សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី0៧ ខែធ្នូ ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។
លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានកោតសរសើរចំពោះនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទទួលបានជោគជ័យយ៉ាងធំធេង ធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកប្រទេសឡើងវិញ និងក្លាយជាទីកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ។
នាឱកាសនោះដែរ លោកក៏ថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានផ្តល់ថវិកា និងបរិក្ខាពេទ្យដល់ប្រទេសវៀតណាម នៅក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នាពេលកន្លងមក។
ការសម្តែងការកោតសរសើរបែបនេះ របស់ឯកអគ្គរដ្ឋទូតថ្មីវៀតណាម បានធ្វើឡើងនៅក្នុងឱកាសដែលលោកត្រូវបាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ។
![]() |
| សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិង លោកង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចំានៅកម្ពុជា។ (រូបថត៖ AKP) |
នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលបានផ្លាស់ប្តូរមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។
ឯកអគ្គរដ្ឋទូតថ្មីវៀតណាម បានសន្យាចំពោះ សម្ដេចប្រធានរដ្ឋសភាថា ក្នុងបេសកកម្មកាទូតនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យបានកាន់តែរីកចម្រើនឡើងថែមទៀត ទាំងវិស័យការទូត សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម។
ជាមួយគ្នានេះដែរ លោក ង្វៀន ហ៊ុយតាំង បានជម្រាបជូនសម្តេចថា ទោះបីនៅក្នុងកាលៈទេសៈកូវីដ១៩ នេះក្តី តែទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម បានកើនឡើងជាលំដាប់នៅក្នុងនោះការនាំចូលរបស់កម្ពុជាទៅប្រទេសវៀតណាម ច្រើនជាងវៀតណាមនាំចូលមកកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ ចំពោះលោក ង្វៀន ហ៊ុយតាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា។
![]() |
| ទដ្ឋភាពនៃជំនួប។ (រូបថត៖ cpp.org.kh) |
សម្តេចបានប្រសាសន៍លើកឡើងថា បេសកកម្មការទូតថ្មីរបស់លោកនៅកម្ពុជាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។
ប្រធានរដ្ឋសភាកម្ពុជា សូមកោតសរសើរដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានរួមគ្នាសម្រេចបានក្នុងអាណត្តិជាបន្តបន្ទាប់មកនេះ សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសង្ខាង។
ឆ្លៀតឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់ប្រទេសវៀតណាម ដែលបានផ្តល់ជំនួយ២៥លានដុល្លារអាមេរិក សម្រាប់ការសាងសង់អគាររដ្ឋបាលថ្មី ដល់រដ្ឋសភាកម្ពុជា ដែលមកដល់ពេលនេះគម្រោងសាងសង់កំពុងដំណើរការជ្រើសរើសក្រុមហ៊ុនសាងសង់ ដែលនៅក្នុងនោះ មានក្រុមហ៊ុនមួយចំនួនបានដាក់ពាក្យដេញថ្លៃ រួមទំាងក្រុមហ៊ុនរបស់ប្រទេសវៀតណាមផងដែរ។
សម្តេចបានបញ្ជាក់ថា ការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភានេះ គ្រោងនឹងបើកការដ្ឋាននៅដើមឆ្នាំ២០២២ ខាងមុខនេះ៕
AKP/cpp.org.kh


មតិពីមិត្តអ្នកអាន