យុគសម័យ - នាព្រឹកថ្ងៃទី ៣ ខែឧសភា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae បានអញ្ជើញចាកចេញពីទីក្រុងហាណូយ បញ្ចប់ទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែឧសភា ប្រកបដោយជោគជ័យ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Le Minh Hung។
![]() |
| នាយករដ្ឋមន្ត្រី លោក Le Minh Hung និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae។ |
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធនៅវិមានតម្កល់សពប្រធាន Ho Chi Minh; ដាក់កម្រងផ្កានៅស្តូបរំលឹកវិញ្ញាណក្ខន្ធបណ្តាវីរៈបុរស និងយុទ្ធជនពលី នៅវិថី Bac Son ទីក្រុងហាណូយ។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam បានទទួលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីជប៉ុន។ នាយករដ្ឋមន្ត្រី លោក Le Minh Hung បានរៀបចំពិធីទទួល បើកកិច្ចពិភាក្សា និងរួមជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ដើម្បីជម្រាបជូនអំពីលទ្ធផលនៃកិច្ចពិភាក្សា។
ក្នុងឱកាសនេះ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី លោក Le Minh Hung និងនាយករដ្ឋមន្ត្រី លោកស្រី Takaichi Sanae បណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរ បានផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន ៦ ច្បាប់។
នាយករដ្ឋមន្ត្រី លោក Le Minh Hung បានធ្វើជាម្ចាស់ផ្ទះរៀបចំពិធីជប់លៀងជាមហាកិត្តិយសជូនចំពោះនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae។ ប្រធានរដ្ឋសភា លោក Tran Thanh Man ក៏បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae ផងដែរ។
នៅក្នុងជំនួបសម្តែងការគួរសម កិច្ចពិភាក្សា និងជំនួបការងារនានា ថ្នាក់ដឹកនាំវៀតណាមបានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រី Takaichi Sanae ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន ដែលប្រព្រឹត្តទៅក្នុងខណៈពេលដ៏សំខាន់ និងមានអត្ថន័យ នៅពេលដែលប្រទេសទាំងពីរមានថ្នាក់ដឹកនាំថ្មី និងកំពុងខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរៀងៗខ្លួន។
ដោយសម្តែងនូវក្តីរីករាយចំពោះសន្ទុះនៃការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងវៀតណាម-ជប៉ុន ក្រោយរយៈពេលជាង ២ ឆ្នាំនៃការតម្លើងកម្រិតទៅជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ថ្នាក់ដឹកនាំវៀតណាមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង និងគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរ ជាមួយនឹងទំនុកចិត្តនយោបាយខ្ពស់ ការសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាព និងការបង្កើតនូវយន្តការផ្លាស់ប្តូរយោបល់ និងសន្ទនាជាច្រើនលើវិស័យសេដ្ឋកិច្ច ការទូត សន្តិសុខ ការពារជាតិ ព្រមទាំងបង្កើនការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធនធានមនុស្ស និងកំពុងពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់វិស័យថ្មីៗដូចជា ការបំប្លែងឌីជីថល ការបំប្លែងបៃតង វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។
![]() |
| នាយករដ្ឋមន្ត្រី លោក Le Minh Hung និងនាយករដ្ឋមន្ត្រី លោកស្រី Takaichi Sanae អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការរីកចម្រើនកាបូនទាប រវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលជប៉ុន ដើម្បីអនុវត្តយន្តការឥណទានរួម (JCM)។ |
ដោយថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្តល់ជូនគណៈប្រតិភូនូវមនោសញ្ចេតនាយ៉ាងកក់ក្តៅ និងការទទួលបដិសណ្ឋារកិច្ចយ៉ាងសមរម្យ និងស្និទ្ធស្នាលបំផុតនោះ នាយករដ្ឋមន្ត្រី លោកស្រី Takaichi Sanae បានបញ្ជាក់ពីការគាំទ្រចំពោះបុព្វហេតុកែទម្រង់ ក៏ដូចជាការខិតខំប្រឹងប្រែងម្ចាស់ការលើសេដ្ឋកិច្ចរបស់វៀតណាម ព្រមទាំងជឿជាក់ថា វៀតណាមនឹងសម្រេចបាននូវសមិទ្ធផលកាន់តែច្រើនថែមទៀតនាពេលខាងមុខ។
ដោយសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃទំនាក់ទំនងទ្វេភាគីវៀតណាម-ជប៉ុន លោកស្រីនាយករដ្ឋមន្ត្រី Takaichi Sanae បានបញ្ជាក់ថា ជប៉ុនមានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអនុវត្ត ចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP); ជប៉ុនគាំទ្រ និងនឹងបន្តរួមដំណើរ ជួយឧបត្ថម្ភវៀតណាមក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ក្នុងសករាជថ្មី រួមចំណែកដល់ការអភិវឌ្ឍន៍រីកចម្រើននៃតំបន់; សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីនាំទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន ឈានឡើងដល់កម្រិតកម្ពស់ថ្មី។
នាយករដ្ឋមន្ត្រីជប៉ុន ក៏បានសម្តែងនូវបំណងចង់សហការជាមួយវៀតណាម សំដៅបង្កើនភាពម្ចាស់ការ និងសមត្ថភាពប្រឆាំងនឹងហានិភ័យនៃសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ដែលជាសសរស្តម្ភចម្បងនៃទំនាក់ទំនង តាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ និង ODA រួមចំណែកធានាឱ្យបានរឹងមាំនូវសន្តិសុខសេដ្ឋកិច្ច សន្តិសុខថាមពល និងកសិកម្មប្រកបដោយចីរភាព; ឯកភាពលើបណ្តាវិធានការនានា ដើម្បីនាំឱ្យការវិនិយោគរបស់ជប៉ុននៅវៀតណាមសម្រេចបានដល់ ៥ ពាន់លានដុល្លារ/ឆ្នាំ ក្នុងពេលឆាប់ៗ និងទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានដល់ ៦០ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ និងឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធនៅតាមវេទិកាតំបន់ និងអន្តរជាតិ ដូចជា អង្គការសហប្រជាជាតិ អាស៊ាន អនុតំបន់មេគង្គ... ក្នុងបរិបទដែលស្ថានភាពអន្តរជាតិមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ដែលកំពុងបង្កផលប៉ះពាល់អវិជ្ជមានដល់សន្តិសុខសេដ្ឋកិច្ច និងសន្តិសុខថាមពលសកល រួមចំណែកយ៉ាងជាក់ស្តែងក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៃតំបន់ និងនៅលើពិភពលោក។
![]() |
| នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae ថ្លែងសុន្ទរកថាគោលនយោបាយ នៅសាកលវិទ្យាល័យជាតិហាណូយ។ |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae បានអញ្ជើញទៅទស្សនា និងមានសុន្ទរកថាគោលនយោបាយដ៏សំខាន់ នៅសាកលវិទ្យាល័យជាតិហាណូយ។
នៅទីនោះ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន បានផ្ញើសារយ៉ាងខ្លាំងក្លាអំពីអនាគតនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន ព្រមទាំងប្រកាសនូវការធ្វើបច្ចុប្បន្នភាពសំខាន់ៗនៅក្នុងគំនិតផ្តួចផ្តើម “ចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)” របស់ជប៉ុន។
នាឱកាសនេះដែរ នាយប់ថ្ងៃទី ២ ខែឧសភា នៅទីក្រុងហាណូយ រដ្ឋាភិបាលនៃប្រទេសទាំងពីរ វៀតណាម និងជប៉ុន បានរៀបចំយ៉ាងឱឡារិកនូវ ពិធីប្រគល់គ្រឿងឥស្សរិយយស "ផ្កាឈូករ័ត្នរះ" ថ្នាក់ខ្ពស់បំផុត របស់ជប៉ុន ជូនចំពោះអតីតអគ្គលេខាបក្ស លោក Nong Duc Manh និងអតីតនាយករដ្ឋមន្ត្រី លោក Nguyen Tan Dung។
អញ្ជើញចូលរួមក្នុងពិធីនេះ មាននាយករដ្ឋមន្ត្រី លោក Le Minh Hung និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមជាលើកដំបូងរបស់នាយករដ្ឋមន្ត្រី លោកស្រី Takaichi Sanae បានបញ្ចប់ទៅប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ដែលជាសញ្ញាដៅដ៏សំខាន់ បង្កើតនូវកម្លាំងចលករថ្មី និងបើកចេញនូវកាលានុវត្តភាពកិច្ចសហប្រតិបត្តិការថ្មីៗជាច្រើនរវាងប្រទេសទាំងពីរ៕
យុគសម័យ - ក្នុងក្របខ័ណ្ឌនៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី ១១ នៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT RevCon 11) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែមេសា ដល់ថ្ងៃទី ២៥ ខែឧសភា នៅទីស្នាក់ការបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) អគ្គរដ្ឋទូត លោក Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងជាប្រធានដែលត្រូវបានចាត់តាំងនៃសន្និសីទ បានទទួលជួបប្រធានគណបក្សកុម្មុយនីស្តជប៉ុន ... |
យុគសម័យ - ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi មានអត្ថន័យយុទ្ធសាស្ត្រយ៉ាងសំខាន់ ចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក្នុងបរិបទនៃការប្រែប្រួលសកល។ |



មតិពីមិត្តអ្នកអាន