Trending now

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc សាទរសាធារណរដ្ឋឆេកដែលបានផ្តល់ទិដ្ឋាការពលករឡើងវិញសម្រាប់ប្រជាពលរដ្ឋវៀតណាម

07:28 | 13/06/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី ១២ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយអនុប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឆែកនិងជាប្រធានបក្សកុម្មុយនីស្តឆេក - Morava លោក Vojtech Filip។ នៅទីនេះលោក Vojtech Filip បានជម្រាបជូននាយករដ្ឋមន្ត្រីអំពីគម្រោងកិច្ចសហប្រតិបត្តិការមួយចំនួនជាមួយវៀតណាមក្នុងពេលខាងមុខ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងអនុប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឆែកនិងជាប្រធានបក្សកុម្មុយនីស្តឆេក - Morava លោក Vojtech Filip (រូបថត: VGP / Quang Hieu)

ក្នុងជំនួបនេះ អនុប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឆែកនិងជាប្រធានបក្សកុម្មុយនីស្តឆេក - Morava លោក Vojtech Filip បានឲ្យដឹងថា មាតិកាមួយក្នុងកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីវៀតណាមនិងនាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក កាលពីខែមេសាឆ្នាំ ២០១៩កន្លងទៅ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc គឺជាការផ្តល់ទិដ្ឋាការពលករឡើងវិញសម្រាប់ប្រជាពលរដ្ឋវៀតណាម ហើយសាធារណរដ្ឋឆែកបានចាប់ផ្តើមឡើងវិញនៅខែមិថុនាឆ្នាំនេះតែម្តង។

លោក Vojtech Filip ក៏បានសម្តែងនូវការជឿជាក់ថា សាធារណរដ្ឋឆែកកំពុងទន្ទឹងរង់ចាំបើកជើងហោះហើរត្រង់រវាងទីក្រុងហាណូយនិងក្រុង Praha។ គម្រោងកិច្ចសហប្រតិបត្តិការមួយផ្សេងទៀតដែលលោក Vojtech Filip បានលើកឡើង នោះគឺជាការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនរថយន្ត Skoda នៃសាធារណរដ្ឋឆែកនិងដៃគូវៀតណាម។ ហេតុដូច្នេះ នាពេលខាងមុខ ខ្សែចង្វាក់ផលិតកម្មរថយន្តមួយផ្នែកនឹងដាក់ទីតាំងនៅប្រទេសវៀតណាម។ លោក Vojtech Filip បានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថានៅពេលគម្រោងនេះបានបើកឲ្យដំណើរការនោះ លោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក Andrej Babis នឹងអញ្ជើញមកប្រទេសវៀតណាមដោយផ្ទាល់ផងដែរ”។

ដោយមានទំនាក់ទំនងល្អនិងទំនុកចិត្តចំពោះវៀតណាម អនុប្រធានសភាជាតិឆែកបានបញ្ជាក់អះអាង ចំពោះការគាំទ្រវៀតណាមឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។

អញ្ជើញឆ្លើយតបវិញ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ ចំពោះការបន្តការផ្តល់ទិដ្ឋាការដល់ពលករវៀតណាមរបស់រដ្ឋាភិបាលឆែក ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តខិតខំប្រឹងប្រែងថែមទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគ ដើម្បីរួមចំណែកដល់ការធ្វើឲ្យស៊ីជម្រៅថែមទៀត ទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានសាទរវិនិយោគិនឆែកក្នុងការវិនិយោគលើឧស្សាហកម្មផលិតរថយន្តនៅវៀតណាម ហើយបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនឆែក។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា រដ្ឋាភិបាលវៀតណាមបានត្រៀមជាស្រេច ចាត់វិធានការសមស្របគ្រប់លើជ្រុងជ្រោយ ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍកាន់តែប្រសើរឡើងនាពេលអនាគត៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី