Trending now

ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥៖ "ខែលការពារ" ចំពោះមុខការប្រឈមហានិភ័យនៃ Deepfake និងការបោកប្រាស់តាម AI

08:03 | 25/05/2026 ឌឹកអាញ់

យុគសម័យ - ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា Deepfake ធ្វើឱ្យបណ្ដាសកម្មភាពបោកប្រាស់, ក្លែងបន្លំ និងការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើលំហសាយប័រកាន់តែមានភាពស្មុគស្មាញនិងល្អិតល្អន់ឡើង។ ស្ថិតក្នុងបរិបទនោះ ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥ ត្រូវបានរំពឹងទុកថានឹងក្លាយជាច្រករបៀងគតិយុត្តដ៏សំខាន់មួយ សំដៅការពារទិន្នន័យបុគ្គល, បង្កើនការទទួលខុសត្រូវនៃបណ្ដាប្រព័ន្ធឌីជីថល និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះមុខបណ្ដាការប្រឈមសន្តិសុខសាយប័រនៅក្នុងសករាជឌីជីថល។

ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព វៀតណាមនឹងក្លាយជាប្រទេសដែលមានចំនួនភ្ញៀវទេសចរវៀតណាមច្រើនជាងគេដែលមកទស្សនាប្រទេសកម្ពុជានៅឆ្នាំ ២០២៥
ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥៖
ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥៖ "ខែលការពារ" ចំពោះមុខការប្រឈមហានិភ័យនៃ Deepfake និងការបោកប្រាស់តាម AI

ការបំពេញបន្ថែម "ខែលការពារគតិយុត្ត"

នារយៈពេលថ្មីៗកន្លងមកនេះ ស្ថាប័នមានសមត្ថកិច្ចបានបន្តប្រកាសសេចក្តីព្រមានអំពីទម្រង់ក្លែងបន្លំជាមន្ត្រីនគរបាល, វិទ្យាស្ថានអយ្យការ, ធនាគារ ឬការប្រើប្រាស់ AI ដើម្បីក្លែងបន្លំសំឡេងរបស់សាច់ញាតិ សំដៅទាមទារឱ្យមានការផ្ទេរប្រាក់។ វីដេអូក្លែងបន្លំជនល្បីល្បាញជាច្រើនដើម្បីផ្សព្វផ្សាយការវិនិយោគហិរញ្ញវត្ថុ, ប្រាក់និម្មិត, មូលបត្រ បានលេចឡើងយ៉ាងពាសពេញនៅលើបណ្ដាញសង្គម ដោយទាក់ទាញការទស្សនារាប់ម៉ឺនដង មុនពេលត្រូវបានរកឃើញ និងលុបបំបាត់ចោល។

ប្រសិនបើកាលពីមុន ការបោកប្រាស់តាមប្រព័ន្ធអនឡាញជាចម្បងគឺផ្អែកទៅលើសារមិនពិត ឬបណ្ដាតំណភ្ជាប់ដែលមានផ្ទុកមេរោគ នោះនាពេលបច្ចុប្បន្ន AI និង Deepfake បានធ្វើឱ្យបណ្ដាល្បិចកលទាំងនេះកាន់តែពិបាកសម្គាល់ជាងមុនឆ្ងាយណាស់។ ត្រឹមតែជាមួយនឹងខ្សែអាត់សំឡេងដ៏ខ្លីមួយ ឬរូបថតជាសាធារណៈមួយចំនួននៅលើបណ្ដាញសង្គម បច្ចេកវិទ្យា Deepfake អាចបង្កើតសំឡេង, ទម្រង់មុខ និងវីដេអូឡើងវិញ ជាមួយនឹងកម្រិតភាពពិតប្រាកដខ្ពស់បំផុត ដែលធ្វើឱ្យអ្នកប្រើប្រាស់ងាយធ្លាក់ចូលទៅក្នុងស្ថានភាពបាត់បង់ការប្រុងប្រយ័ត្ន និងពិបាកបែងចែករវាងការពិតនិងការក្លែងបន្លំ។

