យុគសម័យ - ការអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌ មិនមែនជាការធ្វើពាណិជ្ជកម្មលើវប្បធម៌ដោយគ្រប់មធ្យោបាយនោះឡើយ ប៉ុន្តែគឺជាការប្រែក្លាយគុណតម្លៃ ការច្នៃប្រឌិត និងអត្តសញ្ញាណជាតិ ឱ្យទៅជាធនធានសម្រាប់ការអភិវឌ្ឍ។ នៅក្នុងគំរូនេះ មនុស្សស្ថិតនៅចំចំណុចកណ្តាល វប្បធម៌ជាមូលដ្ឋានគ្រឹះ នវានុវត្តន៍ជាកម្លាំងចលករ វិទ្យាសាស្ត្រ-បច្ចេកវិទ្យាជាឧបករណ៍ ហើយប្រសិទ្ធភាពសេដ្ឋកិច្ច-សង្គម ព្រមទាំងកម្រិតនៃការទទួលបានផលប្រយោជន៍របស់ប្រជាជន គឺជាបន្ទាត់រង្វាស់។
| ការតភ្ជាប់ប្រភពធនធានមិនមែនរដ្ឋាភិបាលបរទេស ជាមួយអាទិភាពអភិវឌ្ឍន៍ថ្មីៗរបស់វៀតណាម លើកកម្ពស់តម្លៃវប្បធម៌ឱ្យក្លាយជាប្រភពធនធានអភិវឌ្ឍន៍ប្រទេសជាតិ |
![]() |
| ពិធីបុណ្យកូវងឺនៅឃុំ Van Loc ខេត្ត Thanh Hoa។ |
នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយរដ្ឋាភិបាល សូមណែនាំអត្ថបទរបស់សាស្ត្រាចារ្យរង បណ្ឌិត Pham Minh Chinh អតីតសមាជិកការិយាល័យនយោបាយ អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌ ការលើកកម្ពស់កម្លាំងផ្ទៃក្នុង រួមចំណែកស្ថាបនាប្រទេសជាតិឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។
នៅក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស រួមជាមួយឥទ្ធិពលយ៉ាងខ្លាំងក្លានៃបដិវត្តន៍ឧស្សាហកម្មលើកទីបួន ឧត្តមភាពប្រកួតប្រជែងរបស់ប្រទេសនីមួយៗកាន់តែពឹងផ្អែកទៅលើសមត្ថភាពនវានុវត្តន៍ កម្រិតវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ធនធានវប្បធម៌ និងសមត្ថភាពក្នុងការតភ្ជាប់ ព្រមទាំងការប្រែក្លាយធនធានទាំងនោះឱ្យទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។
ចំពោះវៀតណាម តម្រូវការដែលបានកំណត់ គឺការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍវប្បធម៌ ការអនុវត្តវឌ្ឍនភាព និងសមធម៌សង្គម; ដោយយកប្រជាពលរដ្ឋជាចំណុចកណ្តាល ជាប្រធាននៃការច្នៃប្រឌិត និងជាអ្នកទទួលផល សំដៅឆ្ពោះទៅរកការលើកកម្ពស់គុណភាពជីវិត និងសុភមង្គលរបស់ប្រជាជន។
ពីកម្លាំងផ្ទៃក្នុង ឈានទៅរកធនធានសម្រាប់ការអភិវឌ្ឍ
វប្បធម៌ឆ្លុះបញ្ចាំងពីជម្រៅនៃជីវិតស្មារតី ប្រព័ន្ធគុណតម្លៃ និងអត្តសញ្ញាណរបស់ប្រជាជាតិមួយ; គឺជាការប្រមូលផ្តុំនៃគុណតម្លៃដែលត្រូវបានបង្កើតឡើង ពូនជ្រំ និងផ្ទេរបន្តឆ្លងកាត់មនុស្សជំនាន់ជាច្រើន។
ឆ្លងកាត់ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃការកសាង និងការពារប្រទេសជាតិ វប្បធម៌បានក្លាយជាប្រភពនៃកម្លាំងផ្ទៃក្នុងដ៏រឹងមាំ និងស្ថិតស្ថេរ រួមចំណែកបង្កើតបាននូវភាពអង់អាច បុគ្គលិកលក្ខណៈ ស្មារតីឯករាជ្យ ភាពម្ចាស់ការលើខ្លួនឯង សាមគ្គីភាព និងសេចក្តីប្រាថ្នារីកចម្រើនឡើងរបស់ប្រជាជាតិវៀតណាម។
ក្នុងដំណើរការទាំងមូលនៃការដឹកនាំបដិវត្តន៍ បក្សតែងតែចាត់ទុកការកសាង និងអភិវឌ្ឍវប្បធម៌ព្រមទាំងមនុស្សជាតិ ស្ថិតក្នុងតួនាទីដ៏សំខាន់។
គ្រោងព្រាងស្តីពីវប្បធម៌វៀតណាមឆ្នាំ ១៩៤៣ បានដាក់គ្រឹះសម្រាប់ទស្សនទានទ្រឹស្តីរបស់បក្សស្តីពីវប្បធម៌ ដោយបានកំណត់គោលការណ៍ធំៗចំនួនបី រួមមាន ជាតិភាវូបនីយកម្ម វិទ្យាសាស្ត្រភាវូបនីយកម្ម និងមហាជនភាវូបនីយកម្ម; ព្រមទាំងអះអាងថា វប្បធម៌គឺជាសមរភូមិមួយក្នុងចំណោមសមរភូមិទាំងបី រួមជាមួយនឹងសេដ្ឋកិច្ច និងនយោបាយ។
ក្រោយពេលប្រទេសជាតិដណ្តើមបានឯករាជ្យ លោកប្រធាន ហូជីមិញ បានបន្តអះអាងពីតួនាទីពិសេសនៃវប្បធម៌។ នៅក្នុងសន្និសីទវប្បធម៌ទូទាំងប្រទេសលើកទីមួយ នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ១៩៤៦ លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «វប្បធម៌ត្រូវតែបំភ្លឺផ្លូវឱ្យជាតិដើរ»។
យោងតាមសតិអារម្មណ៍ហូជីមិញ វប្បធម៌មិនស្ថិតនៅក្រៅជីវភាពនយោបាយ សេដ្ឋកិច្ច និងសង្គមនោះឡើយ ប៉ុន្តែផ្សារភ្ជាប់ដោយផ្ទាល់ជាមួយបុព្វហេតុកសាងប្រទេសជាតិ ជាមួយសុខុមាលភាព និងសុភមង្គលរបស់ប្រជាជន។ ការកសាងវប្បធម៌ ក៏ជាការកសាងស្មារតីឯករាជ្យ ភាពម្ចាស់ការលើខ្លួនឯង សីលធម៌ ជីវភាពសង្គម នយោបាយ និងសេដ្ឋកិច្ចផងដែរ។
ឆ្លងកាត់មហាសន្និបាត និងសេចក្តីសម្រេចចិត្តនានារបស់បក្ស ទស្សនទានស្តីពីវប្បធម៌បន្តត្រូវបានបំពេញបន្ថែម និងអភិវឌ្ឍជាលំដាប់។
កម្មវិធីនយោបាយស្តីពីការកសាងប្រទេសជាតិក្នុងដំណាក់កាលអន្តរកាលឈានទៅរកសង្គមនិយម ដែលត្រូវបានអនុម័តដោយមហាសន្និបាតបក្សលើកទី VII ក្នុងឆ្នាំ ១៩៩១ បានកំណត់ការកសាង «ខឿនវប្បធម៌ជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ»។ សេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី ៥ នីតិកាលទី VIII ក្នុងឆ្នាំ ១៩៩៨ បានបន្តអះអាងថា៖ «វប្បធម៌គឺជាមូលដ្ឋានគ្រឹះស្មារតីនៃសង្គម ទាំងជាគោលដៅ ទាំងជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម»។
