យុគសម័យ - ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយមកនេះ សូម្បីតែពេលដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ការជួបប្រាស្រ័យមិត្តភាព និងកិច្ចសហប្រតិបត្តិការតាមព្រំដែនរវាងវៀតណាម និងបណ្តាប្រទេសជិតខាងនៅតែបានបន្តរក្សា និងលើកកម្ពស់ជានិច្ច។
![]() |
| កងកម្លាំងពេទ្យយោធាវៀតណាមចូលរួមក្នុងសមយុទ្ធស្តីពីជំនួយមនុស្សធម៌និងជំនួយផ្នែកពេទ្យរវាងកងទ័ពវៀតណាមនិងចិននៅខេត្ត Quang Ninh កាលពីខែធ្នូ ឆ្នាំ២០២១។ រូបថត៖ Tuan Huy) |
ក្នុងរយៈពេល ២០១៦ - ២០២១ កងទ័ពប្រជាជនវៀតណាមនិយាយរួម និងកងទ័ពការពារព្រំដែន វៀតណាមជាពិសេស បានជំរុញឥតឈប់ឈរនូវសកម្មភាពជួបប្រាស្រ័យ និងសហប្រតិបត្តិការជាច្រើនជាមួយបណ្តាប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នា។
បន្ទាប់ពីជោគជ័យនៃការជួបប្រាស្រ័យមិត្តភាពលើកទីមួយក្នុងឆ្នាំ ២០១៤ មកទល់នឹងពេលនេះ បានរៀបចំការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនរវាងវៀតណាម និងចិនចំនួន ៦ លើកហើយ។ នាពេលថ្មីៗនេះ ការជួបប្រាស័យមិត្តភាពការពារព្រំដែនវៀតណាម - ចិនលើកទី ៦ បានប្រព្រឹត្តទៅនៅខេត្តចំនួនពីរគឺ ខេត្ត Quang Ninh (វៀតណាម) និង ខេត្ត Guangxi (ចិន) នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ ក្រោមអធិបតីភាពរបស់ឧត្តមសេនីយឯក លោកPhan Van Giang (ឥឡូវនេះ នាយឧត្តមសេនីយ) សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការមជ្ឈិមបក្សយោធា រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និងឧត្តមសេនីយឯក Wei Fenghe សមាជិកនៃរដ្ឋាភិបាលចិន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។
កម្មវិធីជួបប្រាស្រ័យនេះរួមមានសកម្មភាពដ៏មានអត្ថន័យជាច្រើន ដោយហេតុនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កងទ័ពទាំងពីរក្នុងការបន្តកសាង និងការពារព្រំដែនរួមប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
ឆ្នាំ ២០២១ ក៏បានឃើញនូវសញ្ញាសម្គាល់ថ្មីក្នុងការជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការតាមតំបន់ព្រំដែនវៀតណាម - ឡាវ លើកដំបូងដែលបានប្រារព្ធឡើង នៅពាក់កណ្តាលខែធ្នូ នៅស្រុក Huong Hoa (ខេត្ត Quang Tri) និងស្រុក Seponh (ខេត្តSavannakhet) ក្រោមសហប្រធានរបស់នាយឧត្តមសេនីយ៍ លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និងនាយឧត្តមសេនីយ៍លោក Chansamone Chanyalath សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។
កម្មវិធីជួបប្រាស្រ័យគឺជាឱកាស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ដែលត្រូវបានចាត់ទុកថា ជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។ នេះក៏ត្រូវបានចាត់ទុកថា ជាសកម្មភាពមួយដ៏មានសារសំខាន់នៃវិស័យនយោបាយ បង្កើតឱ្យមានការរីករាលដាលយ៉ាងទូលំទូលាយដល់ប្រជាជនគ្រប់ស្រទាប់ រួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរជាទូទៅ រវាងយោធាទាំងពីរជាពិសេស។
