ខេត្តបាត់ដំបងជាតំបន់មួយដែល មានសក្ដានុពលទាក់ទាញទេសចរណ៍ខ្លាំងណាស់ដូច ជា ផ្ទះខ្មែរបុរាណ អគារស្ថាបត្យកម្មកម្រ សណ្ឋាគារខេត្ដ ( អគារសាលាខេត្ដចាស់ ) វត្តអារាមប្រវត្ដិសាស្ដ្រសម័យលោកម្ចាស់និងអាណានិគម ហើយក្រៅពីនេះនៅមាន ដងស្ទឹងសង្កែ បឹងបួរ និងតំបន់កសិទេសចរណ៍ ដែលជា គោលដៅ ទេសចរណ៍បែប វប្បធម៌ ប្រវត្ដិសាស្ដ្រ ធម្មជាតិ និងកែច្នៃ ជាសក្ដានុពលដ៏សំខាន់ បំរើអោយវិស័យទេសចរណ៍ សំរាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនាកំសាន្ដស្រាវជ្រាវ និងសំរាកលំហែកាយដែលមានកំណើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
![]() |
| គោលដៅមួយចំនួននៅខេត្តបាត់ដំបង។ (រូបថត៖ Thmey Thmey) |
បើតាមឯកសារពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក្រៅពីដំណាំកសិកម្ម អាគារបុរាណ បាត់ដំបងក៏មានគោលដៅទេសចរណ៍ ជាង១០០កន្លែង។ គោលដៅទេសចរណ៍ទាំងនោះមាន រមណីយដ្ឋានទេសចរណ៍ ២០ទីតាំង, សហគមន៍និងអេកូទេសចរណ៍ ៤ទីតាំង, ទេសចរណ៍សាសនា ២២ទីតាំង, កសិ-ទេសចរណ៍ ៤ទីតាំង និងគោលដៅទេសចរណ៍ផ្សេងៗ ៥៤ទីតាំង។ ភ្ញៀវទេសចរអាចទៅកម្សាន្តនៅខេត្តបាត់ដំបងគ្រប់រដូវកាល ព្រោះតំបន់ទេសចរណ៍ក្នុងខេត្តនេះមានគ្រប់សណ្ឋាន គ្រប់ផ្នែក។
![]() |
| (រូបថតពីលោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង) |
ភ្ញៀវទេសចរដែលចូលចិត្ត ទស្សនាសំណង់បុរាណ សំណង់ស្ថាប័ត្យកម្មសម័យបារាំង សំណង់វប្បធម៌ លោក-អ្នក មិនចាំបាច់ធ្វើដំណើរឆ្ងាយនោះទេ ព្រោះក្រុងបាត់ដំបងជាទីសាកសមបំផុតសម្រាប់លោក-អ្នក។ ក្រុងបាត់ដំបង មានសំណង់បុរាណជាច្រើនដូចជា សារមន្ទីរប្រវត្តិសាស្ត្រខេត្ត សារមន្ទីរខេត្ត ស្ពានថ្មចាស់ និងសំណង់អាគារអភិរក្សក្នុងខេត្ត។ ទេសចរធ្វើដំណើរប្រមាណ ២គីឡូម៉ែត្រ លោក-អ្នក នឹងឃើញ ផ្ទះបុរាណជាច្រើន ក្នុងសហគមន៍ទេសចរណ៍វត្តគរ។
![]() |
| (រូបថតពីលោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង) |
បន្ថែមពីនេះ ភ្ញៀវទេសចរក៏អាចទៅសម្រាក បរិភោគអាហារថ្ងៃត្រង់ និងបោះតង់សម្រាកកម្សាន្ត នៅរមណីយដ្ឋានជាច្រើនដូចជា ទឹកធ្លាក់ចម្ការស្វាយ រមណីយដ្ឋានចម្ការមៀន ទឹកធ្លាក់ថ្មដាចម្ការទុរេន ទឹកធ្លាក់ចម្ការទុរេនអូតង និងតំបន់រមណីយដ្ឋានជាច្រើន។ ជាមួយគ្នានេះ អ្វីដែលទេសចរ មិនដែលភ្លេចពេលទៅលេងខេត្តបាត់ដំបងនោះគឺ ជិះឡូរីជើងភ្នំបាណន់ និងថតរូបនៅចម្ការជាច្រើនដូចជា ផ្ទះផ្កាប៊ីហ្គូនា ចម្ការផ្កាស្បៃរឿងជើងភ្នំសំពៅ និងសួនផ្កាភ្នំសំពៅ។
|
ភ្ញៀវទេសចរក៏អាចទៅទិញ និងដើរបេះផ្លែឈើនៅតំបន់កសិ-ទេសចរណ៍ ក្នុងខេត្តបាត់ដំបងផងដែរ។ តំបន់កសិ-ទេសចរណ៍ទាំងនោះ មានដូចជា កសិ-ទេសចរណ៍ចម្ការទំពាំងបាយជូ, កសិ-ទេសចរណ៍ភូមិវត្តគរ កសិ-ទេសចរណ៍ស្រុកសំឡូត និងចម្ការក្រូចភូមិភូមិអូរខ្ជាយ។
ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តបាត់ដំបងបាន បង្កលក្ខណៈឱ្យមានការរៀបចំព្រឹត្តិការណ៍ សំខាន់ៗដូចជា ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ, ពិធីបុណ្យឆ្លងឆ្នាំសកល, ពិព៌រណ៍ម្ហូបអាហារអ្នកស្រុកបាត់ដំបង, ពិព័រណ៍ពាណិជ្ជកម្ម , ព្រឹត្តិការណ៍ជិះកង់ , និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត។ សហគមន៍ទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់រៀបចំ ដោយដាក់បញ្ចូលនូវសកម្មភាពទេសចរណ៍ទៅក្នុងសហគមន៍នានាដែលមានស្រាប់ ដែលជម្រុញភាព សម្បូរបែបនៃផលិតផលទេសចរណ៍ជួយផ្ដល់ផលប្រយោជន៍ជូនប្រជាជនក្នុង សហគមន៍ ការធ្វើដំណើរ ទស្សនាកំសាន្ដតាមផ្លូវទឹក ទស្សនាតាមភូមិអ្នកនេសាទ តំបន់នេសាទ ដែលមានទេសភាពដ៏ស្រស់ត្រកាលនៃដងស្ទឹងសង្កែ ផ្ដល់ជំរើសថ្មីដល់ទេសចរណ៍ថែមទៀត ។
សូមជម្រាបដែរថា មន្ទីរទេសចរណ៍បាត់ដំបង កំពុងរៀបចំ និងពិនិត្យការអនុវត្តវិធានសុវត្ថិភាពតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់ដើម្បីត្រៀមបើកទទួលទេសចរវិញនៅថ្ងៃទី ១៤កញ្ញា ខាងមុខនេះ៕
thmey thmey, pdibattambang.info




មតិពីមិត្តអ្នកអាន