អតីតអគ្គលេខាបក្ស លោក Nguyen Phu Trong ធ្លាប់បានគូសបញ្ជាក់ថា៖ «វប្បធម៌គឺជាព្រលឹងរបស់ប្រជាជាតិ បង្ហាញពីអត្តសញ្ញាណរបស់ប្រជាជាតិ។ វប្បធម៌នៅ ប្រជាជាតិនៅ...»។
ការណ៍នេះទាមទារឱ្យវប្បធម៌ត្រូវជ្រួតជ្រាបយ៉ាងស៊ីជម្រៅទៅក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម បរិស្ថាន ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ ប្រទេសជាតិកាន់តែអភិវឌ្ឍ និងធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ កាន់តែត្រូវយកចិត្តទុកដាក់លើការអភិរក្ស ពូនជ្រំ និងលើកកម្ពស់គុណតម្លៃទាំងឡាយណាដែលបង្កើតបានជាអត្តសញ្ញាណ បុគ្គលិកលក្ខណៈ និងកម្លាំងរបស់ប្រជាជាតិ។
ក្រោយរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី សមិទ្ធផលទាំងឡាយដែលសម្រេចបាន បានបង្កើតនូវមូលដ្ឋានគ្រឹះដើម្បីឱ្យប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី និងឆ្ពោះទៅរកគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំទាំងពីរ។
ឯកសារនៃមហាសន្និបាតលើកទី XIV របស់បក្ស បានបន្តកំណត់ថា វប្បធម៌គឺជា «មូលដ្ឋានគ្រឹះស្មារតី គោលដៅ កម្លាំងចលករ កម្លាំងផ្ទៃក្នុងដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានឆាប់រហ័ស និងប្រកបដោយចីរភាព ជា “ធនធាន” ជា “អំណាចទន់” របស់ជាតិ»; ព្រមទាំងបានកំណត់នូវតម្រូវការអភិវឌ្ឍខឿនវប្បធម៌វៀតណាមជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ នៅលើមូលដ្ឋានគ្រឹះនៃប្រព័ន្ធគុណតម្លៃជាតិ ប្រព័ន្ធគុណតម្លៃវប្បធម៌ ប្រព័ន្ធគុណតម្លៃគ្រួសារ និងបទដ្ឋានមនុស្សវៀតណាម។
សេចក្តីសម្រេចចិត្តលេខ 80-NQ/TW ចុះថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម បានបន្តដាក់ចេញនូវតម្រូវការអភិវឌ្ឍវប្បធម៌ឱ្យស្មើកម្រិតជាមួយនយោបាយ សេដ្ឋកិច្ច និងសង្គម។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានគូសបញ្ជាក់ពីតម្រូវការក្នុងការកំណត់វប្បធម៌ជាមូលដ្ឋានគ្រឹះស្មារតីនៃសង្គម ជាសសរស្តម្ភនៃការអភិវឌ្ឍ និងជាកម្លាំងចលករកំណើនថ្មី ដែលមានវត្តមាននៅក្នុងរាល់ការសម្រេចចិត្តនានាលើផ្នែកសេដ្ឋកិច្ច នយោបាយ អប់រំ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការពារជាតិ សន្តិសុខ កិច្ចការបរទេស និងអភិបាលកិច្ចជាតិ។
អាស្រ័យហេតុនេះ ការអភិវឌ្ឍសេដ្ឋកិច្ចមិនអាចកាត់ផ្តាច់ចេញពីការអភិវឌ្ឍវប្បធម៌ និងមនុស្សបានឡើយ។ វៀតណាមមិនយកវប្បធម៌ វឌ្ឍនភាព និងសមធម៌សង្គម ទៅដោះដូរដើម្បីរត់តាមតែកំណើនសេដ្ឋកិច្ចសុទ្ធសាធនោះទេ។
រាល់ការសម្រេចចិត្តផ្នែកនយោបាយ ចាំបាច់ត្រូវគិតគូរដល់ផលប៉ះពាល់ចំពោះសេដ្ឋកិច្ច និងវប្បធម៌; គោលនយោបាយសេដ្ឋកិច្ចត្រូវតែរួមចំណែកដល់ស្ថិរភាពនយោបាយ ជំរុញការអភិវឌ្ឍមនុស្ស; រីឯគោលនយោបាយវប្បធម៌វិញ ត្រូវតែរួមចំណែកពង្រឹងមូលដ្ឋានគ្រឹះនយោបាយ និងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយភាពរហ័សរហួន និងចីរភាព។
ការបញ្ចូលវប្បធម៌ទៅក្នុងខ្សែច្រវាក់តម្លៃនៃសេដ្ឋកិច្ច
ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី តម្រូវការដែលបានកំណត់មិនត្រឹមតែជាការអភិរក្ស និងលើកកម្ពស់គុណតម្លៃវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវលើកកម្ពស់សមត្ថភាពក្នុងការប្រែក្លាយធនធានវប្បធម៌ឱ្យទៅជាកម្លាំងសម្រាប់ការអភិវឌ្ឍទៀតផង។
មហាសន្និបាតលើកទី XIV របស់បក្ស បានកំណត់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌នានា ឱ្យផ្សារភ្ជាប់ជាមួយការកសាងម៉ាកសញ្ញាជាតិ; បំពេញបន្ថែមទីផ្សារផលិតផល និងសេវាកម្មវប្បធម៌; កសាងវប្បធម៌នៅក្នុងសេដ្ឋកិច្ច នយោបាយ និងបរិយាកាសវប្បធម៌ឌីជីថល។
សេចក្តីសម្រេចចិត្តលេខ 80-NQ/TW ចុះថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ ក៏បានកំណត់ផងដែរថា ការវិនិយោគលើវិស័យវប្បធម៌ គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ និងអនាគតរបស់ប្រជាជាតិ។
ដូច្នេះហើយ ការវិនិយោគលើវប្បធម៌ មិនត្រឹមតែជាការវិនិយោគលើសកម្មភាពវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែស៊ីជម្រៅជាងនេះទៅទៀត គឺជាការវិនិយោគលើមនុស្ស សមត្ថភាពច្នៃប្រឌិត ភាពអង់អាច វិជ្ជាសម្បទា ព្រមទាំងសមត្ថភាពក្នុងការថែរក្សា និងលើកកម្ពស់គុណតម្លៃទាំងឡាយដែលបង្កើតបានជាឋានៈរបស់ប្រទេសជាតិ។
វដ្តនៃការអភិវឌ្ឍមួយអាចត្រូវបានបង្កើតឡើង៖ វប្បធម៌ផ្គត់ផ្គង់ធនធានគុណតម្លៃ និងការច្នៃប្រឌិត; ធនធាននោះត្រូវបានប្រែក្លាយទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ; លទ្ធផលនៃការអភិវឌ្ឍបន្តបង្កើតលក្ខខណ្ឌសម្រាប់ការវិនិយោគ ការអភិរក្ស ការច្នៃប្រឌិត និងការពង្រីកលទ្ធភាពនៃការទទួលបានផលប្រយោជន៍វប្បធម៌របស់ប្រជាជន។
ទោះជាយ៉ាងណាក៏ដោយ សក្តានុពលវប្បធម៌របស់វៀតណាមមិនទាន់ត្រូវបានបើកទូលាយឱ្យអស់លទ្ធភាពក្នុងនាមជាទ្រព្យសកម្មយុទ្ធសាស្ត្រជាតិនោះឡើយ។