លើសពីនេះ កម្មវិធីជួបប្រាស្រ័យ “ខ្សែបន្ទាត់ព្រំដែនពោរពេញទៅដោយមិត្តភាព” លើកទី ២ និងទី ៣ ក៏បានបន្តប្រព្រឹត្តទៅក្នុងឆ្នាំ ២០១៦ និង ២០១៨ រៀងៗខ្លួន ជាមួយនឹងឥទ្ធិពលកើនឡើង។ តាមរយៈកម្មវិធីនេះ កងកម្លាំងការពារព្រំដែនវៀតណាម និងប្រទេសនានាមានឱកាសកាន់តែច្រើន ដើម្បីជួបប្រាស្រ័យ និងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងព្រំដែន រីកចម្រើនទម្រង់រូបភាព និងការអនុវត្តល្អៗ ដើម្បីពង្រឹងចំណងសាមគ្គីភាព កសាងព្រំដែនរួមប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
កម្មវិធីនិងសកម្មភាពជួបប្រាស្រ័យនៅតាមព្រំដែនដែលបានធ្វើឡើងក្នុងបរិបទដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 បានបញ្ជាក់ថែមទៀតនូវការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តគោលនយោបាយការទូតឯករាជ្យ និងការពឹងផ្អែកលើខ្លួនឯង សន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ការធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្ម។
ការជួបប្រាស្រ័យមិត្តភាពការពារព្រំដែន និងការជួបប្រាស្រ័យ“ខ្សែបន្ទាត់ព្រំដែនពោរពេញទៅដោយមិត្តភាព” ក្នុងរយៈពេលកន្លងមកនេះ កងកម្លាំងការពារព្រំដែនវៀតណាមនិងបណ្តាប្រទេសមានខ្សែព្រំដែនរួម បានសម្របសម្រួលយ៉ាងសកម្មជាមួយគ្នា ក្នុងការប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែននិងទេសន្តប្រវេសន៍ខុសច្បាប់ បង្កើនការល្បាតរួម រៀបចំការជួបប្រាស្រ័យ ចងសម្ព័ន្ធមេត្រីភាពរវាងប៉ុស្តិ៍និងប៉ុស្តិ៍ រវាងភូមិនិងភូមិ ការផ្លាស់ប្តូរបទពិសោធន៍។
តាមរយៈសកម្មភាពនេះ កងកម្លាំងការពារព្រំដែននៃប្រទេសវៀតណាម ឡាវ ចិន និងកម្ពុជា បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នា គ្នុងការការពារខ្សែព្រំដែន បង្គោលព្រំដែន អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅតាមតំបន់ព្រំដែន រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ អត់ឃ្លាន និងទប់ស្កាត់នឹងបទឧក្រិដ្ឋឆ្លងដែន។ កងកម្លាំងការពារព្រំដែនវៀតណាម ឡាវ ចិននិងកម្ពុជាតែងតែរក្សាទំនាក់ទំនងជាមួយគ្នា រកឃើញ ដោះស្រាយ និងជូនដំណឹងដល់គ្នាទៅវិញទៅមកអំពីករណីប្រជាពលរដ្ឋនៃប្រទេសនីមួយៗ ឆ្លងដែនដោយខុសច្បាប់ តាមនោះរួមចំណែកក្នុងការគ្រប់គ្រងដ៏ប្រសិទ្ធភាពនូវការរីករាលដាលនៃជំងឺ Covid-19 ឆ្លងព្រំដែន និងការបើកទ្វារពាណិជ្ជកម្មតាមព្រំដែន នៅពេលដែលលក្ខខណ្ឌអនុញ្ញាត។
សកម្មភាពផ្លាស់ប្តូរ និងសហប្រតិបត្តិការនៅតាមព្រំដែនវៀតណាមជាមួយប្រទេសជិតខាងបានរំពឹងថានឹងមានបន្ថែមទម្រង់រូបភាពដ៏ច្នៃប្រឌិត បត់បែន និងជិតស្និទ្ធទៅនឹងស្ថានភាពជាក់ស្តែង ដើម្បីរួមគ្នាកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។/.

មតិពីមិត្តអ្នកអាន