យុគសម័យ - ក្នុងបរិបទនៃការផ្ទុះឡើងនូវជំងឺកូវីដ១៩ដ៏ស្មុគស្មាញនោះ ស្ថានទូតវៀតណាមប្រចាំនៅអេស្ប៉ាញ បារាំង រុស្ស៊ី និងហ្វាំងឡង់បានបង្កើតនូវទម្រង់នៃការជូនដំណឹងនិងផ្សព្វផ្សាយជាប្រចាំដល់សហគមន៍បងប្អូនប្រជាពលរដ្ឋវៀតណាមដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅប្រទេសម្ចាស់ផ្ទះអំពីគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម ព្រមទាំងតាមដានតាមសេចក្តីណែនាំរបស់ស្ថានទូតនិងប្រទេសម្ចាស់ផ្ទះនិងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យគោរពតាមការណែនាំរបស់រដ្ឋាភិបាលម្ចាស់ផ្ទះផងដែរ ។
ស្ថានទូតវៀតណាមប្រចាំនៅអេស្ប៉ាញ រុស្ស៊ី បារាំងនិងហ្វាំងឡង់បានត្រៀមគាំពារប្រជាពលរដ្ឋចំពោះមុខការរីករាលដាលនៃជម្ងឺ Covid-19 (រូបថត៖ Getty Images)
នៅប្រទេសអេស្បាញគិតត្រឹមថ្ងៃទី ១៦ ខែមីនា ប្រទេសនេះមានករណីឆ្លង Covid-19 ចំនួន ៩.១៩១ នាក់ក្នុងនោះមានមនុស្សស្លាប់ ៣០៩ នាក់។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺដ៏ស្មុគស្មាញនោះ ស្ថានទូតវៀតណាមប្រចាំនៅអេស្បាញបានផ្សព្វផ្សាយនិងធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំដល់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅធ្វើការនិងសិក្សានៅអេស្ប៉ាញអំពីគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម ព្រមទាំងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យគោរពធ្វើតាមការណែនាំរបស់រដ្ឋាភិបាលម្ចាស់ផ្ទះផងដែរ។ទន្ទឹមនឹងនេះដែរត្រូវជៀសវាងការផ្លាស់ប្តូរឆ្ងាយពីតំបន់រស់នៅ ជៀសវាងពីការប្រមូលផ្តុំមនុស្សច្រើន និងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវវិធានការបង្ការនិងប្រឆាំងជំងឺរាតត្បាតក្រោមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)។
*ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើស្ថានភាពនៃជំងឺរាតត្បាត ដោយបានជូនដំណឹងយ៉ាងទទូចដល់និស្សិតវៀតណាមសិក្សានៅទីនេះឱ្យយកចិត្តទុកដាក់ចំពោះការវិវត្តន៍នៃការរីករាលដាលជម្ងឺឆ្លងនេះ ក៏ដូចជាការបង្ការនិងទប់ស្កាត់ជំងឺឆ្លងផងដែរ។ រហូតមកដល់ពេលនេះ តាមរយៈការក្តាប់ជាប់នូវស្ថានភាពជាប្រចាំ និស្សិតវៀតណាមទាំងអស់នៅប្រទេសរុស្ស៊ីសុទ្ធសឹងតែមានស្ថេរភាព ហើយមិនទាន់រកឃើញមានករណីឆ្លងណាមួយឡើយ ក៏ដូចជាការរំលោភបទបញ្ញត្តិរបស់ប្រទេសម្ចាស់ផ្ទះស្តីពីការការពារប្រឆាំងនឹងជំងឺរាតត្បាតនេះតែម្តង។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វាំងឡង់គឺលោកស្រី Dang Thi Hai Tam (រូបថត៖ baoquocte)
* ដើម្បីជួយសហគមន៍ក្នុងការឆ្លើយតបនឹងការរីករាលដាលនៃជំងឺ Covid-19 នាថ្ងៃទី ១៦ ខែមីនា ស្ថានទូតវៀតណាមនៅប្រទេសបារាំងបានធ្វើការជាមួយសាខាសមាគមជនវៀតណាមនៅប្រទេសបារាំង ក្នុងការលើកទឹកចិត្តប្រជាពលរដ្ឋវៀតណាមនៅប្រទេសបារាំងគោរពតាមការណែនាំរបស់រដ្ឋាភិបាលម្ចាស់ផ្ទះ ដើម្បីចៀសពីការផ្លាស់ទីលំនៅចេញពីកន្លែងរស់នៅ ជៀសវាងប្រមូលផ្តុំមនុស្សកកកុញ និងធ្វើតាមការណែនាំរបស់ស្ថានទូតនិងប្រទេសម្ចាស់ផ្ទះផងដែរ។
ស្ថានទូតបានណែនាំសាខាសមាគមនិស្សិតវៀតណាមប្រចាំនៅប្រទេសបារាំងឱ្យបានទាន់ពេលវេលា ដើម្បីលើកទឹកចិត្តដល់និស្សិត និងជនវៀតណាមឱ្យគោរពតាមបទបញ្ញត្តិនៃការរឹតត្បិតធ្វើដំណើរ និងការជួយគ្នាទៅវិញទៅមកសំដៅចៀសវាងសម្ពាធនៃការធ្វើមាតុភូមិនិវត្តន៍ជាច្រើនផងដែរ។ យោងតាមស្ថិតិមិនពេញលេញ បានឲ្យដឹងថានាបច្ចុប្បន្ននេះសហគមន៍វៀតណាមប្រចាំនៅបារាំងមានចំនួនប្រជាជនប្រមាណ ៣០ ម៉ឺននាក់ក្នុងនោះមាននិស្សិតវៀតណាមចំនួន ៧០០០ នាក់៕
(បកប្រែដោយ ហេង វុធ្ធី)


មតិពីមិត្តអ្នកអាន