នារសៀលថ្ងៃទី ២២ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) ក្រុមជួយសង្គ្រោះ នៃកងទ័ពប្រជាជនវៀតណាម បានចេញដំណើរត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរបំពេញបេសកកម្មជួយជំនះពុះពារផលវិបាកនៃគ្រោះរញ្ជួយដីនៅប្រទេសទួរគី។
![]() |
| ក្រុមជួយសង្គ្រោះវៀតណាមចេញដំណើរពីខេត្ត Hatay ទៅកាន់ទីក្រុង Istanbul បន្ទាប់មកហោះទៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ |
ពិធីជូនដំណើរក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាម ត្រូវបានធ្វើឡើងនៅអាកាសយានដ្ឋាន Hatay ទីក្រុង Antakya ខេត្ត Hatay ប្រទេសទួរគី ដោយមានការចូលរួមពីលោក Do Son Hai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទួរគី។
អញ្ជើញថ្លែងមតិនៅទីនេះ លោក Do Son Hai ឯកអគ្គរដ្ឋទូត បានចាត់ទុកថា ការបញ្ជូនកងកម្លាំងទៅជួយសង្គ្រោះនៅទួរគីរបស់កងទ័ពប្រជាជនវៀតណាម បានរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយអនុវត្តនូវគោលនយោបាយ និងមាគ៌ារបស់បក្ស និងរដ្ឋ គឺ វៀតណាមជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ជោគជ័យនៃដំណើរបំពេញភារកិច្ចនេះក៏បានបង្ហាញពីសមត្ថភាពរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់ថ្មីដែលមានការលំបាកជាច្រើន។
លោកឧត្តមសេនីយ៍ត្រី Pham Van Ty នាយរងខុទ្ទកាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិឆ្លើយតបនឹងឧប្បត្តិហេតុ និងគ្រោះមហន្តរាយ និងជាអនុប្រធាននាយកដ្ឋានជួយសង្គ្រោះគ្រោះមហន្តរាយ (អគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាម) និងជាប្រធានក្រុមសង្គ្រោះវៀតណាមបានរាយការណ៍ដោយសង្ខេបអំពីលទ្ធផលនៃដំណើរបំពេញបេសកកម្មនៅប្រទេសទួរគីរបស់ក្រុមជួយសង្គ្រោះវៀតណាម ហើយថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះស្ថានទូតវៀតណាម ដែលបានជួយឧបត្ថម្ភក្រុមក្នុងការបំពេញដោយជោគជ័យនូវភារកិច្ច។
ក្រុមជួយសង្គ្រោះវៀតណាមបានចេញដំណើរពីខេត្ត Hatay ទៅកាន់ទីក្រុង Istanbul បន្ទាប់មកហោះទៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ នៅរសៀលថ្ងៃនេះ (២៣ កុម្ភៈ)៕

មតិពីមិត្តអ្នកអាន