នៅយប់ថ្ងៃទី ៣០ សីហា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៨ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ កញ្ញា ឆ្នាំ ១៩៤៥- ថ្ងៃទី ២ កញ្ញា ឆ្នាំ២០២៣)។
![]() |
| ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang |
ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានសង្កត់ធ្ងន់លើដំណើរប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រជាជាតិវៀតណាម ពីព្រឹត្តិការណ៍ដែលលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យនៅថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ បង្កើតឡើងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមសព្វថ្ងៃគឺសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងរយៈពេល ៧៨ ឆ្នាំនៃការតស៊ូដណ្ដើមឯករាជ្យជាតិ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ប្រជាជនវៀតណាមបានជំនះពុះពារការលំបាកជាច្រើនរាប់មិនអស់ដើម្បីសម្រេចបានសមិទ្ធិផលដ៏ធំធេងលើគ្រប់វិស័យ។ វៀតណាមបាននិងកំពុងបន្តជំរុញបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។ ក្នុងកិច្ចការបរទេស វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលមាគ៌ាឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ការធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្ម និងសមាហរណកម្មយ៉ាងស៊ីជម្រៅក្នុងតំបន់និងពិភពលោក។ ទន្ទឹមនឹងនោះ កសាងយ៉ាងសកម្មនូវសហគមន៍អាស៊ានដ៏ស្អិតរមួត និងរីកចម្រើនផងដែរ។
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានសង្កត់ធ្ងន់ថា៖ “ក្នុងឱកាសព្រឹត្តិការណ៍ដ៏សំខាន់នេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបណ្ដាជំនាន់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ក៏ដូចជាមិត្តភក្តិអន្តរជាតិទាំងអស់ដែលបានផ្តល់ការជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃដល់ប្រជាជន វៀតណាមក្នុងបុព្វហេតុតស៊ូដណ្ដើមឯករាជ្យជាតិកាលពីមុននេះ ក៏ដូចជាក្នុងបុព្វហេតុ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនាសព្វថ្ងៃផងដែរ”។
![]() |
| សហគមន៍ធុរកិច្ច និងប្រជាពលរដ្ឋវៀតណាមដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅកម្ពុជាបានចូលរួមពិធីនេះ (រូបថត៖ TTXVN) |
ថ្លែងក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក សុខ ចិន្តាសោភា បានសង្កត់ធ្ងន់ថា៖ “កម្ពុជានិងវៀតណាមជាប្រទេសជិតខាងល្អរបស់គ្នា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសយើងទាំងពីរត្រូវបានពង្រឹងកាន់តែស្អិតរមួត។ ប្រទេសទាំងពីរបានឆ្លងកាត់ការឡើងចុះដូចគ្នា យើងបានចែករំលែកនៅក្នុងការតស៊ូ ពលីកម្ម ទុក្ខលំបាកវេទនា ក្ដីសប្បាយរីករាយ និងសុភមង្គល ហើយជានិច្ចកាលជួយគ្នាទៅវិញទៅមក។ ប្រទេសយើងទាំងពីរនឹងបន្តជំរុញទំនាក់ទំនងប្រកបដោយវិបុល ភាពលើគ្រប់វិស័យ និងគ្រប់កម្រិត ដោយឈរលើស្មារតីនៃសាមគ្គីភាព ទំនុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមកដែលយើងចែករំលែកគ្នា”។
ក្នុងឱកាសនេះ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ក៏បានរៀបចំព្រឹត្តិការណ៍បអរសាទរខួបលើកទី៧៨ ទិវាបុណ្យឯករាជ្យជាតិផងដែរ៕


មតិពីមិត្តអ្នកអាន