យោងតាមនាយកដ្ឋានសន្តិសុខសាយប័រ និងបង្ការ បង្ក្រាបបទល្មើសប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ (ក្រសួងនគរបាល) បណ្ដាសកម្មភាពវាយប្រហារសាយប័រ, បោកប្រាស់តាមប្រព័ន្ធអនឡាញ, រំលោភបំពានយកទិន្នន័យបុគ្គល, ផ្សព្វផ្សាយព័ត៌មានមិនពិត, ព័ត៌មានអាក្រក់និងពុល; ការឆ្លៀតយកផលប្រយោជន៍ពីបច្ចេកវិទ្យា AI, បច្ចេកវិទ្យា Deepfake ដើម្បីក្លែងបន្លំព័ត៌មាន, បង្វែរការយល់ដឹងរបស់សង្គម គឺមាននិន្នាការកើនឡើងទាំងខាងទំហំ និងកម្រិតល្អិតល្អន់។ ជាមួយនឹងប្រជាពលរដ្ឋចំនួន ៨៥ លាននាក់ដែលប្រើប្រាស់ Internet និងគណនីបណ្ដាញសង្គមចំនួន ៧៩ លានគណនីដែលកំពុងដំណើរការនៅវៀតណាម លំហសាយប័របានក្លាយជាមជ្ឈដ្ឋានដែលភ្ជាប់និស្ស័យយ៉ាងជិតស្និទ្ធជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ផលវិបាកនៃបណ្ដាសកម្មភាពបោកប្រាស់ដោយ AI ឬ Deepfake មិនត្រឹមតែឈប់ត្រឹមកម្រិតនៃការខូចខាតសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភបំពានដោយផ្ទាល់លើសិទ្ធិឯកជនភាព, កិត្តិយស, សេចក្តីថ្លៃថ្នូរ និងសិទ្ធិទទួលបានព័ត៌មានប្រកបដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងនោះ ជះឥទ្ធិពលអវិជ្ជមានដល់ជំនឿចិត្តសង្គម និងស្ថិរភាពរួមរបស់ប្រទេសជាតិ។

ការដែលរដ្ឋសភានីតិកាលទី XV បានអនុម័តច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៦ គឺជាជំហានដើរដ៏សំខាន់មួយ សំដៅបំពេញបន្ថែមប្រព័ន្ធច្បាប់ស្តីពីសន្តិសុខសាយប័រ និងបង្កើនការការពារប្រជាពលរដ្ឋនៅលើមជ្ឈដ្ឋានឌីជីថល។

យោងតាមនាយកដ្ឋានសន្តិសុខសាយប័រ និងបង្ការ បង្ក្រាបបទល្មើសប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ចំណុចទម្លុះទម្លាយមួយក្នុងចំណោមចំណុចទម្លុះទម្លាយនៃច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥ គឺការបង្កើតនូវក្របខ័ណ្ឌគតិយុត្តឯកភាព, ស្របគ្នា និងទំនើប អំពីការងារគ្រប់គ្រងរដ្ឋចំពោះសន្តិសុខសាយប័រ។ ផ្នត់គំនិតគ្រប់គ្រងបានផ្លាស់ប្តូរពីការដោះស្រាយ, ការជួសជុលផលវិបាក ទៅជាការម្ចាស់ការបង្ការ, ការរកឃើញឱ្យបានឆាប់, ការទប់ស្កាត់តាំងពីដំបូងនិងពីចម្ងាយ នូវរាល់ហានិភ័យដែលគំរាមកំហែងដល់សន្តិសុខសាយប័រ។

ជាលើកដំបូងបង្អស់ ដែលសញ្ញាណ «សន្តិសុខទិន្នន័យ» ត្រូវបានកំណត់ថាជាខ្លឹមសារស្នូលមួយនៅក្នុងគោលនយោបាយច្បាប់ស្តីពីសន្តិសុខសាយប័រ។ នៅក្នុងបរិបទដែលទិន្នន័យកាន់តែតែក្លាយជាទ្រព្យសម្បត្តិប្រកបដោយតម្លៃយុទ្ធសាស្ត្រ ច្បាប់បានបំពេញបន្ថែមនូវបទប្បញ្ញត្តិជាច្រើន សំដៅបង្កើនការការពារទិន្នន័យបុគ្គល, ទិន្នន័យសំខាន់ៗ និងទិន្នន័យគន្លឹះដែលពាក់ព័ន្ធនឹងសន្តិសុខជាតិ។ ទន្ទឹមនឹងនោះ ហាមឃាត់ដាច់ខាតនូវបណ្ដាសកម្មភាពប្រមូលប្រគុំ, ទិញលក់, ផ្ទេរដូរទិន្នន័យបុគ្គលដោយខុសច្បាប់; លើកកម្ពស់ការទទួលខុសត្រូវរបស់សហគ្រាសផ្តល់សេវាឌីជីថលក្នុងការការពារព័ត៌មានរបស់អ្នកប្រើប្រាស់ និងធានាសុវត្ថិភាពទិន្នន័យនៅលើមជ្ឈដ្ឋានបណ្ដាញ។

ច្បាប់ក៏បានបង្កើតនូវយន្តការទទួលខុសត្រូវឆ្លើយតបរហ័សចំពោះបណ្ដាប្រព័ន្ធឌីជីថលផងដែរ។ ផ្អែកតាមនោះ សហគ្រាសផ្តល់សេវាទូរគមនាគមន៍, Internet និងបណ្ដាញសង្គម មានការទទួលខុសត្រូវដោះស្រាយព័ត៌មានដែលរំលោភបំពានច្បាប់ក្នុងរយៈពេលយ៉ាងយូរ ២៤ ម៉ោង ចាប់តាំងពីពេលទទួលបានការទាមទារស្របច្បាប់ពីស្ថាប័នមានសមត្ថកិច្ច; ដោយឡែកសម្រាប់បណ្ដាស្ថានភាពបន្ទាន់ដែលពាក់ព័ន្ធនឹងសន្តិសុខជាតិ គឺត្រូវតែដោះស្រាយក្នុងរង្វង់ ៦ ម៉ោង។ បទប្បញ្ញត្តិនេះត្រូវបានរំពឹងទុកថានឹងលើកកម្ពស់ប្រសិទ្ធភាពបង្ការ, ទប់ស្កាត់ព័ត៌មានមិនពិត, ការបោកប្រាស់តាមប្រព័ន្ធអនឡាញ, ព័ត៌មានពុលនិងអាក្រក់ និងបណ្ដាសកម្មភាពរំលោភបំពានលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការនិងបុគ្គលនៅលើលំហសាយប័រ។

ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥ ក៏បានបំពេញបន្ថែមនូវក្របខ័ណ្ឌគតិយុត្តជំហានដំបូងចំពោះការគ្រប់គ្រងបញ្ញាសិប្បនិម្មិត និងបណ្ដាបច្ចេកវិទ្យាឌីជីថលទើបនឹងលេចឡើងថ្មីៗ; ហាមឃាត់ដាច់ខាតការឆ្លៀតយកផលប្រយោជន៍ពី AI, Deepfake ដើម្បីក្លែងបន្លំរូបភាព, សំឡេង ឬបង្កើតព័ត៌មានមិនពិត សំដៅអនុវត្តសកម្មភាពរំលោភបំពានច្បាប់។ ចំណុចនេះបង្ហាញឱ្យឃើញពីផ្នត់គំនិតបង្កើតច្បាប់ដោយម្ចាស់ការ និងទាន់ពេលវេលារបស់វៀតណាម ចំពោះមុខបណ្ដាការប្រឈមថ្មីៗដែលកើតឡើងពីបច្ចេកវិទ្យាឌីជីថល; ទន្ទឹមនឹងនោះ អះអាងនូវទស្សនៈស្របគ្នាមិនប្រែប្រួលគឺ ការអភិវឌ្ឍបច្ចេកវិទ្យាត្រូវតែភ្ជាប់ជាមួយការទទួលខុសត្រូវសង្គម, សីលធម៌បច្ចេកវិទ្យា និងគោលដៅការពារមនុស្សនៅក្នុងមជ្ឈដ្ឋានឌីជីថល។

ការធានាសិទ្ធិមនុស្សនៅលើលំហឌីជីថល

ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥ បានបង្ហាញយ៉ាងច្បាស់នូវទស្សនៈស្របគ្នារបស់រដ្ឋវៀតណាម ក្នុងការធានា និងការពារសិទ្ធិមនុស្ស, សិទ្ធិប្រជាពលរដ្ឋនៅលើមជ្ឈដ្ឋានឌីជីថល។

នៅក្នុងបរិបទដែលទិន្នន័យឌីជីថលក្លាយជាប្រភពធនធានគន្លឹះនៃសេដ្ឋកិច្ចឌីជីថល សិទ្ធិទទួលបានជីវភាពរស់នៅឯកជនភាព, ការសម្ងាត់បុគ្គល, ការសម្ងាត់គ្រួសារ និងសិទ្ធិទទួលបានការការពារទិន្នន័យបុគ្គល កាន់តែមានអត្ថន័យសារវន្ត។ ច្បាប់បានចែងបទប្បញ្ញត្តិហាមឃាត់ដាច់ខាតនូវបណ្ដាសកម្មភាពប្រមូលប្រគុំ, ទិញលក់, ដោះដូរ, ប្រើប្រាស់ទិន្នន័យបុគ្គលដោយខុសច្បាប់; ទន្ទឹមនឹងនោះ បង្កើនយន្តការការពារអ្នកប្រើប្រាស់លំហសាយប័រ ចំពោះមុខបណ្ដាសកម្មភាពបោកប្រាស់, ក្លែងបន្លំ, ប្រមាថកិត្តិយស, សេចក្តីថ្លៃថ្នូរ និងការរំលោភបំពានសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់អង្គការនិងបុគ្គល។ នេះគឺជាជំហានឈានឡើងដ៏សំខាន់មួយនៅក្នុងការបង្កើតវប្បធម៌គោរពសិទ្ធិឯកជនភាព និងការការពារទិន្នន័យបុគ្គលនៅវៀតណាម។

ចំពោះកុមារ និងក្រុមជនងាយរងគ្រោះ ច្បាប់តម្រូវឱ្យបណ្ដាប្រព័ន្ធឌីជីថល, សហគ្រាសផ្តល់សេវាកម្មនៅលើលំហសាយប័រ អនុវត្តបណ្ដាវិធានការការពារដ៏សមស្របតាមគោលការណ៍ធានាសុវត្ថិភាពតាំងតែពីដំណាក់កាលរចនាប្លង់ និងការដំណើរការប្រព័ន្ធ; ម្ចាស់ការរុករកពិនិត្យ, ស្វែងរក, ទប់ស្កាត់ខ្លឹមសារពុលនិងអាក្រក់, ព័ត៌មានដែលបង្កការជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ និងអ្នកប្រើប្រាស់ដែលងាយរងការខូចខាតនៅលើមជ្ឈដ្ឋានបណ្ដាញ។

ជាពិសេស ភ្លាមៗបន្ទាប់ពីច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥ ត្រូវបានរដ្ឋសភាអនុម័ត នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានប្រកាសដាក់ចេញនូវសេចក្តីសម្រេចលេខ ៤៦៨/QD-TTg អនុម័តលើកម្មវិធី «ការពារ និងគាំទ្រកុមារឱ្យអភិវឌ្ឍនៅលើមជ្ឈដ្ឋានបណ្ដាញ ដំណាក់កាល ២០២៦-២០៣០»។ នេះគឺជាសេចក្តីសម្រេចដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលវៀតណាម នៅក្នុងការកសាងមជ្ឈដ្ឋានបណ្ដាញប្រកបដោយសុវត្ថិភាព, ផ្ដល់ផលល្អដល់សុខភាពសម្រាប់កុមារ; លើកកម្ពស់ជំនាញឌីជីថល, ជំនាញស្វ័យការពារខ្លួន និងគាំទ្រកុមារក្នុងការឈានទៅប្រើប្រាស់ Internet ប្រកបដោយសុវត្ថិភាព និងមានការទទួលខុសត្រូវ។

