យុគសម័យ - នារសៀលថ្ងៃទី ៧ ខែកញ្ញា ក្រសួងផែនការ និងវិនិយោគបានសហការជាមួយធនាគារ Standard Chartered និងធនាគាររដ្ឋវៀតណាមបានរៀបចំសន្និសីទតាមប្រព័ន្ធវីដេអូស្តីពីការជំរុញការវិនិយោគពីបរទេសក្រោមប្រធានបទ “ប្រទេសវៀតណាម - ផ្កាយរះ” ។ ព្រឹត្តិការណ៍នេះបានទាក់ទាញប្រតិភូតំណាងប្រមាណ ៥០០ នាក់ មកពីអង្គការអន្តរជាតិ និងធុរកិច្ចនានា។
សន្និសីទជម្រុញការវិនិយោគ ក្រោមប្រធានបទ '' ប្រទេសវៀតណាម - ផ្កាយរះ''។ (រូបថត៖ Ha Noi moi)
យោងតាមរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បាន ឲ្យដឹងថា ផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យរំខានដល់បណ្តាញផ្គត់ផ្គង់សកល រំខានដល់ផលិតកម្ម ដែលបណ្តាលឱ្យអង្គការអាជីវកម្មអន្តរជាតិត្រូវពន្លឿនដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីធ្វើពិពិធកម្មការវិនិយោគផ្សេងៗ ចៀសវាងការពឹងផ្អែកលើដៃគូមួយចំនួន។ ការពិតនោះបានបើកឱកាសដើ ម្បីទទួលលំហូរវិនិយោគទុនដែលផ្លាស់ប្តូរសម្រាប់ប្រទេសនានា រួមទាំងប្រទេសវៀតណាមផងដែរ។
ប្រទេសវៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់លើការរៀបចំលក្ខខណ្ឌនានា រួមមាន៖ ពិនិត្យឡើងវិញនូវបរិវេណ រោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ផលិតកម្ម ពន្លឿនដំណើរការនៃការបណ្តុះបណ្តាលធនធានមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អភិវឌ្ឍន៍ឧស្សាហកម្មបន្ទាប់បន្សំ បង្កើតក្រុមការងារដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគពីបរទេស បន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេស ដើម្បីទាក់ទាញការវិនិយោគពីបរទេស។
វៀតណាមក៏ទាក់ទាញការវិនិយោគបរទេសយ៉ាងសកម្មដោយជ្រើសរើសយកគុណភាព ប្រសិទ្ធភាព បច្ចេកវិទ្យានិងការការពារបរិស្ថានជាលក្ខណៈវិនិច្ឆ័យសំខាន់។ ប្រទេសវៀតណាមកំពុងមានគោលដៅកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុងមួយឆ្នាំក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។
លោក Nirukt Sapru អគ្គនាយករងនៃធនាគារ Standard Chartered Vietnam បានមានប្រសាសន៍ថា ដោយមានមូលដ្ឋានគ្រឹះរឹងមាំ ដូចជាប្រជាជនវ័យក្មេងដែលមានភាពស្វាហាប់ និងមានបច្ចេកវិទ្យាខ្ពស់ ទីផ្សារក្នុងស្រុកកំពុងរីកចម្រើន វណ្ណៈកណ្តាលកំពុងកើនឡើង និងសេដ្ឋកិច្ចបើកចំហ វៀតណាមបន្តផ្តល់ឱកាសវិនិយោគគួរឱ្យទាក់ទាញ។ សាជីវកម្មពហុជាតិជាច្រើនបានចាប់អារម្មណ៍ក្នុងការបង្កើតសកម្មភាពវិនិយោគធ្វើអាជីវកម្ម នៅវៀតណា មដើម្បីទាញយកប្រយោជន៍ពីភូមិសាស្ត្រមានចម្ងាយជិត និងសមត្ថភាពក្នុងការតភ្ជាប់ជាមួយអាស៊ាន./.(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន