Trending now

ការយកចិត្តទុកដាក់របស់វៀតណាមចំពោះយន្តការសហប្រតិបត្តិការមហាអនុតំបន់មេគង្គ

10:04 | 10/12/2020

តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Thongloun Sisoulith នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា - ឡាវ - វៀតណាម (CLV) លើកទី១១ ដែលត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៩ ខែធ្នូ។

ការដែលលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS 9, កិច្ចប្រជុំកំពូល CLMV 10 និងកិច្ចប្រជុំកំពូល CLV 11 បានបង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះយន្តការនៃកិច្ចសហប្រតិបត្តិការ ACMECS, CLMV និង CLV ដោយរួមចំណែកបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ហើយ​រួមចំណែកកាន់តែច្រើនឡើងៗដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពក្នុងតំបន់។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (រូប​ថត៖ vnanet.vn)

ACMECS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដោយមានប្រទេសជាសមាជិកចំនួន ៤ គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ ក្នុងបំណងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដើម្បីទាញយក និងពង្រីកឧត្តមភាពប្រៀបធៀបរវាងបណ្តាតំបន់ និងបណ្តាប្រទេសជាសមាជិក លើកកម្ពស់ការប្រកួតប្រជែង និងបង្រួមគម្លាតអភិវឌ្ឍន៍។ វៀតណាមបានចូលរួម​យន្តការនេះក្នុងឆ្នាំ ២០០៤។ កិច្ចសហប្រតិបត្តិការ ACMECS រួមមានវិស័យចំនួន ៨ គឺពាណិជ្ជកម្ម-វិនិយោគ កសិកម្ម ឧស្សាហកម្ម ថាមពល ការដឹកជញ្ជូន ទេសចរណ៍ ការអភិវឌ្ឍ​ធនធានមនុស្ស សុខាភិបាល និងបរិស្ថាន។

ទន្ទឹមនឹងនេះ យន្តការ CLMV បានបង្កើតឡើងដោយការមូលមតិគ្នាជាឯកច្ឆន្ទពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម នៅឯកិច្ចប្រជុំកំពូលអាស៊ាន - ជប៉ុន កាលពីខែធ្នូ ឆ្នាំ២០០៣ នៅទីក្រុងតូក្យូ។ CLMV គឺជាយន្តការសហប្រតិបត្តិការបើកទូលាយមួយដោយម៉្យាងគឺលើកស្ទួយឧត្តមភាព និងសក្តានុពលរបស់បណ្តាប្រទេស CLMV ហើយម្យ៉ាងទៀតវាគឺជាបណ្តាញមួយដែលអំពាវនាវឱ្យមានការជួយគាំទ្រពីបណ្តាប្រទេសអាស៊ាន និងដៃគូអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេស CLMV។ កិច្ចសហប្រតិបត្តិការ CLMV ផ្តោតលើវិស័យនានា​ដូចជា ការវិនិយោគ-ពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូនជាដើម។

សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV នេះគឺជាយន្តការសហប្រតិបត្តិការដ៏សំខាន់បំផុតរវាងប្រទេសជិតខាងទាំងបីដែល​មានចំណងសាមគ្គីភាព និងមិត្តភាពស្អិតរមួតតាំងពីមុនមក។ នៅឆ្នាំ ១៩៩៩ នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានសំរេចបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍រវាងបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំង៣ រួមមានខេត្តចំនួន ១០ គឺ ខេត្ត Kon Tum ខេត្ត Gia Lai ខេត្ត Dak Lak និងខេត្ត Dak Nong នៃប្រទេសវៀតណាម ខេត្ត Sekong, ខេត្ត Attapeu និងខេត្ត Salavan នៃប្រទេសឡវ និងខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី នៃប្រទេសកម្ពុជា។ នៅឆ្នាំ ២០០៩ ប្រទេសទាំងបីបានឯកភាព​បន្ថែមខេត្ត Binh Phuoc (វៀតណាម) ខេត្តក្រចេះ (កម្ពុជា) និងខេត្ត Champasak (ឡាវ) ចូលទៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ ការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ក្នុងគោលបំណងបង្កើនចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបី ដើម្បីធានាសន្តិសុខ ស្ថិរភាពនយោបាយ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់។ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ផ្តោតលើវិស័យនានាដូចជា សន្តិសុខ - ការបរទេស ការដឹកជញ្ជូន ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម វិនិយោគ និង​ការពារបរិស្ថានជាដើម។

អាចមើលឃើញយ៉ាងច្បាស់ថា ​ជាយន្តការសហប្រតិបត្តិការក្នុងតំបន់រវាងបណ្តាប្រទេសនៃមហាអនុតំបន់មេគង្គ ACMECS, CLMV និង CLV បានបង្កើតឡើង​​ក្នុងបំណងបង្រួមគំលាតអភិវឌ្ឍន៍​ លើកកំពស់សមត្ថភាពប្រកួតប្រជែង និង​ជម្រុញកំណើន និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៃបណ្តាប្រទេសនៅមហាអនុតំបន់អាស៊ាន ក៏ដូចជានៅលើឆាកអន្តរជាតិ ព្រមទាំងជួយគាំទ្រដល់ការកសាងសហគមន៍អាស៊ាន។ ចាប់តាំងពីបានបង្កើតឡើងរហូតមកទល់បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការ ACMECS, CLMV និង CLV ត្រូវបានវាយតម្លៃថា បាន​ទទួល​​លទ្ធផលសំខាន់ៗជាច្រើន រួមចំណែកដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ ហើយ​រួមចំណែកក្នុងដំណើរការកសាងសហគមន៍អាស៊ាន និងពង្រឹងចំណងមិត្តភាព សន្តិភាព និងស្ថិរភាពក្នុងតំបន់។

កិច្ចប្រជុំកំពូល ACMECS 9, CLMV 10 និង CLV 11 បានកើតឡើងនៅក្នុងបរិបទដែលពិភពលោក និងតំបន់កំពុងឆ្លងកាត់គ្រាដ៏លំបាកដោយសារការរីករាលដាលនៃ Covid-19 ។ ដោយផ្អែកលើលទ្ធផលសំខាន់ៗដែលកិច្ចសហប្រតិបត្តិការ ACMECS, CLMV និង CLV សម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំមក យើងជឿជាក់ថា កិច្ចប្រជុំកំពូល ACMECS 9, CLMV 10 និង CLV 11 នឹងទទួលបានជោគជ័យ ដែលរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងបណ្តាប្រទេសនៃមហាអនុតំបន់មេគង្គ បង្កើនការតភ្ជាប់រវាងបណ្តាប្រទេសក្នុងតំបន់ និង​ជម្រុញ​កម្មវិធី​សហប្រតិបត្តិការនៅក្នុង ACMECS, CLMV និង CLV ឲ្យ​កាន់តែស៊ីជម្រៅថែមទៀត ដែលនាំមកនូវលទ្ធផលជាក់ស្តែង ទោះបីរងផលប៉ះពាល់នៃរោគរាតត្បាត Covid-19 ក៏ដោយ./._

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