យុគសម័យ - ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែមិថុនា នៅទីក្រុង Ulan Bator (ប្រទេសម៉ុងហ្គោលី) កិច្ចប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) បានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងគណបក្សនយោបាយចំនួន ២២ មកពីប្រទេសអាស៊ីចំនួន ១៧។ គណៈប្រតិភូគណបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Ngo Le Van បានអញ្ជើញចូលរួម និងមានការរួមចំណែកជាច្រើននៅក្នុងបណ្តាវគ្គពិភាក្សា។
![]() |
| វៀតណាមស្នើឡើងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទពេញអង្គ ICAPP ឆ្នាំ ២០២៨ ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាគណបក្សនយោបាយស្តីពី AI |
ក្នុងបរិបទដែលតំបន់ និងពិភពលោកប្រឈមមុខនឹងបណ្តាការប្រែប្រួលភូមិសាស្ត្រនយោបាយ ការប្រឈមខាងសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍយ៉ាងរហ័សនៃបញ្ញាសិប្បនិម្មិត (AI) បណ្តាតំណាងបានឯកភាពគ្នាដោយចាត់ទុកថា បណ្តាគណបក្សនយោបាយចាំបាច់ត្រូវបង្កើនការសន្ទនា កសាងទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការ សំដៅរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី។ ខ្លឹមសារស្នូលមួយក្នុងចំណោមខ្លឹមសារស្នូលនានានៃសម័យប្រជុំលើកនេះ គឺតួនាទីរបស់ AI ក្នុងការគ្រប់គ្រងរដ្ឋ និងការកសាងការឯកភាពគ្នាក្នុងសង្គម។
ថ្លែងមតិនៅក្នុងសម័យប្រជុំ ប្រធានគណៈប្រតិភូវៀតណាមបានបញ្ជាក់ថា គណបក្សកុម្មុយនីស្តវៀតណាមតែងតែចាត់ទុកជាសំខាន់នូវកិច្ចការបរទេសបក្ស ចូលរួមយ៉ាងសកម្មក្នុងបណ្តាយន្តការសហប្រតិបត្តិការពហុភាគីរវាងបណ្តាគណបក្សនយោបាយ សំដៅបង្កើនការយល់ដឹងគ្នា ពង្រឹងទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺវៀតណាមបានជូនដំណឹងជាផ្លូវការនូវគោលការណ៍ស្នើឡើងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទពេញអង្គ ICAPP លើកទី ១៤ ក្នុងឆ្នាំ ២០២៨។ យោងតាមប្រធានគណៈប្រតិភូវៀតណាម ការធ្វើជាម្ចាស់ផ្ទះរៀបចំនេះនឹងបង្ហាញពីការប្តេជ្ញាចិត្តបន្តរួមចំណែកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវទៅក្នុងបណ្តាសកម្មភាពរួមរបស់ ICAPP ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌបង្កើនការតភ្ជាប់រវាងបណ្តាគណបក្សនយោបាយក្នុងតំបន់។
សេចក្តីស្នើឡើងរបស់វៀតណាមទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ ICAPP និងបណ្តាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍។ តំណាងជាច្រើនរូបបានវាយតម្លៃថា នេះគឺជាជំហានដើរជាក់ស្តែង សំដៅលើកកម្ពស់តួនាទីរបស់ ICAPP ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាគណបក្សនយោបាយអាស៊ី។ ខ្លឹមសារនេះត្រូវបានរំពឹងថានឹងត្រូវពិនិត្យ និងអនុម័តជាផ្លូវការនៅក្នុងសន្និសីទពេញអង្គ ICAPP លើកទី ១៣ នាចុងឆ្នាំ ២០២៦។
នៅក្នុងសម័យប្រជុំប្រធានបទ "ការផ្លាស់ប្តូរអាស៊ីក្នុងយុគសម័យឌីជីថល៖ ការប្រឈមនៃ AI" គណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់ថា AI កំពុងក្លាយជាកត្តាដ៏សំខាន់ក្នុងការកំណត់ទម្រង់សមត្ថភាពប្រកួតប្រជែង ការចម្រើនលូតលាស់សេដ្ឋកិច្ច ការគ្រប់គ្រងរដ្ឋ និងការអភិវឌ្ឍសង្គម។ ការទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនូវបច្ចេកវិទ្យានេះ នឹងបង្កើតឱកាសទម្លុះទម្លាយសម្រាប់បណ្តាប្រទេស ក្នុងពេលដែលគម្លាតនៃការអភិវឌ្ឍគឺមានហានិភ័យកើនឡើងចំពោះបណ្តាប្រទេសដែលយឺតយ៉ាវក្នុងការបន្ស៊ាំខ្លួន។
ចេញពីតថភាពជាក់ស្តែងនៃការអភិវឌ្ឍរបស់វៀតណាម អនុរដ្ឋមន្ត្រី លោក Ngo Le Van បានឱ្យដឹងថា ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តវៀតណាម និងនៅលើមូលដ្ឋាននៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល គឺត្រូវបានកំណត់ថាជាកម្លាំងចលករដ៏សំខាន់នៃការចម្រើនលូតលាស់ក្នុងដំណាក់កាលថ្មី ក្នុងនោះ AI រក្សាតួនាទីជំរុញការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងការអភិវឌ្ឍប្រកបដោយចីរភាព។
វៀតណាមក៏បានស្នើឡើងឱ្យបណ្តាគណបក្សនយោបាយ និងបណ្តាប្រទេសក្នុងតំបន់ បង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស លើកកម្ពស់សមត្ថភាពឌីជីថល កសាងបណ្តាយន្តការគ្រប់គ្រង AI ប្រកបដោយការទទួលខុសត្រូវ ទន្ទឹមនឹងនោះ គាំទ្របណ្តាប្រទេសកំពុងអភិវឌ្ឍន៍ឱ្យចូលរួមយ៉ាងជ្រាលជ្រៅបន្ថែមទៀតទៅក្នុងប្រព័ន្ធអេកូឡូស៊ី AI សកល។
នៅក្រៅខែមហាសន្និសីទ អនុរដ្ឋមន្ត្រី លោក Ngo Le Van បានមានជំនួបធ្វើការជាមួយអគ្គលេខាធិការគណបក្សប្រជាជនម៉ុងហ្គោលី លោក Sodbaatar Yangug។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិអំពីបណ្តាទិសដៅអភិវឌ្ឍន៍ថ្មីរបស់ប្រទេសនីមួយៗ បន្ទាប់ពីមហាសន្និសីទបក្សនាពេលថ្មីៗកន្លងទៅ ព្រមទាំងបញ្ជាក់ថា ទំនាក់ទំនងរវាងបក្សទាំងពីរ បន្តជាគ្រឹះស្ថានដ៏សំខាន់ដើម្បីជំរុញទំនាក់ទំនងទ្វភាគី ក្នុងនោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចាំបាច់ត្រូវក្លាយជាសសរស្តម្ភអភិវឌ្ឍន៍មួយ។
នៅក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លោក Chung Eui Yong ភាគីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះតួនាទីសម្របសម្រួលរបស់ ICAPP និងបានស្នើឱ្យភាគីទាំងពីរ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងដំណើរការត្រៀមលក្ខណៈសម្រាប់ការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទពេញអង្គ ICAPP លើកទី ១៤ ប្រសិនបើទទួលបានការអនុម័តពីបណ្តាសមាជិក។
ការអញ្ជើញចូលរួមប្រកបដោយភាពសកម្ម និងការដាក់ចេញនូវបណ្តាគំនិតផ្តួចផ្តើមនៅក្នុងកិច្ចប្រជុំលើកទី ៤៥ គឺបន្តបង្ហាញពីតួនាទីម្ចាស់ការ និងការទទួលខុសត្រូវរបស់គណបក្សកុម្មុយនីស្តវៀតណាម នៅក្នុងបណ្តាយន្តការសហប្រតិបត្តិការពហុភាគីនៃគណបក្សនយោបាយនៅអាស៊ី ទន្ទឹមនឹងនោះ បង្កើតជាគ្រឹះស្ថានដើម្បីឱ្យវៀតណាមរួមចំណែកយ៉ាងជ្រាលជ្រៅនិងទូលំទូលាយបន្ថែមទៀត ទៅក្នុងបណ្តាសកម្មភាពរបស់ ICAPP នាពេលខាងមុខ។
| ត្រូវបានបង្កើតឡើងនៅទីក្រុងម៉ានីល (ប្រទេសហ្វីលីពីន) នាខែកញ្ញា ឆ្នាំ ២០០០ បច្ចុប្បន្ននេះ ICAPP គឺជាវេទិកាសហប្រតិបត្តិការពហុភាគីនៃគណបក្សនយោបាយធំបំផុតនៅអាស៊ី តម្រង់ឆ្ពោះទៅរកការជំរុញការសន្ទនា បង្កើនទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងបណ្តាគណបក្សនយោបាយ សំដៅរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់។ គណៈកម្មាធិការអចិន្ត្រៃយ៍ គឺជាស្ថាប័នសម្របសម្រួលបណ្តាសកម្មភាពរបស់ ICAPP នៅចន្លោះអាណត្តិសន្និសីទពេញអង្គទាំងពីរ៕ |
ដោយវាយតំលៃខ្ពស់ចំពោះចក្ខុវិស័យ និងគោលនយោបាយមានលក្ខណៈទម្លុះទម្លាយ អគ្គលេខាធិការរងអ.ស.ប លោក Amandeep Singh Gill បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនិងចាប់យកឱកាសដើម្បីសម្រេចបាននូវវឌ្ឍនភាពដ៏អស្ចារ្យក្នុងការច្នៃប្រឌិត នវានុវត្តន៍ បរិវត្តកម្មឌីជីថល បញ្ញាសិប្បនិមិត្ត (AI) និងធានាសន្តិសុខតាមអ៊ីនធឺណិត រួមទាំងការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ជាពិសេស សហគ្រាសបច្ចេកវិទ្យាធំៗដូចជា Viettel FPT VinAI។ លោក Amandeep Singh Gill ... |
យុគសម័យ - នាថ្ងៃទី ២៣ ខែកក្កដា ក្រសួងការបរទេសបានសម្របសម្រួលជាមួយក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម រៀបចំសិក្ខាសាលាមួយអំពី “និន្នាការអភិវឌ្ឍន៍បច្ចេកវិទ្យា semiconductor និងបញ្ញាសិប្បនិមិត្ត ផលប៉ះពាល់សម្រាប់ទំនាក់ទំនងការទូតវៀតណាម”។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន