ចុងឆ្នាំគឺជាពេលវេលាដែលបងប្អូនប្រជាពលរដ្ឋជាច្រើនដែលចេញទៅធ្វើការនៅឆ្ងាយត្រឡប់មកស្រុកកំណើតវិញសម្រាប់ទទួលបុណ្យចូលឆ្នាំថ្មីជាមួយក្រុមគ្រួសារ ខណៈការរីករាលដាលនៃជំងឺ Covid-19 នៅតែមានភាពស្មុគស្មាញ ឃុំ Bac Ly ស្រុក Ky Son ខេត្ត Nghe An បានផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនូវតួនាទីរបស់ក្រុម Covid សហគមន៍ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺក្នុងតំបន់។
“ស្ថានភាពនៃការរីករាលដាលនៃ Covid-19 នៅតែមានភាពស្មុគស្មាញ ដូច្នេះតម្រូវឱ្យអ្នកទាំងអស់គ្នានៅក្នុងភូមិមិនត្រូវប្រមូលផ្តុំមនុស្សច្រើន និងគួរតែពាក់ម៉ាស់ជាប្រចាំ សម្អាតផ្ទះ...” នោះគឺការផ្សព្វផ្សាយឃោសនារបស់ក្រុមការងារដល់ប្រជាពលរដ្ឋអំពីការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 នៅឃុំ Bac Ly។
![]() |
| ចាក់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ជូនប្រជាពលរដ្ឋនៅឃុំ Bac Ly ស្រុក Ky Son ខេត្ត Nghe An |
តាំងពីការរីករាលដាលនៃជំងឺ Covid-19 រហូតមកដល់ពេលនេះ លោក Cut Van Cam ប្រធានភូមិ Huoi Cang ១ ឃុំ Bac Ly និងសមាជិកនានានៃក្រុម Covid-19 សហគមន៍ប្រចាំភូមិបានធ្វើសកម្មភាពឃោសនានូវការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដល់ប្រជាពលរដ្ឋយ៉ាងសកម្មដោយប្រើប្រាស់ទាំងភាសា Kho Mu និងភាសាជាតិវៀតណាម។
សកម្មភាពរបស់ក្រុម Covid-19 សហគមន៍បានចូលរួមចំណែកជួយប្រជាពលរដ្ឋនៅក្នុងភូមិបានយល់ដឹង និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគ្រប់វិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ លោក Cut Van Cam មានប្រសាសន៍ថា៖ “យើងឃោសនា និងចលនាឱ្យប្រជាពលរដ្ឋថា មិនគួរចេញខាងក្រៅប្រសិនបើមិនមានការចាំបាច់ទេ។ ហើយក្នុងអំឡុងពេលដែលមានការរីករាលដាលជំងឺដ៏ស្មុគស្មាញនោះ មិនអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍ដែលប្រមូលផ្តុំមនុស្សច្រើនដូចជាការប្រារព្ធពិធីចូលឆ្នាំថ្មី ការឡើងផ្ទះថ្មី។ល។"
ដើម្បីធ្វើឱ្យបានល្អក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 នៅក្នុងតំបន់ឃុំ Bac Ly បានបង្កើត ១៣ ក្រុម Covid-19 សហគមន៍នៅតាម១៣ ភូមិនៃឃុំ ដោយមានសមាជិកចំនួន ១៣០ នាក់ដែលជាកម្មាភិបាលគ្រប់គ្រងភូមិ ព្រឹទ្ធាចារ្យភូមិ និងអ្នកមានកេរ្តិ៍ឈ្មោះក្នុងភូមិ... ក្រៅពីការឃោសនាចល័តតាមផ្លូវក្នុងភូមិ និងតាមផ្លូវសំខាន់ៗ បណ្តាក្រុមការងារក៏បានប្តូរវេនគ្នាបំពេញភារកិច្ចតាមចំណុចសំខាន់ៗដើម្បីឃោសនា និងចលនាប្រជាពលរដ្ឋឱ្យគោរពតាមបទប្បញ្ញត្តិ 5K របស់ក្រសួងសុខាភិបាល។
លោកវរសេនីយ៍ទោ Hoang The Tai អ្នកនយោបាយប៉ុស្តិ៍ការពារព្រំដែន My Ly (កងទ័ពការពារព្រំដែនខេត្ត Nghe An) បាននិយាយថា “ប៉ុស្តិ៍ការពារព្រំដែន My Ly ឈរជើងនៅតំបន់ឃុំ Bac Ly និងឃុំ My Ly នៃស្រុក Ky Son។ ក្រៅពីធ្វើបានល្អក្នុងការល្បាត ត្រួតពិនិត្យ និងទប់ស្កាត់ការចេញ-ចូលដោយខុសច្បាប់ យើងខ្ញុំក៏បានសម្របសម្រួលជាមួយអាជ្ញាធរឃុំដើម្បីដាក់ពង្រាយក្រុមការងារ Covid សហគមន៍ផងដែរ”។
ក្នុងការអនុវត្តការងារ សមាជិកក្រុមការងារទាំងនេះបានពង្រីកតួនាទីរបស់ខ្លួនបានល្អក្នុងការសម្របសម្រួលជាមួយកងកម្លាំងនានា ជាពិសេសកងទ័ពការពារព្រំដែនសម្រាប់ចុះចែកខិតប័ណ្ណ និងធ្វើដំណើរពីភូមិមួយទៅភូមិមួយ ពីផ្ទះមួយទៅផ្ទះមួយ និងពិនិត្យយ៉ាងហ្មត់ចត់ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាត។ ក្រៅពីឃុំ Bac Ly នោះ ឃុំ My Ly ក៏បានបង្កើត ១២ក្រុម Covid-19 សហគមន៍ ហើយកំពុងប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាពដែរ។
នាពេលកន្លងមក នៅឃុំ Bac Ly មានប្រជាពលរដ្ឋរាប់រយនាក់ដែលចេញទៅធ្វើការឆ្ងាយត្រឡប់មកស្រុកវិញ ចាប់ពីពេលនេះរហូតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ប្រជាពលរដ្ឋដែលត្រឡប់មកស្រុកវិញ នឹងកើនឡើងជាបន្តបន្ទាប់។ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ឃុំបានសម្របសម្រួលជាមួយស្ថាប័នមុខងារ និងប៉ុស្តិ៍ការពារព្រំដែន My Ly ដាក់ពង្រាយកន្លែងចត្តាឡីសក្តិចំនួន ២ ដោយមានសមត្ថភាពផ្ទុកមនុស្សពី ១២០ ទៅ ១៥០ នាក់ ត្រៀមបម្រើប្រជាពលរដ្ឋមកធ្វើចត្តាឡីសក្តិ។ ទន្ទឹមនឹងការលើកកម្ពស់តួនាទីរបស់ក្រុមការងារ Covid-19 ទាំងនេះឱ្យបានល្អ និងផ្សព្វផ្សាយ ចលនាប្រជាពលរដ្ឋឱ្យអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតយ៉ាងតឹងរ៉ឹងនោះ ឃុំ Bac Ly ក៏បានពន្លឿនការចាក់វ៉ាក់សាំង Covid-19 ជូនប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។
ដោយសារអនុវត្តស៊ីសង្វាក់គ្នានូវគ្រប់វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 និងដោយមានការឯកភាពរបស់ប្រជាជននៃជនជាតិភាគតិចទាំងអស់នៅតំបន់នោះ បានជា Bac Ly គឺជាឃុំមួយក្នុងចំណោមឃុំភ្នំនៃខេត្ត Nghe An ដែលបានអនុវត្តការងារបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតបានយ៉ាងល្អ រួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមមូលដ្ឋាន ជួយប្រជាជនឱ្យទទួលបានសុខសុវត្ថិភាពពេញលេញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕
Quan doi Nhan dan

មតិពីមិត្តអ្នកអាន