សះផ្សា និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ៕

វៀតណាមស្វាគមន៍ការវាយតម្លៃប្រកបដោយសត្យានុម័តរបស់សហរដ្ឋអាមេរិកស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស វៀតណាមស្វាគមន៍ការវាយតម្លៃប្រកបដោយសត្យានុម័តរបស់សហរដ្ឋអាមេរិកស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
យុគសម័យ - វៀតណាមស្វាគមន៍ចំពោះការដែលសហរដ្ឋអាមេរិកមានការវាយតម្លៃប្រកបដោយសត្យានុម័តអំពីលទ្ធផលវិជ្ជមាននានាក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ព្រមទាំងបញ្ជាក់ថាកំពុងបន្តអនុវត្តវិធានការជាច្រើន សំដៅលើកកម្ពស់ប្រសិទ្ធភាពនៅក្នុងវិស័យនេះ។
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen
យុគសម័យ - ព្រឹកថ្ងៃទី ១៥ ខែតុលា នៅឈាបនដ្ឋានយុទ្ធជនពលីជាតិ Vi Xuyen ខេត្ត Tuyen Quang បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់។ រហូតមកដល់បច្ចុប្បន្ន នៅក្នុងយុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី កម្លាំងនានានៅលើភូមិសាស្ត្រខេត្តបានស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៤៩ នាក់។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

FDI ជប៉ុនជំរុញបរិវត្តកម្មបៃតងក្នុងផលិតកម្មនៅវៀតណាម
ការប្រែក្លាយធនធានវប្បធម៌ឱ្យទៅជាកម្លាំងចលករកំណើនថ្មី

ព័ត៌មានថ្មីៗ

ការអនុវត្ត AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារសេនាធិការ និងបូកសរុបនៅទីស្តីការគណៈរដ្ឋមន្ត្រី
ខួប ៦៥ ឆ្នាំនៃមហន្តរាយជាតិគីមីពណ៌ទឹកក្រូច៖ បំប្លែងការចែករំលែកឱ្យទៅជាសកម្មភាពជាក់ស្តែង
បើកចំហយន្តការដើម្បីឱ្យបញ្ញវន្តអាណិកជនចូលរួមកាន់តែស៊ីជម្រៅក្នុងបណ្តាគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម - កម្ពុជានៅតំបន់ភាគនិរតី
បញ្ចេញឱ្យអស់ពីសមត្ថភាពនូវប្រភពធនធានអាណិកជនវៀតណាមនៅអឺរ៉ុបសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

អានច្រើនបំផុត

ក្រុម K92 ប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីបន្ថែមចំនួន ៥ ទៀតនៅកម្ពុជា
ទីក្រុងហូជីមិញ បញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ រូប
បំផុសយុទ្ធនាការ "ដឹងគុណយុទ្ធជន Truong Son" ឆ្នាំ ២០២៦
វេជ្ជបណ្ឌិតវៀតណាម - កូរ៉េខាងត្បូង វះកាត់ឥតគិតថ្លៃដល់កុមារ ២៥ នាក់ដែលមានពិការភាពពីកំណើត
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់