យុគសម័យ - ទោះបីមានការវិវត្តស្មុគស្មាញក៏ដោយ ក៏អ្នកជំនាញនៅតែមានសុទិដ្ឋិនិយមថាសេដ្ឋកិច្ចវៀតណាមនឹងស្តារឡើងវិញ ក្រោយពីរលកទីពីរនៃការរីករាលដាលនៃជំងឺ COVID-19 ។
ប៉ាណូឃោសនាស្តីពីការការពារនិងទប់ស្កាត់នឹងការីករាលដាលនៃជំងឺ COVID-19 បានដាក់តាំងនៅផ្លូវបែកជាបួនមួយ នៅរដ្ឋធានី Ha Noi ។ (រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
គេហទំព័រ Asiatimes ថ្មីៗនេះបានចុះផ្សាយអត្ថបទមួយដែលបញ្ជាក់ថា ទោះបីរលកទីពីរនៃការរីករាលដាលនៃជំងឺ COVID-19 មានភាពស្មុគស្មាញក្នុងរយៈពេលវែងក៏ដោយ ក៏អ្នកជំនាញនៅតែមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចវៀតណាមនឹងអាចស្តារឡើងវិញ បន្ទាប់ពីការផ្ទុះឡើងនេះ។
អត្ថបទនេះបានបញ្ជាក់ថា ប្រទេសវៀតណាមនៅតែទទួលបានជោគជ័យក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺ ទោះបីជួបប្រទះនឹងការលំបាកជាច្រើន ដូចជា មានប្រជាជនជាច្រើនជាង ៩៧ លាននាក់ ខ្វះខាតកន្លែងព្យាបាលនិងបរិក្ខារពេទ្យទំនើ ដើម្បីទប់ទល់នឹងជំងឺរាតត្បាតសកល។
ទោះបីប្រឈមមុខនឹងស្ថានភាពលំបាកនេះក៏ដោយ ក៏មនុស្សជាច្រើនទាំងក្នុងនិងក្រៅប្រទេសនៅតែកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការគ្រប់គ្រងជំងឺរាតត្បាតនេះឱ្យបានឆាប់។ អត្ថបទនេះក៏ដកស្រង់សំដីរបស់លោក Kenneth Atkinson ស្ថាបនិកក្រុមហ៊ុនគណនេយ្យអន្ដរជាតិ Grant Thornton និងជាអនុប្រធានក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់វិស័យទេសចរ (TAB) ប្រចាំនៅប្រទេសវៀតណាមបាននិយាយថា រលកទីពីរនៃការរីករាលដាលបណ្តាលឱ្យការបើកព្រំដែននេះត្រូវគិតគូរយ៉ាងហ្មត់ចត់។ នេះជាបញ្ហាប្រឈមធំបំផុតផងដែរសម្រាប់ក្រុមហ៊ុនមានបំណងចង់ស្តារឡើងវិញសកម្មភាពទេសចរនិងសេវាកម្មសណ្ឋាគារ។
ទោះយ៉ាងណាសកម្មភាពទេសចរណ៍ក្នុងស្រុកអាចនាំមកនូវពន្លឺខ្លះដល់វិស័យទេសចរណ៍និងសេវកម្មសណ្ឋាគារ។ ក្រៅពីនេះលោក Atkinson ក៏ដូចជាអ្នកផ្សេងៗ ជាច្រើនទៀតសង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុបដែលទើបតែចូលជាធរមាន នាពេលថ្មីៗនេះ ដែលនឹងទាក់ទាញការវិនិយោគបរទេសនិងក្រុមហ៊ុនអឺរ៉ុបមួយចំនួននឹងបង្កើតផលិតកម្ម នៅប្រទេសវៀតណាម។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលវៀតណាមក៏បានបញ្ជាក់ដែរថា ការរីករាលដាលនៃជំងឺ COVID-19 នៅខេត្ត Da Nang និងខេត្ត Quang Nam ស្ថិតនៅក្រោមការគ្រប់គ្រង។ ការវិលត្រឡប់របស់កម្មករសំណង់ទៅធ្វើការនៅការដ្ឋានសំណង់នានានៅទីក្រុង Da Nang គឺជាសញ្ញាដែលបង្ហាញថា ទីក្រុងកំពុងវិលមករកភាពប្រក្រតីវិញហើយ./.
(បកប្រែដោយឌីណា)
មតិពីមិត្តអ្នកអាន