ការរួមចំណែកនៃឧស្សាហកម្មវប្បធម៌នានាទៅក្នុងសេដ្ឋកិច្ចនៅមានកម្រិតនៅឡើយ; ទីផ្សារអភិវឌ្ឍមិនទាន់ស្មើដៃគ្នា; បេតិកភណ្ឌ និងគុណតម្លៃវប្បធម៌ជាច្រើនមិនទាន់ត្រូវបានប្រែក្លាយទៅជាផលិតផល និងធនធាននៃសេដ្ឋកិច្ចបេតិកភណ្ឌនៅឡើយ។
យន្តការស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ ទិន្នន័យ ធនធានមនុស្ស និងយន្តការកៀរគរធនធាននៅមានចំណុចខ្វះខាតមួយចំនួន។ សមត្ថភាពក្នុងការបង្កើតផលិតផលវប្បធម៌ដែលមានកម្លាំងប្រកួតប្រជែងលើឆាកអន្តរជាតិនៅមានកម្រិត។ នៅលើលំហឌីជីថល វប្បធម៌វៀតណាមមិនទាន់បង្កើតបានជាស្នាមដានសមស្របនៅក្នុងជីវភាពសង្គម និងចរន្តវប្បធម៌សកលនៅឡើយ។
ចេញពីការអនុវត្តជាក់ស្តែងនោះ តម្រូវការអភិរក្សនៅក្នុងយុគសម័យឌីជីថល មិនអាចគ្រាន់តែឈប់ត្រឹមការរក្សាទុកបេតិកភណ្ឌប៉ុណ្ណោះទេ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានគូសបញ្ជាក់ថា៖ «ការអភិរក្សវប្បធម៌ក្នុងយុគសម័យឌីជីថល មិនត្រឹមតែជាការរក្សាទុកបេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឱ្យបេតិកភណ្ឌបន្តរស់រវើកនៅក្នុងជីវភាពសម័យទំនើប មិនត្រឹមតែធ្វើឌីជីថលភាវូបនីយកម្មដើម្បីរក្សាទុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឌីជីថលភាវូបនីយកម្មដើម្បីអប់រំ ច្នៃប្រឌិត ផ្សព្វផ្សាយ និងក្លាយជាធនធានសម្រាប់ការអភិវឌ្ឍ សម្រាប់ឧស្សាហកម្មវប្បធម៌ និងសម្រាប់បញ្ញាសិប្បនិម្មិតរបស់វៀតណាម»។
ការណ៍នេះកំណត់នូវការទទួលខុសត្រូវចំពោះមនុស្សជំនាន់នីមួយៗ មិនត្រឹមតែត្រូវថែរក្សាគុណតម្លៃដែលត្រូវបានផ្ទេរបន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបន្តច្នៃប្រឌិត បង្កើតគុណតម្លៃថ្មី និងប្រែក្លាយសក្តានុពលវប្បធម៌ឱ្យទៅជាចំណេះដឹង និងទ្រព្យសម្បត្តិបញ្ញាជាតិ។
សេចក្តីសម្រេចចិត្តលេខ 19-NQ/TW ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី XIV ស្តីពីការកែទម្រង់គំរូអភិវឌ្ឍន៍របស់វៀតណាម បានបន្តកំណត់វប្បធម៌ និងមនុស្ស ស្ថិតក្នុងតួនាទីជាមូលដ្ឋានគ្រឹះ ធនធាន កម្លាំងចលករផ្ទៃក្នុង និងជាអំណាចទន់របស់ជាតិ។
អាស្រ័យហេតុនេះ វប្បធម៌ចាំបាច់ត្រូវផ្សារភ្ជាប់ជាមួយប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍ទំនើប ដោយផ្តោតសំខាន់លើឧស្សាហកម្មវប្បធម៌ សេដ្ឋកិច្ចច្នៃប្រឌិត ការប្រែក្លាយគុណតម្លៃវប្បធម៌ជាទ្រព្យសកម្ម ការជំរុញការនាំចេញវប្បធម៌ ការការពារអធិបតេយ្យភាពវប្បធម៌ជាតិ និងការដោះស្រាយដោយសុខដុមរមនានូវទំនាក់ទំនងរវាងការអភិរក្ស និងការអភិវឌ្ឍ។
យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌វៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ បានកំណត់គោលដៅឱ្យតម្លៃបន្ថែមនៃឧស្សាហកម្មវប្បធម៌នានា រួមចំណែក ៧% នៃ GDP សម្រេចបានអត្រាកំណើនជាមធ្យមប្រមាណ ១០%/ឆ្នាំ នៅឆ្នាំ ២០៣០ និងរួមចំណែក ៩% នៃ GDP នៅឆ្នាំ ២០៤៥។
គោលដៅទាំងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីតម្រូវការលើទំហំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់ចេញនូវបញ្ហាប្រឈមក្នុងការលើកកម្ពស់សមត្ថភាពប្រែក្លាយវប្បធម៌ឱ្យទៅជាកម្លាំងផលិតកម្ម កម្លាំងប្រកួតប្រជែង និងលំហកំណើនថ្មីនៃសេដ្ឋកិច្ចជាតិផងដែរ។
យោងតាមអត្ថបទ សេដ្ឋកិច្ចវប្បធម៌មានតួនាទីប្រែក្លាយធនធាន គុណតម្លៃ និងការច្នៃប្រឌិតផ្នែកវប្បធម៌ ឱ្យទៅជាទំនិញ សេវាកម្ម ទ្រព្យសកម្ម ម៉ាកសញ្ញា និងតម្លៃសេដ្ឋកិច្ចប្រកបដោយសមត្ថភាពប្រកួតប្រជែង តាមរយៈដំណើរការនៃការច្នៃប្រឌិត ផលិតកម្ម ការបែងចែក ការដោះដូរ និងការប្រើប្រាស់។
នៅក្នុងទិសដៅច្រាសមកវិញ ធនធាន និងយន្តការសេដ្ឋកិច្ចត្រូវតែយកមកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីអភិរក្ស បង្កើតឡើងវិញ និងធ្វើឱ្យគុណតម្លៃវប្បធម៌កាន់តែសម្បូរបែបបន្ថែមទៀត។
ហេតុដូច្នេះហើយ ធាតុពិតនៃសេដ្ឋកិច្ចវប្បធម៌ មិនមែនគ្រាន់តែជាការផ្សារភ្ជាប់កត្តា «សេដ្ឋកិច្ច» ទៅក្នុងសកម្មភាព «វប្បធម៌» ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរៀបចំខ្សែច្រវាក់តម្លៃឱ្យបានស៊ីសង្វាក់គ្នា ចាប់ពីការច្នៃប្រឌិត ផលិតកម្ម ការបែងចែក ចរាចរណ៍ រហូតដល់ការប្រើប្រាស់ ការកសាងម៉ាកសញ្ញា និងការអភិវឌ្ឍទីផ្សារ។
សេដ្ឋកិច្ចវប្បធម៌ចាំបាច់ត្រូវក្លាយជាសមាសភាគមួយនៃសេដ្ឋកិច្ចជាតិ តភ្ជាប់ដោយផ្ទាល់ជាមួយកម្លាំងផលិតកម្មថ្មី សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងសេដ្ឋកិច្ចច្នៃប្រឌិត; ព្រមទាំងបង្កើតជាប្រព័ន្ធអេកូឡូស៊ីរវាងវប្បធម៌ ជាមួយវិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ-បណ្តុះបណ្តាល កីឡា ទេសចរណ៍ ពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ បរិវត្តកម្មឌីជីថល និងសមាហរណកម្មអន្តរជាតិ។
