យុគសម័យ - តាមរយៈការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលក្នុងការអភិរក្សបេតិកភណ្ឌ ការផ្សព្វផ្សាយផលិតផល និងការតភ្ជាប់ទេសចរណ៍ ខេត្ត Dak Lak កំពុងបង្កើតឱ្យមានជំហានផ្លាស់ប្តូរជាបណ្តើរៗនូវវិធីសាស្រ្តឈានទៅរកវប្បធម៌។ តាមរយៈប្រព័ន្ធឌីជីថល លំហវប្បធម៌ប្រពៃណីត្រូវបានពង្រីកឱ្យកាន់តែខិតជិតដល់មហាជន ដែលរួមចំណែកក្នុងការផ្លាស់ប្តូរថ្មីនូវការផ្សព្វផ្សាយ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។
| ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak ខេត្ត Dak Lak ពង្រឹងការឃោសនាប្រឆាំងនឹងការនេសាទខុសច្បាប់ |
ក្នុងខែមករាកន្លងទៅ គណៈកម្មាធិការប្រជាជនសង្កាត់ Ea Kao ខេត្ត Dak Lak បានរៀបចំកម្មវិធីផ្សាយផ្ទាល់ ក្រោមប្រធានបទ “ភូមិ Tong Ju, Ea Kao សូមជម្រាបសួរ” ដោយផ្សាយផ្ទាល់លើបណ្តាញសង្គមនានាដូចជា Facebook, Zalo OA និង TikTok។ ក្នុងរយៈពេលជាងមួយម៉ោង ទេសភាពធម្មជាតិ លំហរស់នៅបែបវប្បធម៌ និងជីវភាពពលកម្មផលិតកម្មរបស់បងប្អូនជនជាតិ Ede ត្រូវបានណែនាំដោយផ្ទាល់ជូនដល់ទស្សនិកជនយ៉ាងច្រើនកុះករ។
នៅក្នុងកម្មវិធីនេះ ផលិតផលសំពត់ហូល ប្រពៃណីដែលត្បាញដោយដៃរបស់ជនជាតិ Ede ត្រូវបានផ្សព្វផ្សាយ ចាប់តាំងពីសម្លៀកបំពាក់បុរស ស្រ្តី កុមារ អាវបំពង់ សម្លៀកបំពាក់រាត្រីសមោសោ រហូតដល់ក្រវាត់ក កន្សែងក្រាលតុ និងម៉ូដច្នៃថ្មីៗ។ ផលិតផលនីមួយៗសុទ្ធតែត្រូវបានណែនាំយ៉ាងលម្អិតអំពីក្បូរក្បាច់រចនា វត្ថុធាតុដើម ដំណើរការផលិត និងអត្ថន័យវប្បធម៌ដែលផ្សារភ្ជាប់នឹងជីវភាពសហគមន៍។
![]() |
| អត្តសញ្ញាណវប្បធម៌ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធឌីជីថល |
យោងតាមលោក Tran Cong Huu អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Ea Kao វិធីសាស្ត្រនេះមិនត្រឹមតែសំដៅធ្វើឱ្យមានលក្ខណៈជាក់ស្តែងនូវសេចក្តីសម្រេចចិត្តលេខ ៥៧ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានការផ្លាស់ប្តូរក្នុងការគិតគូរអំពីការផ្សព្វផ្សាយ និងការលក់ផលិតផលក្នុងស្រុកផងដែរ។ លោកបានចែករំលែកថា៖ «កម្មវិធី Livestream នេះ មានលក្ខណៈជាការតម្រង់ទិសដល់សហករណ៍ត្បាញសំពត់ហូល Tong Bong និយាយដោយឡែក និងបណ្តាសហគ្រាសក្នុងសង្កាត់និយាយរួម ឱ្យអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ។ កម្មវិធីនេះមិនត្រឹមតែណែនាំអំពីតម្លៃប្រពៃណី លំហរស់នៅ និងពលកម្មផលិតកម្មរបស់ជនជាតិ Ede ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជំរុញការលក់ផលិតផលក្នុងស្រុក ផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចទៅនឹងការអភិរក្សអត្តសញ្ញាណវប្បធម៌។ តាមរយៈទម្រង់ Livestream នេះ យើងមានបំណងចង់នាំមកនូវបទពិសោធន៍ដ៏ជិតស្និទ្ធ រស់រវើក និងពោរពេញដោយអារម្មណ៍»។
ទន្ទឹមនឹងផលិតផលសិប្បកម្ម កម្មវិធី Livestream ក៏បានណែនាំអំពីម្ហូបអាហារប្រពៃណី និងម៉ូដែលទេសចរណ៍សហគមន៍នៅភូមិ Tong Ju ផងដែរ។ ជាមួយម៉ូដែលនេះ ភ្ញៀវទេសចរអាចទស្សនាលំហភូមិស្រុក ស្វែងយល់អំពីរបរប្រពៃណី ភ្លក់រសជាតិម្ហូបអាហារ និងទទួលបានបទពិសោធន៍រស់នៅជាមួយប្រជាជនក្នុងតំបន់។
លោកស្រី H Yam B.Krong ប្រធានក្រុមទេសចរណ៍សហគមន៍ភូមិ Tong Ju សង្កាត់ Ea Kao ខេត្ត Dak Lak បានឱ្យដឹងថា ម៉ូដែលទេសចរណ៍សហគមន៍បានបើកផ្លូវថ្មីសម្រាប់ប្រជាជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចផង និងអភិរក្សវប្បធម៌ផង។ លោកស្រីបានបន្តថា៖ «ការចូលរួមក្នុងវិស័យទេសចរណ៍ បងប្អូនអាចធ្វើការងារបានច្រើនយ៉ាង ឧទាហរណ៍ដូចជា ការដាំបន្លែ ចិញ្ចឹមសត្វ ដាំដុះ ហើយផលិតផលដែលបងប្អូនធ្វើបាន គឺត្រូវបានលក់នៅកន្លែងដែលខ្លួនរស់នៅតែម្តង នេះគឺជារឿងគួរឱ្យត្រេកអរណាស់។ ហេតុដូច្នេះ នៅពេលទេសចរណ៍រីកចម្រើនក្នុងសង្កាត់ Ea Kao ខ្លួននាងខ្ញុំផ្ទាល់ក៏ដូចជាបងប្អូនទាំងអស់គ្នា មានភាពសប្បាយរីករាយណាស់ ដើម្បីមានទិសដៅកែលម្អជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង រួមជាមួយការរក្សាវប្បធម៌ក្នុងតំបន់ផងដែរ»។
កម្មវិធី Livestream នៅសង្កាត់ Ea Kao បានបង្ហាញយ៉ាងច្បាស់នូវការរួមដំណើររបស់អាជ្ញាធរមូលដ្ឋានជាមួយប្រជាជនក្នុងដំណើរការបំប្លែងឌីជីថល ផ្សារភ្ជាប់ការអភិរក្សវប្បធម៌ទៅនឹងការផ្សព្វផ្សាយ និងអភិវឌ្ឍទេសចរណ៍។ នេះគឺជាម៉ូដែលជាក់ស្តែងមួយក្នុងចំណោមម៉ូដែលនានាដែលកំពុងត្រូវបានដាក់ឱ្យអនុវត្តនៅខេត្ត Dak Lak។
ទន្ទឹមនឹងម៉ូដែលនៅថ្នាក់មូលដ្ឋាន ការបំប្លែងឌីជីថលក្នុងវិស័យវប្បធម៌កំពុងត្រូវបានខេត្ត Dak Lak អនុវត្តយ៉ាងព្រមៗគ្នានៅទូទាំងវិស័យ។ នៅសារមន្ទីរ Dak Lak ការងារធ្វើឌីជីថលូបនីយកម្មបេតិកភណ្ឌត្រូវបានអនុវត្តអស់រយៈពេលច្រើនឆ្នាំមកហើយ ដោយមានការប្រើប្រាស់បច្ចេកវិទ្យា 3D, AR, VR ក្នុងការដាក់តាំងបង្ហាញ និងការធ្វើបទបង្ហាញណែនាំជូនភ្ញៀវទស្សនា។
![]() |
| អាជ្ញាធររួមដំណើរជាមួយប្រជាជនក្នុងដំណើរការបំប្លែងឌីជីថល និងផ្សព្វផ្សាយតម្លៃវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ |
លោក Tran Quang Nam អនុប្រធានសារមន្ទីរ Dak Lak បានឱ្យដឹងថា ការអនុវត្តបច្ចេកវិទ្យាឌីជីថលបានបញ្ចេញប្រសិទ្ធភាពយ៉ាងខ្លាំង ក្នុងការងារប្រមូលផ្ដុំ ចាត់ថ្នាក់ និងជ្រើសរើសវត្ថុតាង ព្រមទាំងឯកសារសម្រាប់បម្រើឱ្យបណ្តាប្រធានបទតាំងពិព័រណ៍។ ទន្ទឹមនឹងនោះ វាក៏រួមចំណែកលើកកម្ពស់គុណភាពសេវាកម្មធ្វើបទបង្ហាញ ក៏ដូចជារូបភាព និងតម្លៃរបស់សារមន្ទីរ Dak Lak ចំពោះភ្ញៀវទស្សនាក្នុងបរិបទនៃបកំប្លែងឌីជីថលនាពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា៖ «សារមន្ទីរបានធ្វើឌីជីថលូបនីយកម្មវត្ថុតាង ធ្វើឌីជីថលូបនីយកម្មរាល់ពិធីការ ទំនៀមទម្លាប់ និងពិធីបុណ្យប្រពៃណីរបស់បណ្តាជនជាតិនៅក្នុងខេត្ត។ យើងបានប្រើប្រាស់បច្ចេកវិទ្យា AR និង VR ដើម្បីឱ្យមានការប្រាស្រ័យទាក់ទង និងបទពិសោធន៍រវាងភ្ញៀវទេសចរ ជាមួយនឹងបណ្តាតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ខេត្ត Dak Lak»។
រហូតមកដល់ពេលនេះ មូលដ្ឋានទិន្នន័យឌីជីថលសម្រាប់បម្រើឱ្យការធ្វើបទបង្ហាញស្វ័យប្រវត្តិ ត្រូវបានកសាងឡើងនៅតាមកន្លែងបេតិកភណ្ឌប្រវត្តិសាស្ត្រថ្នាក់ជាតិចំនួន ៣ ក្នុងខេត្ត Dak Lak រួមមាន៖ មន្ទីរឃុំឃាំង Buon Ma Thuot, ដំណាក់ស្តេច Bao Dai និងវិហារ Lac Giao។ រាល់ទិន្នន័យអំពីប្រវត្តិនៃបេតិកភណ្ឌ រូបភាព ផែនទី ឯកសារ វីដេអូ និងពិធីការប្រពៃណី សុទ្ធតែត្រូវបានធ្វើឌីជីថលូបនីយកម្ម ដែលបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍផលិតផលទេសចរណ៍ឱ្យមានជម្រៅស៊ីជម្រៅ។ បច្ចេកវិទ្យាព័ត៌មានក៏ត្រូវបានប្រើប្រាស់ជាឧបករណ៍ចម្បង ក្នុងការផ្សព្វផ្សាយវប្បធម៌ផ្សារភ្ជាប់នឹងទេសចរណ៍ផងដែរ។ ខ្លឹមសារផ្សព្វផ្សាយត្រូវបានធ្វើឱ្យមានភាពសម្បូរបែបនៅលើបណ្តាប្រព័ន្ធឌីជីថល ដែលជួយពង្រីកលទ្ធភាពឈានទៅរកព័ត៌មានរបស់មហាជន។
![]() |
| នាពេលបច្ចុប្បន្ននៅខេត្ត Dak Lak វិស័យវប្បធម៌កំពុងខិតខំជំរុញការបំប្លែងឌីជីថលឱ្យបានព្រមៗគ្នា និងស៊ីចង្វាក់គ្នានៅទូទាំងវិស័យ |
យោងតាមលោក Tran Hong Tien នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dak Lak ការបំប្លែងឌីជីថលជំហានដំបូងបានបង្កើតឱ្យមានការផ្លាស់ប្តូរនៅក្នុងទូទាំងវិស័យ។ លោកបានមានប្រសាសន៍ថា៖ «ជំហានដំបូង ការងារបំប្លែងឌីជីថលរបស់វិស័យមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ យើងបានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនស្តីពីការអនុវត្តបច្ចេកវិទ្យាសម្រាប់កម្មាភិបាល មន្ត្រី រាជការក្នុងទូទាំងវិស័យ ក៏ដូចជាសម្រាប់កម្មាភិបាលនៃផ្នែកវប្បធម៌-សង្គមនៅតាមបណ្តាឃុំ សង្កាត់។ យើងក៏បានសហការជាមួយបណ្តាសហគ្រាសបច្ចេកវិទ្យា ដើម្បីកសាងផែនការ និងដាក់ឱ្យអនុវត្តខ្លឹមសារមួយចំនួនដែលពាក់ព័ន្ធនឹងការងារបំប្លែងឌីជីថលរបស់វិស័យ ដូចជាការអនុវត្តការបំប្លែងឌីជីថលក្នុងវិស័យបេតិកភណ្ឌ ទេសចរណ៍ កីឡា ក៏ដូចជាក្នុងបណ្តាសកម្មភាពវប្បធម៌»។
ការបំប្លែងឌីជីថលកំពុងបង្កើតនូវលំហបន្ថែមទៀត ដើម្បីឱ្យវប្បធម៌មានវត្តមានកាន់តែច្បាស់ក្រឡែតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅខេត្ត Dak Lak។ តាមរយៈនោះ រួមចំណែកផ្សព្វផ្សាយតម្លៃវប្បធម៌ ពង្រីកកាលានុវត្តភាពអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត សម្រាប់ប្រជាជន និងកំណត់ទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ទេសចរណ៍ក្នុងតំបន់ ក្នុងដំណាក់កាលថ្មី៕
នាពេលថ្មីនេះ គណៈប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak ប្រទេសវៀតណាមក្នុងឱកាសរៀបចំទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ |
ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ខែធ្នូ អង្គភាពនានាក្នុងខេត្ត Dak Lak បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៩) និង ៣៥ឆ្នាំ ... |



មតិពីមិត្តអ្នកអាន