ទន្ទឹមនឹងការបំពេញបន្ថែមច្រករបៀងគតិយុត្ត ការលើកកម្ពស់ «ភាពស៊ាំឌីជីថល» សម្រាប់ប្រជាពលរដ្ឋ ក៏ជាតម្រូវការបន្ទាន់មួយផងដែរ ស្ថិតក្នុងបរិបទដែលបណ្ដាទម្រង់បោកប្រាស់បច្ចេកវិទ្យាខ្ពស់កាន់តែកើនឡើង។ អ្នកប្រើប្រាស់ Internet ចាំបាច់ត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ព័ត៌មាន, បញ្ជាក់ភាពត្រឹមត្រូវច្រើនស្រទាប់ មុនពេលផ្ទេរប្រាក់ ឬផ្តល់ទិន្នន័យបុគ្គល ទន្ទឹមនឹងនោះ រក្សាភាពភ្ញាក់រលឹកចំពោះមុខបណ្ដាខ្លឹមសារដែលបង្កការភ្ញាក់ផ្អើល, ញុះញង់ ឬវាយលុកចូលទៅក្នុងចិត្តសាស្ត្រស្លន់ស្លោនៅលើបណ្ដាញសង្គម៕

ទីក្រុងហាណូយត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅឆ្នាំ ២០២៥ ទីក្រុងហាណូយត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅឆ្នាំ ២០២៥

យុគសម័យ - នៅរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ (ម៉ោងនៅទីក្រុងញូវយ៉ក) មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆ័ន្ទលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ យោងតាមមាត្រា ៦៤ នៃអនុសញ្ញា អនុសញ្ញានេះនឹងត្រូវបើកឱ្យចុះហត្ថលេខានៅទីក្រុងហាណូយក្នុងឆ្នាំ ២០២៥។ ដូច្នេះ អនុសញ្ញានេះនឹងត្រូវបានគេហៅថា "អនុសញ្ញាហាណូយ"។

"បទពិសោធន៍អំពី AI និងសុវត្ថិភាពអ៊ីនធឺណិត" សម្រាប់យុវជនវៀតណាមនៅប្រទេសសិង្ហបុរី

យុគសម័យ - គណៈកម្មាធិការទំនាក់ទំនងនៃសហគមន៍វៀតណាមនៅប្រទេសសិង្ហបុរី ថ្មីៗនេះបានរៀបចំវគ្គបទពិសោធន៍មួយ ក្រោមប្រធានបទ "បទពិសោធន៍អំពី AI និងសុវត្ថិភាពអ៊ីនធឺណិត" សម្រាប់កុមារអាយុចាប់ពី ៨ ដល់ ១៦ ឆ្នាំ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥៖ "ខែលការពារ" ចំពោះមុខការប្រឈមហានិភ័យនៃ Deepfake និងការបោកប្រាស់តាម AI
បើកដំណើរការកម្មវិធី Happy Vietnam ២០២៦ ក្រោមប្រធានបទ «សុភមង្គលពីបណ្ដាអ្វីៗដ៏សាមញ្ញ»
បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម
អតីតអនុប្រធានរដ្ឋ លោកស្រី Nguyen Thi Binh ទទួលគ្រឿងឥស្សរិយយស «ផ្កាយគុណបំណាច់» នៃរដ្ឋ ប៉ាឡេស្ទីន
ខេត្ត​ Quang Tri ជំរុញអាហារូបត្ថម្ភតាមសាលារៀន៖ ការវិនិយោគសម្រាប់កុមារចាប់ពីរបបអាហារប្រចាំថ្ងៃ