នាថ្ងៃទី ១៧ ខែកុម្ភៈ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមសម័យប្រជុំកំពូលតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខក្រោមប្រធានបទ “ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៖ ការអនុវត្តសេចក្តីសម្រេចលេខ ២៥៣២ ដើម្បីធានាការទទួលបានវ៉ាក់សាំង Covid-19 ប្រកបដោយសមភាពក្នុងបរិបទនៃការជម្លោះ និងបញ្ហាអសន្តិសុខ”។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh (រូបថត៖ baoquocte.vn)
ថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តយុទ្ធសាស្រ្តឆ្លើយតបទៅនឹងជំងឺរាតត្បាត និងការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព។
លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា គប្បីចាត់ទុកវ៉ាក់សាំងជាទ្រព្យសម្បត្តិរួមរបស់សហគមន៍អន្តរជាតិ ហើយធានាការទទួលបានវ៉ាក់សាំងក្នុងតម្លៃសមរម្យសម្រាប់ប្រទេសទាំងអស់ និងផ្តល់អាទិភាពដល់ប្រជាជនដែលមានហានិភ័យខ្ពស់នៃការឆ្លង និងអ្នកនៅជួរមុខប្រឆាំងនឹងការរីករាលដាល។ លោកអំពាវនាវឲ្យបណ្តាប្រទេសបង្កើនការចូលរួមចំណែករបស់ខ្លួននៅក្នុងយន្តការ COVAX ដើម្បីចែកចាយវ៉ាក់សាំងយ៉ាងទូលំទូលាយដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រជាជននៅក្នុងតំបន់ជម្លោះ។ ទន្ទឹមនឹងនេះការធានាឱ្យមានបរិយាកាសសន្តិភាព ស្ថិរភាព និងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគឺជាកត្តាសំខាន់សម្រាប់ការចែកចាយវ៉ាក់សាំង។
លោកឧបនាយករដ្ឋមន្រ្តីបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខពង្រឹងការអនុវត្តសេចក្តីសម្រេចលេខ ២៥៣២ ជាពិសេសអំពាវនាវឱ្យមានបទឈប់បាញ់ជាសកលដោយចាត់ទុកបញ្ហាទាំងនេះជាលក្ខខណ្ឌត្រូវមានជាដំបូងបង្អស់សម្រាប់អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធក្នុងការចែកចាយវ៉ាក់សាំងលើស្ថានភាពជាក់ស្តែងក្នុងគោលបំណងមនុស្សធម៌។
សហគមន៍អន្តរជាតិចាំបាច់ត្រូវដោះស្រាយឬសគល់នៃមូលហេតុដែលនាំមកនូវជម្លោះ អស្ថិរភាព វិសមភាព និងអយុត្តិធម៌ ព្រមទាំងចូលរួមក្នុងកិច្ចប្រឹងប្រែងពហុភាគីជាសកលដែលដឹកនាំដោយអង្គការសហប្រជាជាតិដើម្បីកសាងប្រព័ន្ធសុខាភិបាលរឹងមាំ ជម្រុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចសាកលលោក ក្រោយការរាតត្បាត។
លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី Pham Binh Minh បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិគួរតែបន្តសាមគ្គីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីនៅទូទាំងពិភពលោក និងក្នុងតំបន់ ដើម្បីសម្របសម្រួលប្រកបដោយប្រសិទ្ធភាពនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នាស្តីពីការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត។
លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាក្នុងនាមជាសមាជិកសកម្មរបស់អាស៊ាន និងអង្គការសហប្រជាជាតិ វៀតណាមប្តេជ្ញាបន្តរួមវិភាគទានឱ្យអស់ពីសមត្ថភាពដល់កិច្ចប្រឹងប្រែងរួម ដោយរួមជាមួយប្រទេសទាំងអស់ជំនះជំងឺរាតត្បាតសកល៕
(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន