យុគសម័យ - ឧត្តមឧត្តមសេនីយ៍ទោ លោក Nguyen Quoc Thuoc ប្រធានប្រតិភូសាខាសមាគមមិត្តភាព យោធភូមិភាគនិរតីវៀតណាម ប្រចាំរដ្ឋធានីហាណូយបានថ្លែងថា លោកគឺជាសាក្សីរស់មួយរូប ដែលបានចូលរួមក្នុងជួរកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាពីរបបប៉ុលពត រហូតទទួលបានជោគជ័យនាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩។ លោកមានសេចក្តីរំភើបឥតឧបមា បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាភ្លាម ក៏បានឃើញពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលនឹកស្មានមិនដល់ បើប្រៀបធៀបទៅនឹងអតីតកាល កាលពី៤០ឆ្នាំមុន។
ការលើកឡើងរបស់លោកមឧត្តមសេនីយ៍ទោ Nguyen Quoc Thuoc បានធ្វើឡើងក្នុងឱកាសលោកនិងគណៈប្រតិភូ អញ្ជើញជួបសម្តែងការគួរសមចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច កាលពីព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង មុនពេលដែលប្រតិភូបន្តដំណើរទៅបំពេញទស្សនកិច្ចនៅខេត្តសៀមរាប។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូនាពេលនេះ បន្ទាប់ពីប្រជាជនកម្ពុជា ទើបតែបញ្ចប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌថ្មីៗនេះ ពិសេសរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៦ កំពុងដំណើរការយ៉ាងល្អ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខជាតិ តាមរយៈនៃការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានរម្លឹកអំពីចំណងមិត្តភាព រវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានជាប្រវត្តិសាស្ត្រជាយូរលុងណាស់មកហើយ ក្នុងឋានៈជាអ្នកជិតខាងល្អ ធ្លាប់បានតស៊ូប្រឆាំងសត្រូវរួម និងបានសហការជួយគ្នាទៅវិញទៅមក ទាំងសន្តិសុខ ទាំងការពង្រីកសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌជាតិ និងក្របខ័ណ្ឌឯកជន ពិសេសយើងចាំមិនភ្លេចទេ ដែលកងទ័ពប្រជាជនវៀតណាមបានស្ម័គ្រចិត្តជួយរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ប៉ុលពត។
ចំណែកលោក Nguyen Quoc Phuoc បានថ្លែងអំណរគុណចំពោះលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអនុញ្ញាតឱ្យប្រតិភូចូលជួបសម្តែងការគួរសម ព្រមទាំងបានបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន ដែលអាចវាយតម្លៃបានថា កម្ពុជាពិតជាព្រះរាជាណាចក្រអច្ឆិរយៈ ដែលខុសគ្នាដាច់ស្រឡះកាលពី៤០ឆ្នាំកន្លងទៅ ព្រោះពីមុនជាទីវាលពិឃាត និងហេដ្ឋារចនាសម្ព័ន្ធនានាស្ថិតនៅក្នុងចំណុចសូន្យ ឥឡូវបានក្លាយជាកន្លែងអភិវឌ្ឍន៍ ឥតឈប់ឈរ ជីវភាពប្រជាជនសម្បូរធូរធារ និងបានក្លាយជាប្រទេសជាតិមួយស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ផងដែរ ។
ជាការឆ្លើយតប លោកជំទាវ ម៉ែន សំអន បានពាំនាំការសួរសុខទុក្ខ ពីសម្តេចតេជោ ផ្ញើជូនប្រតិភូទាំងអស់ប្រកបដោយការនឹករលឹក និងសូមឱ្យកងទ័ព និងប្រជាជន នៃប្រទេស ទាំងពីរបន្តកិច្ចសហការគ្នាឱ្យកាន់រឹងមាំថែមទៀត ក្នុងន័យបម្រើឱ្យផលប្រយោជន៍រួម ដើម្បី កសាងជាតិឱ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ស្មើភាពគ្នាជាមួយប្រទេសក្នុងតំបន់ និងនៅលើពិភពលោក ហើយក៏សុំឱ្យដំណើរទេសចរណ៍ទៅកាន់ខេត្តសៀមរាប និងទៅកាន់តំ បន់ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជារបស់ប្រតិភូ សូមទទួលបានជោគជ័យ៕
(ប្រភពព័ត៌មាន: information.gov.kh)
មតិពីមិត្តអ្នកអាន