ការនាំចេញចេកអំបូងលឿងស្រស់ពីកម្ពុជាទៅទីផ្សារអន្តរជាតិគិតចាប់ពីដើមឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី ៨ ខែកក្កដានេះសម្រេចបានជិត ១៥ ម៉ឺនតោនកើនឡើងជាង ១៥០ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការនាំចេញចេកអំបូងលឿងស្រស់ពីកម្ពុជា សម្រេចបានជិត ១៥ ម៉ឺនតោន កើនឡើងជាង ១៥០ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក វេង សាខុន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា គុណភាពចេកអំបូងលឿងរបស់កម្ពុជា និងទំនាក់ទំនងល្អផ្នែកពាណិជ្ជកម្មបានធ្វើឲ្យការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅទីផ្សារអន្តរជាតិ កើនឡើងជាលំដាប់ ជាពិសេសក្នុងឆ្នាំ ២០២០ នេះ។ លោកបន្តថា ជាក់ស្តែងការនាំចេញចេកអំបូងលឿងស្រស់ក្នុងរយៈពេល ៦ ខែ និង ៨ ថ្ងៃសម្រេចបាន ១៤៧ ៧៦០ តោន កើនជាង ១៥០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកថ្លែងថា៖ «ការនាំចេញចេកជាផ្លូវការក្នុងរយៈពេលនេះកំពុងមានកំណើនខ្ពស់ខ្លាំងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយការនាំចេញទាំងនេះមានទៅប្រទេសចិន វៀតណាម និងជប៉ុន»។
លោកបន្ថែមថា កំណើននាំចេញខ្ពស់នាពេលនេះ គឺដោយសារការខិតខំរបស់អាជ្ញាធរក្នុងការអប់រំបណ្តុះបណ្តាលប្រជាកសិករ និងក្រុមហ៊ុនវិនិយោគពីបច្ចេកទេសនៃការដាំដុះ ព្រមជាមួយនឹងការខិតខំធ្វើការផ្សព្វផ្សាយពីគុណភាព និងសក្តានុពលរបស់ផលិតផលកម្ពុជាទៅកាន់ទីផ្សារបណ្តាប្រទេសនានាលើពិភពលោកផងដែរ។
ទោះជាយ៉ាងណាជាមួយនឹងកំណើនដ៏ខ្ពស់នៃការនាំចេញនាពេលនេះលោក សាខុន ក៏បានប្រាប់ថា កម្ពុជាក៏ត្រូវគិតពីមធ្យោបាយក្នុងការដឹកជញ្ជូនផលិតផលកសិផលឲ្យបានសមស្រប និងឆាប់រហ័សជាងមុនផងដែរ ព្រោះបច្ចុប្បន្នដោយសារការដឹកជញ្ជូនចេកចេញទៅក្រៅប្រទេសត្រូវប្រើពេលយូរ ហេតុនេះអត្រាខូចខាតក៏អាចកើតមានច្រើនដែរ។
លោកស្រី ហេង ដាវី ប្រធានក្រុមហ៊ុន Long Sreng Hua Jian Agriculture Development Co.,Ltd ដែលមានផ្ទៃដីប្រមូលផលចេកអំបូងលឿងប្រមាណ ២០០ ហិកតាក្នុងចំណោមផ្ទៃដីដាំដុះ ១ ០០០ ហិកតាក្នុងខេត្តកំពង់ចាមបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដោយសារតែសមត្ថភាពកសិដ្ឋានដាំចេករបស់ក្រុមហ៊ុនមានកម្រិត ដូច្នេះការនាំចេញក្នុងរយៈពេល ៦ ខែដំបូងឆ្នាំ ២០២០ នេះមិនមានកំណើនខ្ពស់ទេ។
លោកស្រីបានបន្តថា ផ្លែចេកកំពុងមានតម្រូវការខ្ពស់នៅទីផ្សារប្រទេសចិន ហេតុនេះនៅពេលអនាគតក្រុមហ៊ុនមានផែនការក្នុងការពង្រីកផ្ទៃដីដាំដុះឲ្យបានកាន់តែធំបន្ថែមទៀត ខណៈបច្ចុប្បន្នការផ្គត់ផ្គង់របស់ក្រុមហ៊ុនទៅប្រទេសចិន គឺមិនអាចឆ្លើយតបបាននឹងបរិមាណនៃការបញ្ជាទិញនោះទេ។
