Trending now

UNDP ជួយគាំទ្រសហគមន៍ប្រជាជនវៀតណាមនៅតាមឆ្នេរសមុទ្រសម្របខ្លួនទៅនឹងការផ្លាស់ប្តូរអាកាសធាតុ

17:12 | 21/11/2020

តំបន់ព្រៃកោងកាងបានបង្កើតឡើងតំបន់ទ្រនាប់ដ៏សំខាន់រវាងសមុទ្រនិងសហគមន៍ប្រជាជននៅតាមឆ្នេរសមុទ្រ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) បានសហការជាមួយរដ្ឋាភិបាលវៀតណាមនិងមូលនិធិអាកាសធាតុបៃតង (GCF) ដើម្បីជួយដល់ការបង្កើតឡើងវិញនូវព្រៃកោងកាងប្រមាណ ៤.០០០ ហិកតា នៅក្នុងតំបន់ឆ្នេរដែលងាយរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ នៅខេត្តចំនួន ៥ គឺខេត្ត Quang Ngai, Thanh Hoa, Quang Nam, Ca Mau និង Nam Dinh។ គម្រោងនេះមានប្រសិទ្ធិភាពគួរឱ្យកត់សម្គាល់ជាបឋម ជួយប្រជាជនរស់នៅតាមឆ្នេរសមុទ្រឱ្យមានស្ថេរភាពជីវភាពរស់នៅ ហើយបន្ទាប់មកទាក់ទាញអ្នកស្រុកឱ្យចូលរួមក្នុងការការពារជីវៈចម្រុះនិងបរិស្ថានទៀតផង។

ចំនួនទូកកញ្ជើមានការកើនឡើងជាងកាលពីមុន (រូបថត៖ baoquangnam.vn)

ថ្ងៃនេះ លោកស្រី Pham Thi Ly នៅឃុំ Cam Thanh ទីក្រុង Hoi An ខេត្ត Quang Nam បានចែវទូកដឹកភ្ញៀវទេសចរទៅទស្សនាព្រៃដូង Cam Thanh។ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលលោកស្រីបានចូលរួមក្នុងគម្រោង “ស្តារនិងអភិរក្សព្រៃដូងទឹក Cam Thanh សម្រាប់បម្រើអេកូទេសចរណ៍និងការអភិវឌ្ឍប្រកបដោយចីរភាព” ដោយមានការគាំទ្រពីកម្មវិធីនៃបណ្តាគម្រោងតូចរបស់មូលនិធិបរិស្ថានពិភពលោកនៅវៀតណាម (GEF SGP) និងកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ ដើម្បីការពារដីតាមមាត់ទ្វារទន្លេ Thu Bon ពីរលកសមុទ្រ ពីខ្យល់ សំណឹក ជាពិសេស ការពារព្រៃដូងទឹក Cam Thanh និងការធ្វើអាជីវកម្មធនធានព្រៃដូងទឹកប្រកបដោយនិរន្តរភាព។ លោកស្រី Ly បានឲ្យដឹងថា៖ “កាលពីមុន ខ្ញុំក៏បានខិតខំយ៉ាងខ្លាំងដើម្បីកែលម្អសេដ្ឋកិច្ចគ្រួសារពីព្រោះ ក្មេងៗនៅតូច។ ឥឡូវនេះ ការអភិវឌ្ឍន៍ទេសចរណ៍ទូកកញ្ជើនេះ គឺបានគ្រាន់ប្រើនិងមានស្ថេរភាពណាស់”