ដំណើរការនេះ មិនមែនមានន័យថាជាការធ្វើពាណិជ្ជកម្មលើវប្បធម៌ដោយគ្រប់មធ្យោបាយ ឬយកអត្តសញ្ញាណជាតិទៅដោះដូរដើម្បីទាញយកកំណើននោះឡើយ។
មនុស្សត្រូវតែជាចំណុចកណ្តាល និងជាប្រធាននៃការច្នៃប្រឌិត; អត្តសញ្ញាណវប្បធម៌ជាតិជាមូលដ្ឋានគ្រឹះ; នវានុវត្តន៍ជាកម្លាំងចលករ; វិទ្យាសាស្ត្រ-បច្ចេកវិទ្យាជាមធ្យោបាយ; ហើយប្រសិទ្ធភាពរួមខាងសេដ្ឋកិច្ច សង្គម បរិស្ថាន សុភមង្គល និងកម្រិតនៃការទទួលបានផលប្រយោជន៍របស់ប្រជាជន គឺជាបន្ទាត់រង្វាស់។
ដើម្បីបង្កើតឱ្យមានរបកគំហើញ ចាំបាច់ត្រូវប្តូរពីផ្នត់គំនិតគ្រប់គ្រងបែបបន្ទាត់រដ្ឋបាល ទៅជាអភិបាលកិច្ច និងការស្ថាបនាការអភិវឌ្ឍ; ពីការអភិរក្សសុទ្ធសាធ ទៅជាការអភិរក្សផ្សារភ្ជាប់ជាមួយការលើកកម្ពស់ និងការច្នៃប្រឌិត; ពីការគាំទ្រសកម្មភាពដាច់ដោយឡែកនីមួយៗ ទៅជាការស្ថាបនាប្រព័ន្ធអេកូឡូស៊ី; ពីការអភិវឌ្ឍវិស័យនីមួយៗ ទៅជាការបង្កើតខ្សែច្រវាក់តម្លៃអន្តរវិស័យ។
ធនធានសម្រាប់ការអភិវឌ្ឍ ក៏ចាំបាច់ត្រូវផ្លាស់ប្តូរពីការពឹងផ្អែកជាចម្បងលើថវិការដ្ឋ ទៅជាការកៀរគរប្រកបដោយប្រសិទ្ធភាពនូវប្រភពធនធានសង្គមនានា; ពីការផ្សព្វផ្សាយតាមព្រឹត្តិការណ៍ ទៅជាការកសាងផលិតផល ម៉ាកសញ្ញា និងទីផ្សារប្រកបដោយចីរភាព; ពីការធ្វើឌីជីថលភាវូបនីយកម្មដើម្បីរក្សាទុក ទៅជាការបង្កើតទិន្នន័យ វិជ្ជាសម្បទាឌីជីថល និងទ្រព្យសម្បត្តិបញ្ញា; ពីការផ្តោតលើទីផ្សារក្នុងស្រុក ទៅជាការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែច្រវាក់តម្លៃវប្បធម៌សកល។
ស្មារតី «ប្រែក្លាយបេតិកភណ្ឌទៅជាទ្រព្យសកម្មយុទ្ធសាស្ត្រ» ត្រូវតែយល់ជាបឋមអំពីសមត្ថភាពលើកកម្ពស់គុណតម្លៃចំណេះដឹង ការចងចាំ អត្តសញ្ញាណ ជំនឿទុកចិត្ត កម្លាំងផ្ទៃក្នុង និងសមត្ថភាពច្នៃប្រឌិតរបស់សហគមន៍។
រាល់ផលិតផលវប្បធម៌នីមួយៗ មិនត្រឹមតែបង្កើតនូវតម្លៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបញ្ជូនបន្តនូវគុណតម្លៃ សច្ចៈ - គុណធម៌ - សោភ័ណភាព និងបញ្ជាក់ពីអត្តសញ្ញាណវៀតណាមផងដែរ។
នៅក្នុងដំណើរការសមាហរណកម្មអន្តរជាតិ ការផ្លាស់ប្តូរ និងការទទួលយកឥទ្ធិពលវប្បធម៌ ក៏ចាំបាច់ត្រូវផ្សារភ្ជាប់ជាមួយពាណិជ្ជកម្ម និងការនាំចេញផលិតផលវប្បធម៌។
វៀតណាមត្រូវតែកសាងសមត្ថភាពវប្បធម៌ពីរទិសក្នុងពេលដំណាលគ្នា៖ ម្ចាស់ការនាំយកសាច់រឿង រូបភាព ផលិតផល និងគុណតម្លៃវៀតណាមទៅកាន់ពិភពលោក; ព្រមទាំងទទួលយកដោយមានការជ្រើសរើសនូវភាពល្អឯក និងសមិទ្ធផលរបស់មនុស្សជាតិ ដើម្បីលើកកម្ពស់សមត្ថភាពច្នៃប្រឌិតនៅក្នុងស្រុក។