លោកស្រីថ្លែងថា៖ «ខណៈតម្រូវការផ្លែចេកនៅប្រទេសចិនមានកំណើនកាន់តែច្រើន ក្រុមហ៊ុនក៏មានផែនការពង្រីកផ្ទៃដីដាំដុះឲ្យបានកាន់តែធំផងដែរនាពេលខាងមុខនេះ»។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគលើការដាំដុះ និងវេចខ្ចប់ផ្លែចេក ចំនួន ៩ គឺក្រុមហ៊ុន Longmate, Long Sreng Hua Jian Agriculture Development Co Ltd, Reen Island Agricultural Development (Cambodia) Limited, Sovann Reachsey Co Ltd, Agricultural Development (Cambodia) Co Ltd។ ចំណែកក្រុមហ៊ុន ៤ ទៀតរួមមាន Hoang Anh Andong Meas, Hoang Anh Lumphat, Daun Penh Agrico និងក្រុមហ៊ុន Binhphuoc Kratie Rubber 2។
ការនាំចេញចេកអំបូងលឿងរបស់កម្ពុជាមានកំណើនខ្ពស់
ម្យ៉ាងវិញទៀត កំឡុងពេលដែល ពិភពលោកកំពុងជួបវិបត្តិ កូវីដ ១៩ ដែលបណ្ដាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងដំណំនោះ ប៉ុន្ដែទាក់ទិននឹងការនាំចេញកសិផលកម្ពុជាបែរជាត្រូវបានគេមើលឃើញថាមានកំណើនខ្ពស់ទៅវិញ ជាពិសេសការនាំចេញ អង្ករ តែម្ដង ។ បែបនេះហើយទើប កម្ពុជា មានជំនឿមុតមាំថានឹងអាចនាំចេញកសិផលទៅកាន់ទីផ្សារក្រៅប្រទេសប្រមាណជាង ៥ លានតោន ក្នុងឆ្នាំ ២០២០ នេះ ។
យោងតាមប្រសាសន៍លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអោយដឹងថា ក្នុងរយៈពេល ៥ ខែ ដំបូងនៃឆ្នាំ ២០២០ នេះ ការនាំចេញអង្ករ និងការនាំចេញកសិផលដទៃទៀតទទួលបានកំណើនគួរអោយកត់សម្គាល់ដោយអង្ករនាំចេញបានប្រមាណ ៣៥៦ ពាន់តោន ទៅកាន់ទីផ្សារសំខាន់ៗ ដូចជាប្រទេសចិន សហគមន៍អឺរ៉ុប និងទីផ្សារអាស៊ានជាដើម។
លោកបានបន្តថា ក្រៅពីការនាំចេញអង្ករ យើងក៏បានមើលឃើញថាការនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារចិនក៏មានកំណើនគួរអោយកត់សម្គាល់ដែរ ខណៈចិនក៏មានតម្រូវការខ្ពស់។ ហើយបច្ចុប្បន្ន កម្ពុជាក៏កំពុងចរចារនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសចិនផងដែរ ហើយក៏បានចុះហត្ថលេខាលើពិធីសារផ្លូវការកាលពីពេលថ្មីៗ នេះរវាងរដ្ឋមន្ត្រីកសិកម្មកម្ពុជា និង អគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជាផងដែរ ។
តាមរយៈ លោកវេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ឲ្យដឹងថាគិតមកទល់ពេលនេះ ការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិជាផ្លូវការមានចំនួនប្រមាណ ២.២៧៥.៨១៩ តោន និងការនាំចេញស្រូវក្រៅផ្លូវការទៅប្រទេសវៀតណាមក៏មានបរិមាណជិត ១ លានតោន ។
លោកបន្ដថា យោងតាមតួលេខនាំចេញក្នុងរយៈជិតកន្លះឆ្នាំនេះ យើងអាចប៉ាន់ប្រមាណថា ក្នុងឆ្នាំ ២០២០ ទាំងមូលកម្ពុជាអាចនាំចេញកសិផលសរុបចំនួន ៥ លានតោនជាផ្លូវការ ដោយក្នុងនោះដែរការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក៏ឃើញថាមានកំណើនខ្ពស់ ជាក់ស្ដែងគិតត្រឹមថ្ងៃទី ១៦ មិថុនា កម្ពុជា អាចនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិជិត ៤០ ម៉ឺនតោន។
គួរបញ្ជាក់ កម្ពុជា បាននាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិប្រមាណជាង ៦០ ប្រទេស នៅលើពិភពលោក ខណៈក៏កំពុងតែចរចារសម្រាប់ទីផ្សារថ្មីបន្ថែមទៀតសម្រាប់កសិផលដែលមានសក្ដានុពលក្នុងការនាំចេញផងដែរ៕
(សរុបដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: doctor-business.asia និង postkhmer.com)
មតិពីមិត្តអ្នកអាន