យុគសម័យ - នៅថ្ងៃទី ២៩ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំមួយ ដើម្បីស្តាប់របាយការណ៍និងពិភាក្សាអំពីស្ថានភាពមនុស្សធម៌នៅប្រទេសស៊ីរី ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត COVID-19 ។
ពិនិត្យសីតុណ្ហភាពរាងកាយសម្រាប់ទប់ទល់នឹងការឆ្លងមេរោគ COVID-19 នៅទីតាំងបោះឆ្នោតមួយ ក្នុងក្រុង Damascus ថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២០ ។ (រូបថត៖ AFP / TTXVN)
ក្នុងកិច្ចប្រជុំនេះនេះវៀតណាមបានអំពាវនាវដល់សហគមន៍អន្តរជាតិជួយគាំទ្រសន្តិសុខស្បៀងអាហារនិងបង្កើនសមត្ថភាពឆ្លើយតបនឹងជំងឺរាតត្បាតនៅប្រទេសស៊ីរី។
យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុង New York រាយការណ៍ជម្រាបជូនក្រុមប្រឹក្សាសន្តិសុខអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក Mark Lowcock បាននិយាយថា ប្រទេសស៊ីរីបច្ចុប្បន្នមានប្រហែល ៧០០ ករណីផ្ទុកជំងឺ COVID-19។ ទោះបីចំនួននេះមិនខ្ពស់ក៏ដោយ ប៉ុន្តែករណីផ្ទុកជំងឺនេះបានលេចចេញនៅតាមបណ្តាខេត្តនិងក្រុង ហើយចំនួនជាក់ស្តែងគឺខ្ពស់ជាងនេះដោយសារសមត្ថភាពធ្វើតេស្ត នៅប្រទេសស៊ីរីមានកម្រិត (ប្រហែល ៣៥០ ករណីតែប៉ុណ្ណោះដែលបានធ្វើតេស្តក្នុងមួយថ្ងៃ)។ វិធានការ "បិទទ្វារ" ដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ COVID-19 ដែលធ្វើឱ្យវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសស៊ីរី។ ខឿនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថា នឹងធ្លាក់ចុះ ៧% ក្នុងឆ្នាំ ២០២០ អត្រាគ្មានការងារធ្វើ នាពេលបច្ចុប្បន្នគឺ ៥០% ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌មិនទាន់រៀបចំយ៉ាងទៀតទាត់ ដោយសារផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចនិងផលប៉ះពាល់នៃ COVID-19 ។
បណ្តាប្រទេសបានបញ្ជាក់ពីភាពចាំបាច់ ដើម្បីធានាឱ្យបាននូវស្ថានភាពសន្តិសុខ សំដៅរក្សាសកម្មភាពជំនួយមនុស្សធម៌ ជាពិសេសគឺនៅក្នុងតំបន់ភាគពាយព្យនៃប្រទេសនេះដែលក្រុមភេរវករនិងក្រុមជ្រុលនិយមកំពុងប្រតិបត្តិការ។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើសារសំខាន់នៃការធានាឱ្យបានរៀបចំសកម្មភាពមនុស្សធម៌នៅគ្រប់តំបន់នៃប្រទេសស៊ីរី តាមរយៈការរក្សាស្ថេរភាព សន្តិសុខនិងការអនុវត្តយ៉ាងតឹងរឹងកិច្ចព្រមព្រៀងឈប់បាញ់នៅភាគពាយព្យនិងជ្រោមជ្រែងទៅនឹងបទឈប់បាញ់ទូទាំងប្រទេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ។
លោកឯកអគ្គរដ្ឋទូតបានស្វាគមន៍ការគាំទ្រពីសហគមន៍អន្តរជាតិដល់ប្រជាជនស៊ីរីនិងបានអំពាវនាវឱ្យ ការបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលស៊ីរីនិងអង្គការសហប្រជាជាតិក្នុងបញ្ហានេះ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើភារកិច្ចអាទិភាពចំនួនពីរ ដើម្បីធានាសន្តិសុខស្បៀងនិងបង្កើនសមត្ថភាពឆ្លើយតបនឹងជំងឺ COVID-19 នៅប្រទេសស៊ីរី។
បច្ចុប្បន្នប្រជាជនស៊ីរីជាង ១១ លាននាក់កំពុងត្រូវការជួយគាំទ្រមនុស្សធម៌។ កាលពីថ្ងៃទី ១១ ខែកក្កដាក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោតនិងអនុម័តសេចក្តីសម្រេចចិត្តលេខ ២៥៣៣ ស្តីពី ពង្រីកយន្តការជំនួយមនុស្សធម៌ឆ្លងដែន ក្នុងរយៈពេល ១២ ខែ តាមរយៈច្រកព្រំដែន Bab al-Hawa ទៅកាន់ខេត្ត Idlib ដែលមានប្រជាជនប្រមាណ ៣ លាននាក់ ត្រូវការជួយគាំទ្រមនុស្សធម៌ ហើយភាគច្រើននៃពួកគេបានបាត់បង់ទីលំនៅឡើយ./.
(បកប្រែដោយឌីណា)
មតិពីមិត្តអ្នកអាន