តាមនោះ សេដ្ឋកិច្ចវប្បធម៌ចាំបាច់ត្រូវស្ថាបនាឱ្យទៅជាកម្លាំងចលករកំណើនថ្មីមួយ ដោយស្ថិតនៅក្នុងទិដ្ឋភាពរួមនៃសសរស្តម្ភអភិវឌ្ឍន៍ប្រទេសជាតិ រួមជាមួយនឹងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ-បណ្តុះបណ្តាល ច្បាប់ និងសមាហរណកម្មអន្តរជាតិ។
ប្រសិទ្ធភាពចុងក្រោយត្រូវតែឆ្លុះបញ្ចាំងតាមរយៈលទ្ធផលជាក់ស្តែង៖ ការលើកកម្ពស់ទំហំ និងគុណភាពកំណើន; ការជំរុញនវានុវត្តន៍; ការអភិវឌ្ឍសហគ្រាស និងគំរូអាជីវកម្មថ្មីៗ; ការបង្កើតការងារបន្ថែមដែលមានផលិតភាព និងប្រាក់ចំណូលខ្ពស់; ការបង្កើតផលិតផលច្នៃប្រឌិត និងម៉ាកសញ្ញាប្រកបដោយតម្លៃ; ការបង្កើនសមត្ថភាពការពារកម្មសិទ្ធិបញ្ញា និងទិន្នន័យ; ការពង្រីកទីផ្សារ និងការលើកកម្ពស់តម្លៃនាំចេញផលិតផលវប្បធម៌។
នោះក៏ជាមាគ៌ាដើម្បីឱ្យធនធានវប្បធម៌ក្លាយជាកម្លាំងផ្ទៃក្នុងយ៉ាងពិតប្រាកដ រួមចំណែកដោយផ្ទាល់ដល់គោលដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព និងពង្រីកលំហកំណើនរបស់ប្រទេសជាតិនៅក្នុងដំណាក់កាលថ្មី៕
យុគសម័យ - ថវិកាជាតិសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលក្នុងឆ្នាំ ២០២៦ សម្រេចបានប្រមាណ ៩៥.០០០ ពាន់លានដុង ស្មើនឹង ៣% នៃការចំណាយសរុបនៃថវិការដ្ឋ។ នៅពេលដែលធនធានត្រូវបានពង្រីក ការផ្តោតសំខាន់ត្រូវបានបង្វែរទៅរកការលើកកម្ពស់សមត្ថភាពស្រូបយកទុន ការរឹតបន្តឹងការទទួលខុសត្រូវក្នុងការអនុវត្ត និងការផ្តោតលើការវិនិយោគសម្រាប់ភារកិច្ចទាំងឡាយណាដែលមានផលិតផលចេញជាផ្លែផ្កា និងមានឥទ្ធិពលជាក់ស្តែង។ |
យុគសម័យ - អនុក្រឹត្យលេខ 329/2026/NĐ-CP ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ របស់រាជរដ្ឋាភិបាល បានកំណត់នូវគោលនយោបាយអនុគ្រោះ និងទាក់ទាញធនធានមនុស្សដែលមានទេពកោសល្យជាច្រើន ចំពោះកងកម្លាំងជំនាញទទួលបន្ទុកការពារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ ក្នុងនោះ បុគ្គលដែលឆ្លើយតបបាននូវតម្រូវការអំពីមុខតំណែងការងារ លក្ខណៈនៃភារកិច្ច និងកម្រិតនៃការលះបង់ អាចត្រូវបានពិចារណាឱ្យទទួលបានការឧបត្ថម្ភបន្ថែមប្រចាំខែជាអតិបរមាស្មើនឹង ៣០០% នៃកម្រិតប្រាក់បៀវត្ស ផ្អែកតាមមេគុណប្រាក់បៀវត្សដែលកំពុងទទួលបានបច្ចុប្បន្ន។ |

មតិពីមិត្តអ្នកអាន