អ្នកជំនាញសេដ្ឋកិច្ច និងគោលនយោបាយឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ខាងមុខ ពឹងអាស្រ័យខ្លាំងលើវិស័យទេសចរណ៍។
![]() |
| អ្នកជំនាញថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំក្រោយ ពឹងលើវិស័យទេសចរណ៍ |
លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា វិស័យទេសចរណ៍ ជាកត្តាសំខាន់បំផុត ក្នុងការសម្រេចឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ស្របតាមផែនការស្ដារឡើងវិញ ព្រោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ត្រូវចំណាយប្រាក់ច្រើនលើដំណើរកម្សាន្តក្នុងតំបន់ទេសចរណ៍។
សម្រាប់លោក គី សេរីវឌ្ឍន៍ គោលនយោបាយរដ្ឋាភិបាល ជុំវិញការធ្វើចត្តាឡីស័កតំបន់ សម្រាប់ទេសចរណ៍វ៉ាក់សាំង គឺជាយុទ្ធសាស្រ្តមួយ រុញច្រានឱ្យវិស័យសំណង់ និងសណ្ឋាគាក្នុងតំបន់ទាំងនោះ ងើបឡើងវិញយ៉ាងឆាប់រហ័ស។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ បណ្ឌិតសេដ្ឋកិច្ចរូបនេះ បាននិយាយថា៖ «នៅពេលដែលភ្ញៀវទេសចរ គាត់ទៅ ចាក់បញ្ចូលនៅមូលធន[ប្រាក់]តំបន់កំពង់សោមបន្ថែមទៀត លំហូរភ្ញៀវទេសចរនៃការចាយវាយ គឺជាលំហូរនៃសាច់ប្រាក់ពីក្រៅប្រទេស ដែលធ្វើឱ្យយើងមានចំណូលកើនឡើងនោះ»។
ក្រៅពីវិស័យទេសចរណ៍ លោកសម្លឹងឃើញថា កត្តាលក់រាយ និងអាជីវកម្មខ្នាតតូច-មធ្យម រួមទាំងការបើកឱ្យមានការដឹកជញ្ជូនឡើងវិញ ក៏ជាកត្តារួមចំណែកនាំឱ្យចរន្តសេដ្ឋកិច្ចវិលត្រឡប់ទៅធម្មតាវិញ។ «ក្រោយពីចំណូលមានការកើនឡើង ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ
គឺជាវិស័យមួយដែលនាំឱ្យមានប្រាក់ចំណូល[ជាតិ]នៅពេលដែលគាត់ធ្វើការទិញលក់វិញ គាត់ចំណេញមានន័យថា ការជាប់គាំងសេដ្ឋកិច្ចត្រូវកាត់បន្ថយ។ គាត់មានប្រាក់ចំណេញ គាត់បង្កើនការចាយវាយ ដែលធ្វើឱ្យចរន្តសេដ្ឋកិច្ចចាប់ផ្ដើមមានកំណើន តាមរយៈការបង្កើនការចាយវាយរបស់ពួកគាត់»។ នេះបើតាមលោក គី សេរីវឌ្ឍន៍។
![]() |
| អ្នកជំនាញថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំក្រោយ ពឹងលើវិស័យទេសចរណ៍ |
លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា វិស័យទេសចរណ៍ជាកត្តាចម្បង ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិនាឆ្នាំ២០២២ ខណៈឆ្នាំនេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ បណ្ដាលឱ្យវិស័យទេសចរណ៍កម្ពុជាធ្លាក់ចុះដល់កម្រិតទាបបំផុត រួមទាំងវិស័យសំខាន់ៗផ្សេងទៀត នៅបន្តមានកំណើនទាប។
លោក សុផល បានឱ្យដឹងទៀតថា ក្រៅពីវិស័យទេសចរណ៍ សេដ្ឋកិច្ចកម្ពុជាក៏ពឹងផ្អែកលើ វិស័យសេវាកម្ម កសិកម្ម និងឧស្សាហកម្មផងដែរ។ លោក និយាយថា៖ «ឆ្នាំនេះវិស័យផ្សេងៗទៀតកើនធម្មតា តែដោយសារវិស័យទេសចរណ៍នេះវាធ្លាក់ វាទាញគេទម្លាក់»។
នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយរូបនេះ បានអះអាងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ ពុំមានជាប់ពាក់ព័ន្ធនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយ ពីសហគមអឺរ៉ុបឡើយ ដោយសារតែវិនិយោគិនមួយចំនួន បានផ្លាស់ប្ដូរផលិតកម្មរបស់ខ្លួន ឱ្យស្របទៅនឹងគោលការណ៍ប្រព័ន្ធអនុគ្រោះពន្ធដែលនៅសល់៨០ភាគរយទៀត។
លោក មានប្រសាសន៍ថា៖ «(EBA)អាហ្នឹងវាអត់មានផលប៉ះពាល់អីធំទេកន្លងមក ពីព្រោះកាលនាំចេញកន្លងមកវានៅតែទៅបានអ៊ីចឹងផលិតអីផ្សេង។ អា៨០ភាគរយគេអត់យកពន្ធគេផលិតអាហ្នឹងទៅ អាណាយកពន្ធខ្ពស់គេឈប់ផលិតទៅ វាប៉ះពាល់តិចតួច»។
លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី ថ្លែងថា បណ្ដាប្រទេសមួយចំនួន ដែលជាដៃគូពាណិជ្ជកម្មជាមួយកម្ពុជា ចាប់ផ្ដើមបើកប្រទេសឡើងវិញបណ្ដើរៗ នាំឱ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជា និងប្រទេសទាំងនោះ មានការប្រសើឡើង៕
Thmeythmey/cambodianess


មតិពីមិត្តអ្នកអាន