Trending now

វៀតណាមចំពោះមុខកាលានុវត្តភាពកំណើនពីរខ្ទង់៖ កម្លាំងផ្ទៃក្នុង ការកែទម្រង់ និងសេចក្តីប្រាថ្នាចង់ឈានឡើង

12:07 | 23/06/2026 ឌឹកអាញ់

យុគសម័យ - នៅក្នុងបរិបទដែលខឿនសេដ្ឋកិច្ចពិភពលោកបន្តប្រឈមមុខនឹងភាពមិនប្រាកដប្រជា និងការប្រឈមជាច្រើន សហគមន៍សហគ្រាសអន្តរជាតិបានវាយតម្លៃថា វៀតណាមកំពុងក្តោបក្តាប់នូវប្រៀបខ្លាំងលេចធ្លោ «មេឃអំណោយផល ដីមានលក្ខណៈល្អ មនុស្សមានការឯកភាពចិត្ត» ដើម្បីធ្វើឱ្យគោលដៅកំណើនលឿន និងចីរភាពនៅក្នុងដំណាក់កាល ២០២៦-២០៣០ ក្លាយជាការពិត។

គុយបាជម្រុញការកែទម្រង់សេដ្ឋកិច្ច កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម-ទីម័រខាងកើត

ស្ថិរភាពនយោបាយ សមត្ថភាពបន្ស៊ាំខ្ពស់ ការប្តេជ្ញាចិត្តកែទម្រង់យ៉ាងខ្លាំងក្លា រួមជាមួយដំណើរការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនិងទូលំទូលាយ ត្រូវបានចាត់ទុកថាជាបណ្តាគ្រឹះស្ថានដ៏មានសារៈសំខាន់ ជួយឱ្យវៀតណាមតម្រង់ទិសដៅទៅរកគោលដៅកំណើនពីរខ្ទង់នៅក្នុងបណ្តាឆ្នាំខាងមុខ។

បណ្តាការវាយតម្លៃវិជ្ជមានទាំងនេះ ត្រូវបាននាំចេញដោយបណ្តាសមាគមសហគ្រាសអន្តរជាតិ នៅក្នុងបរិបទដែលនាយករដ្ឋមន្ត្រី លោក Le Minh Hung បានបំផុសចលនាប្រឡងប្រណាំង «ប្តេជ្ញាចិត្តអនុវត្តឱ្យបានជោគជ័យនូវគោលដៅកំណើនចីរភាពពីរខ្ទង់ដំណាក់កាល ២០ pipe ២៦-២០៣០»។

មុននោះ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស បានកំណត់គោលដៅរហូតដល់ឆ្នាំ ២០៣០ នាំយកវៀតណាមឱ្យក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប ចំណូលមធ្យមកម្រិតខ្ពស់ និងរហូតដល់ឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់។

ដើម្បីធ្វើឱ្យគោលដៅនោះក្លាយជាការពិត ខឿនសេដ្ឋកិច្ចចាំបាច់ត្រូវរក្សាឱ្យបាននូវល្បឿនកំណើនលឿន ចីរភាពពីរខ្ទង់នៅក្នុងដំណាក់កាល ២០២៦-២០៣០។

សមត្ថភាពបន្ស៊ាំបង្កើតបានជាប្រៀបខ្លាំងប្រកួតប្រជែង

ប្រធាន EuroCham លោក Bruno Jaspaert
ប្រធាន EuroCham លោក Bruno Jaspaert

បើតាមលោក Bruno Jaspaert ប្រធានសមាគមសហគ្រាសអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) ទន្ទឹមនឹងបណ្តាប្រៀបខ្លាំងប្រពៃណីអំពីទីតាំងភូមិសាស្ត្រ និងប្រភពធនធានមនុស្ស វៀតណាមនៅតែមានភាពលេចធ្លោដោយសារសមត្ថភាពបន្ស៊ាំ និងភាពធន់ចំពោះមុខបណ្តាការប្រែប្រួលនៃសេដ្ឋកិច្ចសកល។

នៅក្នុងបរិបទដែលបណ្តាការសម្រេចចិត្តវិនិយោគកាន់តែលើកតម្កើងកត្តាគ្រប់គ្រងហានិភ័យ វៀតណាមបានបង្ហាញឱ្យឃើញនូវសមត្ថភាពរក្សាកំណើន ក្នុងពេលដែលនៅតែរក្សាបានយ៉ាងរឹងមាំនូវតុល្យភាពនៅក្នុងទំនាក់ទំនងកិច្ចការបរទេស។ នេះគឺជាកត្តាដ៏មានសារៈសំខាន់ ជួយឱ្យវៀតណាមក្លាយជាចំណុចដៅទាក់ទាញចំពោះមុខបណ្តាអ្នកវិនិយោគអន្តរជាតិ ដែលកំពុងស្វែងរកបរិស្ថានប្រកបដោយស្ថិរភាព និងសុវត្ថិភាព។

បណ្តាលទ្ធផលសេដ្ឋកិច្ចនាពេលថ្មីៗនេះ បន្តពង្រឹងជំនឿទុកចិត្តរបស់សហគមន៍សហគ្រាស។ កំណើន GDP ត្រីមាសទី I ឆ្នាំ ២០២៦ សម្រេចបាន ៧,៨៣% ខ្ពស់ជាងកម្រិត ៧,០៧% នៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សកម្មភាពផលិតកម្មឧស្សាហកម្មរក្សាបាននូវសន្ទុះកំណើនវិជ្ជមាន ជញ្ជីងពាណិជ្ជកម្មបន្តត្រូវបានកែលម្អ បង្ហាញឱ្យឃើញថាខឿនសេដ្ឋកិច្ចកំពុងរក្សាបាននូវកម្លាំងចលករអភិវឌ្ឍន៍។

យោងតាម EuroCham លទ្ធផលខាងលើឆ្លុះបញ្ចាំងពីការរួមផ្សំគ្នារវាងការប្តេជ្ញាចិត្តនយោបាយយ៉ាងខ្លាំងក្លា និងសមត្ថភាពអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព។ ស្មារតីរួមដំណើរជាមួយសហគ្រាស ការម្ចាស់ការស្តាប់ និងដោះស្រាយការលំបាករបស់រដ្ឋាភិបាល កំពុងបង្កើតបន្ថែមជំនឿទុកចិត្តជូនដល់បណ្តាអ្នកវិនិយោគបរទេស។

វៀតណាមចំពោះមុខកាលានុវត្តភាពកំណើនពីរខ្ទង់៖ កម្លាំងផ្ទៃក្នុង ការកែទម្រង់ និងសេចក្តីប្រាថ្នាចង់ឈានឡើង
ប្រធាន SingCham លោក Tan Quee Peng

ស្ថិរភាពនយោបាយ និងការកែទម្រង់ស្ថាប័ន គឺជាគ្រឹះស្ថានដ៏មានសារៈសំខាន់

លោក Tan Quee Peng ប្រធានសមាគមសហគ្រាសសិង្ហបុរីប្រចាំនៅវៀតណាម (SingCham) យល់ឃើញថា ស្ថិរភាពនយោបាយ - សង្គម គឺជាប្រៀបខ្លាំងដ៏ធំបំផុតមួយរបស់វៀតណាមនាពេលបច្ចុប្បន្ន។

នៅក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើន ស្ថិរភាពមិនត្រឹមតែធានានូវបរិស្ថានវិនិយោគប្រកបដោយសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាប្រៀបខ្លាំងប្រកួតប្រជែងដ៏មានសារៈសំខាន់ ចំពោះមុខខឿនសេដ្ឋកិច្ចនានាដែលកំពុងទាក់ទាញខ្សែចរន្តទុនអន្តរជាតិ។

សហគមន៍សហគ្រាសសិង្ហបុរីក៏វាយតម្លៃខ្ពស់ផងដែរ ចំពោះបណ្តាការខិតខំប្រឹងប្រែងកែទម្រង់ស្ថាប័នរបស់វៀតណាមនាពេលកន្លងទៅ។ បណ្តាកម្មវិធីបង្កើនភាពសុក្រឹតនៃក្របខ័ណ្ឌគតិយុត្ត ដោះស្រាយចំណុចស្ទះ និងធ្វើឱ្យក្បាលម៉ាស៊ីនរដ្ឋបាលមានភាពបង្រួមស្អាត ត្រូវបានរំពឹងទុកថានឹងរួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ និងកែលម្អបរិស្ថានវិនិយោគអាជីវកម្ម។

ទន្ទឹមនឹងនោះ ការជម្រុញការវិនិយោគអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ដូចជាផ្លូវល្បឿនលឿន ព្រលានយន្តហោះ ឡូជីស្ទីក ផ្លូវដែក និងថាមពល កំពុងបើកចំហនូវលំហកំណើនថ្មីសម្រាប់ខឿនសេដ្ឋកិច្ច។ បណ្តាគម្រោងទាំងនេះមិនត្រឹមតែរួមចំណែកកាត់បន្ថយចំណាយឡូជីស្ទីកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការតភ្ជាប់រវាងបណ្តាមជ្ឈមណ្ឌលផលិតកម្ម និងទីផ្សារប្រើប្រាស់។

បើតាមលោក Tan Quee Peng ដំណើរការរៀបចំសម្រួលបណ្តាអង្គភាពរដ្ឋបាល និងការផ្លាស់ប្តូរថ្មីទម្រង់រដ្ឋបាលមូលដ្ឋាន ប្រសិនបើត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព នឹងរួមចំណែកលើកកម្ពស់គុណភាពគ្រប់គ្រង បង្កើនការវិមជ្ឈការ និងធ្វើឱ្យដំណើរការដោះស្រាយនីតិវិធីរដ្ឋបាលកាន់តែលឿនជាងមុន។

វៀតណាមចំពោះមុខកាលានុវត្តភាពកំណើនពីរខ្ទង់៖ កម្លាំងផ្ទៃក្នុង ការកែទម្រង់ និងសេចក្តីប្រាថ្នាចង់ឈានឡើង
ប្រធាន INCHAM ហាណូយ លោក Navendu Kumar

សមាហរណកម្មយ៉ាងស៊ីជម្រៅនិងទូលំទូលាយ បើកទូលាយលំហអភិវឌ្ឍន៍

លោក Navendu Kumar ប្រធានសមាគមសហគ្រាសឥណ្ឌាប្រចាំនៅហាណូយ (INCHAM Ha Noi) បានវាយតម្លៃថា វៀតណាមកំពុងក្តោបក្តាប់នូវប្រៀបខ្លាំងលេចធ្លោជាច្រើន នៅក្នុងបរិបទដែលខឿនសេដ្ឋកិច្ចសកលមានការប្រឈមជាច្រើន។

យោងតាមនោះ ស្ថិរភាពនយោបាយ ទិសដៅអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយភាពច្បាស់លាស់ រួមជាមួយសមត្ថភាពរក្សាស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូនៅក្នុងដំណាក់កាល ២០២១-២០២៥ បានបង្កើតនូវជំនឿទុកចិត្តជូនដល់បណ្តាអ្នកវិនិយោគអន្តរជាតិ។

វៀតណាមនៅមានប្រៀបខ្លាំងដ៏ធំធេងអំពីទីតាំងភូមិសាស្ត្រ នៅពេលស្ថិតនៅចំកណ្តាលនៃតំបន់អាស៊ីអាគ្នេយ៍ មានភាពងាយស្រួលក្នុងការតភ្ជាប់ជាមួយបណ្តាទីផ្សារ ASEAN និងបណ្តាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗនៃអាស៊ី។ ជាពិសេស បណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីជាមួយបណ្តាដៃគូដ៏មានសារៈសំខាន់ជាច្រើន កំពុងបង្កើតលក្ខខណ្ឌយ៉ាងងាយស្រួលដើម្បីឱ្យសហគ្រាសឈានចូលទៅកាន់ទីផ្សារសកល។

ចំពោះបណ្តាសហគ្រាសឥណ្ឌា វៀតណាមមិនត្រឹមតែជាចំណុចដៅវិនិយោគទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលផលិតកម្ម និងនាំចេញយុទ្ធសាស្ត្រទៀតផង។ ទន្ទឹមនឹងនោះ កម្លាំងពលកម្មវ័យក្មេង មានភាពរស់រវើក និងសមត្ថភាពបន្ស៊ាំយ៉ាងលឿនជាមួយការផ្លាស់ប្តូរឌីជីថល កំពុងក្លាយជាប្រៀបខ្លាំងប្រកួតប្រជែងដ៏មានសារៈសំខាន់នៅក្នុងខឿនសេដ្ឋកិច្ចឌីជីថល។

វៀតណាមចំពោះមុខកាលានុវត្តភាពកំណើនពីរខ្ទង់៖ កម្លាំងផ្ទៃក្នុង ការកែទម្រង់ និងសេចក្តីប្រាថ្នាចង់ឈានឡើង
ប្រធានសមាគមសហគ្រាសហូឡង់ប្រចាំនៅវៀតណាម លោក Wietse Mutters

វិស័យជាច្រើនមានសក្តានុពលក្នុងការទម្លាយភាពទាល់ច្រក

បើតាមលោក Wietse Mutters ប្រធានសមាគមសហគ្រាសហូឡង់ប្រចាំនៅវៀតណាម កសិកម្ម និងឧស្សាហកម្មកែច្នៃអាហារនៅតែជាបណ្តាវិស័យដែលមានលំហអភិវឌ្ឍន៍ជាច្រើន។

វៀតណាមបានអះអាងនូវឋានៈជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញកសិផលឈានមុខគេនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ លំហកំណើននៅតែមានទំហំធំធេងណាស់ តាមរយៈការលើកកម្ពស់តម្លៃបន្ថែមដោយការកែច្នៃស៊ីជម្រៅ អភិវឌ្ឍន៍ឡូជីស្ទីកខ្សែចង្វាក់ត្រជាក់ ការតាមដានប្រភពដើម និងការអនុវត្តបណ្តាស្តង់ដារផលិតកម្មចីរភាព។

ទន្ទឹមនឹងនោះ វិស័យឡូជីស្ទីក កំពង់ផែសមុទ្រ និងខ្សែចង្វាក់ផ្គត់ផ្គង់ ត្រូវបានចាត់ទុកថាជាបណ្តាកម្លាំងចលករដ៏មានសារៈសំខាន់ ជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។

នៅក្នុងវិស័យឧស្សាហកម្ម វៀតណាមចាំបាច់ត្រូវបន្តជម្រុញការអភិវឌ្ឍឧស្សាហកម្មគាំទ្រ បង្កើនអត្រាភាវូបនីយកម្មផ្ទៃក្នុង បើកទូលាយផលិតកម្មបច្ចេកវិទ្យាខ្ពស់ និងលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស ដើម្បីឈានជើងចូលរួមយ៉ាងស៊ីជម្រៅជាងមុនម្តងមួយៗនៅក្នុងខ្សែចង្វាក់តម្លៃសកល។

ក្រៅពីនេះ ថាមពលកកើតឡើងវិញ សន្តិសុខប្រភពទឹក និងការបន្ស៊ាំជាមួយការប្រែប្រួលអាកាសធាតុ ក៏ជាបណ្តាវិស័យយុទ្ធសាស្ត្រផងដែរ ដែលរួមចំណែកធានាការអភិវឌ្ឍចីរភាព និងឆ្លើយតបទៅនឹងបណ្តាស្តង់ដារកាន់តែខ្ពស់ឡើងៗនៃទីផ្សារអន្តរជាតិ។

គួរឱ្យកត់សម្គាល់ សហគមន៍សហគ្រាសហូឡង់យល់ឃើញថា កំណើននាំចេញប្រកបដោយចីរភាពមិនត្រឹមតែពឹងផ្អែកទៅលើបណ្តាក្រុមហ៊ុនពហុជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចាំបាច់ត្រូវផ្អែកលើការអភិវឌ្ឍនៃវិស័យសហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុកទៀតផង។ នៅពេលដែរសហគ្រាសវៀតណាមឆ្លើយតបបានយ៉ាងល្អនូវបណ្តាស្តង់ដារអំពីគុណភាព ភាពអនុលោម និងការអភិវឌ្ឍចីរភាព នោះឱកាសចូលរួមយ៉ាងស៊ីជម្រៅជាងមុននៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកលនឹងកាន់តែបើកចំហទូលំទូលាយឡើងជាលំដាប់។

"ឱកាសទុំជោរ" សម្រាប់វៀតណាម "ហោះហើរឡើង"

ចាប់ពីជ្រុងមើលនៃសហគមន៍សហគ្រាសអន្តរជាតិ បណ្តាលក្ខខណ្ឌងាយស្រួលនៅក្នុងស្រុក និងអន្តរជាតិកំពុងរួមប្រមូលផ្តុំ បង្កើតបានជាឱកាសទុំជោរដើម្បីឱ្យវៀតណាមឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងសេចក្តីប្រាថ្នាកំណើនលឿន ចីរភាព និងឈានឡើងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅពាក់កណ្តាលសតវត្សរ៍ទី ២១។

ដើម្បីធ្វើឱ្យគោលដៅកំណើនពីរខ្ទង់នៅក្នុងដំណាក់កាល ២០២៦-២០៣០ ក្លាយជាការពិត វៀតណាមចាំបាច់ត្រូវបន្តរក្សាឱ្យបាននូវកម្លាំងចលករកែទម្រង់ លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ ធ្វើឱ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែលឿន ជម្រុញការច្នៃប្រឌិតបង្កើតថ្មី និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃវិស័យសហគ្រាសនៅក្នុងស្រុក។

ជាមួយនឹងបណ្តាសញ្ញាវិជ្ជមានដែលកំពុងលេចចេញឡើង អ្នកវិនិយោគអន្តរជាតិជាច្រើនជឿជាក់ថា វៀតណាមមិនត្រឹមតែជាចំណុចដៅទាក់ទាញនៃខ្សែចរន្តទុនសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងឈរនៅចំពោះមុខកាលានុវត្តភាពបើកចំហនូវទំព័រអភិវឌ្ឍន៍ថ្មីមួយ - លឿនជាងមុន ចីរភាពជាងមុន និងមានតម្លៃបន្ថែមខ្ពស់ជាងមុននៅក្នុងខ្សែចង្វាក់សេដ្ឋកិច្ចពិភពលោក៕

Vinamilk រួមដៃគ្នាផ្សព្វផ្សាយសារ Vinamilk រួមដៃគ្នាផ្សព្វផ្សាយសារ "មាតុភូមិប្រកបដោយសេចក្តីសុខសាន្ត" ជាមួយផលិតផលចំនួន ៤០,០០០ ដប/ប្រអប់ ជូនដល់សហគមន៍

យុគសម័យ - ដើម្បីឆ្លើយតបនឹងបណ្តាសកម្មភាពនៅក្នុងការប្រកួតប្រជែងបង្កើតវីដេអូឃ្លីប «មាតុភូមិប្រកបដោយសេចក្តីសុខសាន្ត» ដែលចាត់តាំងឡើងដោយស្នងការដ្ឋាននគរបាលរដ្ឋធានីហាណូយ ក្រុមហ៊ុន Vinamilk បានជួយជ្រោមជ្រែងនូវផលិតផលអាហារូបត្ថម្ភចំនួន ៤០,០០០ ផលិតផល រួមមាន ទឹកបរិសុទ្ធ Vinamilk ទឹកដោះគោស្រស់ Vinamilk 100% ទឹកដោះគោ SUSU និងទឹកដោះគោជូរសម្រាប់ផឹក Green Farm ជូនដល់បណ្តាកម្មាភិបាល យុទ្ធជន និងប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងកម្មវិធី។ សកម្មភាពនេះបានរួមចំណែកផ្សព្វផ្សាយនូវបណ្តាតម្លៃវិជ្ជមាន ...

GENECELL ដាក់ឱ្យអនុវត្តប្រធានបទស្រាវជ្រាវចម្រាញ់សារធាតុសកម្មពីឱសថបុរាណ ដើម្បីបម្រើដល់ការផលិតគ្រឿងសម្អាង GENECELL ដាក់ឱ្យអនុវត្តប្រធានបទស្រាវជ្រាវចម្រាញ់សារធាតុសកម្មពីឱសថបុរាណ ដើម្បីបម្រើដល់ការផលិតគ្រឿងសម្អាង

យុគសម័យ - ក្រុមហ៊ុន SMC Organic Garden (GENECELL) នាពេលថ្មីៗនេះ ត្រូវបានក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃខេត្ត Nghe An ជ្រើសរើសឱ្យធ្វើជាអង្គភាពដឹកនាំអនុវត្តប្រធានបទស្រាវជ្រាវ "ការសិក្សាស្រាវជ្រាវកសាងដំណើរការបច្ចេកវិទ្យាចម្រាញ់សារធាតុសកម្មជីវសាស្ត្រ ដើម្បីផលិតគ្រឿងសម្អាងពីឱសថបុរាណសរីរាង្គ (Organic) ក្នុងស្រុក នៅលើភូមិសាស្ត្រខេត្ត Nghe An"។ ប្រធានបទស្រាវជ្រាវនេះ ត្រូវបានរំពឹងថានឹងរួមចំណែកលើកកម្ពស់តម្លៃឱសថបុរាណរបស់មូលដ្ឋាន និងអភិវឌ្ឍន៍ប្រភពវត្ថុធាតុដើមសម្រាប់វិស័យឧស្សាហកម្មគ្រឿងសម្អាងនៅក្នុងប្រទេស។

ឌឹកអាញ់

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមចំពោះមុខកាលានុវត្តភាពកំណើនពីរខ្ទង់៖ កម្លាំងផ្ទៃក្នុង ការកែទម្រង់ និងសេចក្តីប្រាថ្នាចង់ឈានឡើង
គុយបាជម្រុញការកែទម្រង់សេដ្ឋកិច្ច
ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤៩ នៃ "ផ្លូវឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត"
សារព័ត៌មានឈានមុខគេក្នុងការកសាងជំនឿទុកចិត្ត និងសេចក្តីប្រាថ្នាចង់ឈានឡើង
ស្ពានតភ្ជាប់សារព័ត៌មាន ASEAN ចេញពីមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៦