គម្រោង UNDP និង GEF SGP បានចូលរួមចំណែកក្នុងការអភិរក្សព្រៃដូងទឹកនិងចែករំលែកផលប្រយោជន៍របស់ប្រជាជនក្នុងតំបន់។ សហគមន៍ប្រជាជនដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សនិងថែរក្សាអេកូទេសចរណ៍ដែលពឹងផ្អែកទៅលើព្រៃដូងទឹក។ លោកស្រី Nguyen Thi Hoa Man ជាអ្នកស្រុកម្នាក់បាននិយាយថា៖ “កាលពីមុន នៅពេលដែលវិស័យទេសចរណ៍មិនទាន់មានការអភិវឌ្ឍ ប្រជាជនភាគច្រើនពឹងផ្អែកលើការនេសាទប៉ុណ្ណោះ។ ប្រសិនបើប្តីទៅសមុទ្រគឺមានបង្គានិងត្រីខ្លះ ហើយប្រពន្ធនឹងយកទៅលក់ ដោយគ្មានការងារស្ថេរភាពទេ។ ដូច្នេះនៅពេលដែលសមុទ្ររំជួល ជាពិសេសនៅក្នុងរដូវរងា នៅទីនេះ ស្ទើរតែចាំបាច់ត្រូវការជំនួយជួយសង្គ្រោះភាពអត់ឃ្លានជាពុំខាន។ ប៉ុន្តែ ចាប់តាំងពីមានគម្រោងជំរុញវិស័យទេសចរណ៍តាម ព្រៃដូងនេះ គឺ អ្នកនេសាទបានផ្លាស់ប្តូរបន្តិចម្តងៗ ពីការងារនេសាទទៅជាបម្រើវិស័យទេសចរណ៍វិញ។ នៅពេលដែលវិស័យទេសចរណ៍មានការរីកចម្រើន ប្រជាជននៅទីនេះ ជាពិសេសស្ត្រីមានការងារស្ថេរភាព គឺចែវទូកកញ្ជើរនេះឯង”

ព្រៃកោងកាង Bau Ca Cai ឃុំ Binh Thuan ស្រុក Binh Son នមិនត្រឹមតែពង្រីកប្រសិទ្ធភាពស្រូបយកកាបូនប៉ុណ្ណោះទេ ថែមទាំងជួយការពារបរិស្ថានរស់នៅសម្រាប់ប្រជាជនទៀតផង (រូបថត៖ Bùi Thành Trung)

សកម្មភាពចែវទូកកញ្ជើរជូនភ្ញៀវទេសចរទស្សនាព្រៃដូងទឹក Cam Thanh គឺជារបរចិញ្ចឹមជីវិតជំនួសដ៏ជោគជ័យសម្រាប់ឃុំ Cam Thanh។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនគ្រួសារដែលចូលរួមក្នុងសកម្មភាពនេះបានកើនឡើងជាលំដាប់

ហើយប្រាក់ចំណូលទទួលបានពីសកម្មភាពនេះក៏បានកើនឡើងផងដែរ។ ប្រាក់ចំណូលជាមធ្យមរបស់គ្រួសារនៅពេលដែលពួកគេមិនទាន់ប្រកបមុខរបរចែវទូកកញ្ជើគឺត្រឹមតែ ៣,៧ លានដុង/ខែ ហើយនៅពេលដែលពួកគេប្រកបមុខរបរចែវទូកកញ្ជើរគឺ ៤.៥ លានដុង/ខែ ឯណោះ។

តំបន់ជិតខាងគឺខេត្ត Quang Ngai វិញ UNDP បានរួមជាមួយរដ្ឋាភិបាលវៀតណាមនិងមូលនិធិអាកាសធាតុបៃតង ក៏កំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ព្រៃកោងកាង ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ Bau Ca Cai ភូមិ Thuan Phuoc ឃុំ Binh Thuan ស្រុក Binh Son។ គម្រោងព្រៃកោងកាងនេះត្រូវបានអនុវត្តតាំងពីឆ្នាំ ២០១៤ មក ដោយមានព្រៃ ៨០ ហិកតា។ បច្ចុប្បន្ន គម្រោងនេះបានជួយផ្តល់ការងារនិងការចិញ្ចឹមជីវភាពប្រចាំថ្ងៃប្រកបដោយស្ថេរភាព សម្រាប់គ្រួសារប្រហែល ៥០ គ្រួសារស្ថិតនៅក្នុងគម្រោងផងដែរ។ លោកស្រី Nguyen Thi Thuy Dung អ្នកសម្របសម្រួលរបស់ UNDP បានឲ្យដឹងថា៖ “ចំពោះគ្រួសារនៅឃុំ Binh Thuan និយាយរួមនិងភូមិ Thuan Phuoc និយាយដោយឡែក ជារៀងរាល់ឆ្នាំ នៅពេលមានព្យុះម្តងៗ គ្រួសារនៅទីនេះក៏មានតំបន់ការពារនេះដែរ។ ទី ២ គ្រួសារអាចចាប់បង្កងនិងត្រីដោយដៃនៅក្នុងតំបន់នេះ។ ចាប់តាំងពីតំបន់នេះបានបង្កើតឡើងប្រព័ន្ធអេកូឡូស៊ី គឺមានភាពប្រសើរឡើងយ៉ាងច្បាស់។ ក្រៅពីនេះក្រុមគ្រួសារនានាក៏កំពុងមាននិន្នាការបើកសហគមន៍ទេសចរណ៍ផងដែរ”

ដោយទទួលបានជំនួយពី GCF-UNDP គ្រួសារជាច្រើនមានការងារស្ថិរភាព (រូបថត៖ Bùi Thành Trung)

នាប៉ុន្មានថ្ងៃខែតុលាឆ្នាំ ២០២០ នៅពេលដែលយើងខ្ញុំបានមកដល់កោះ Bau Ca Cai បន្ទាប់ពីព្យុះ Molave ដែលបោកបក់នៅខេត្ត Quang Ngai លោកស្រី Nguyen Thi Hai អ្នកស្រុកបានឲ្យដឹងថា ដោយសារមានព្រៃកោងកាងបិទបាំង ហេតុដូច្នេះ ការខូចខាតបណ្តាលពីព្យុះត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ ផ្ទះនិងដើមឈើរបស់លោស្រី Hai មិនរងផលប៉ះពាល់ច្រើនទេ។ ក្រុមគ្រួសាររបស់លោកស្រី Hai បានចាប់ផ្តើមបើកសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅលេងបឹង Bau Ca Cai តាំងពីឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ។ បច្ចុប្បន្នក្រុមគ្រួសាររបស់លោកស្រី Hai មានទូក ៣ គ្រឿងដែលក្នុងជើងនីមួយៗ អាចដឹកភ្ញៀវ ៣ នាក់ ហើយលោកស្រីរកបានប្រាក់ ២០ ម៉ឺនដុងក្នុងមួយជើង។ ចំណែកឯលោក Pham Duy Nghia ដែលទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីគម្រោងកោងកាងនេះ លោក Nghia បានចែករំលែកថា ក្រៅពីការធ្វើអាជីវកម្មធនធានជលផលពីបឹងទឹក ក្រុមគ្រួសាររបស់លោកមានគោលបំណងចិញ្ចឹមក្តាមបៃតងដើម្បីបង្កើនប្រាក់ចំណូល។ រាល់ការចិញ្ចឹមក្តាមចំនួន ២ ពាន់ក្បាល ដកទុនវិនិយោគប្រមាណ ១,២ លានដុងចេញ បន្ទាប់ពី ៣ ខែ ប្រសិនបើដំណើរការល្អ លោកនឹងទទួលបានប្រាក់ចំណេញប្រហែលជា ១៥ ទៅ ២០ លានដុង។

សូមគូសបញ្ជាក់ថា ព្រៃកោងកាងដោយ UNDP រដ្ឋាភិបាលវៀតណាម និង GCF អនុវត្តនោះកំពុងបង្ហាញលទ្ធផលដំបូងមិនត្រឹមតែនៅក្នុងយុទ្ធសាស្រ្តរយៈពេលវែងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការពារសហគមន៍ងាយរងគ្រោះនៅតាមឆ្នេរសមុទ្រវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពោលគឺ ជួយសហគមន៍ប្រជាជនជាច្រើនកែលំអជីវភាពរស់នៅប្រកបដោយសុវត្ថិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ទូកមានពណ៌ចម្រុះកំពុងរង់ចាំភ្ញៀវនៅលើកំពង់ផែ Ba Ca Cai ហើយសំនៀងរបស់អ្នកស្រី Pham Thi Ly នៅពេលកំពុងចែវទូកដើម្បីជូនភ្ញៀវទៅទស្សនាព្រៃដូងទឹក Cam Thanh ជាលទ្ធផលដែលអាចមើលឃើញពីគម្រោងទាំងនេះ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម